អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ៖ កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-ជប៉ុន-អាម៉េរិសំខាន់បំផុតទល់នឹងការគំរាមរបស់ព្យុងយ៉ាង
30, Jun 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល, ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នាជំនួបនៅអេស្ប៉ាញ។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល, ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នាជំនួបនៅអេស្ប៉ាញ។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង​ យូន សុកយ៉ល នៅថ្ងៃទី៣០ ខែមិថុនា បានលើកឡើងថា កិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន គឺមានភាពចាំបាច់បំផុតក្នុងការប្រឈមមុខនឹងការគំរាម ដែលបង្កដោយកូរ៉េខាងជើង។ លោកនិយាយបែបនេះក្នុងកិច្ចប្រជុំត្រីភាគីដែលធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងចោទអាម៉េរិកថា ចង់បង្កើតសម្ព័ន្ធយោធាដូចអង្គការណាតូ នៅតំបន់អាស៊ី។



 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន, ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីជប៉ុន លោក  គីស៊ីដា ហ្វូមីអូ បានជួបជុំគ្នាក្នុងកិច្ចប្រជុំត្រីភាគីមួយ ដែលរៀបចំនៅក្រុងម៉ាឌ្រីដ អេស្ប៉ាញ នៅក្រៅកិច្ចប្រជុំអង្គការណាតូ។ ក្នុងកិច្ចប្រជុំត្រីភាគី ដែលរៀបចំលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មេដឹកនាំប្រទេសទាំង៣ បានលើកឡើងពីការបាញ់មីស៊ីល និងលទ្ធភាពសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។  
 
ក្នុងពេលចាប់ផ្តើមនៃកិច្ចប្រជុំ លោក យូន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងពីសារសំខាន់របស់សម្ព័ន្ធភាពត្រីភាគី ក្នុងពេលក្រុងព្យុងយ៉ាង បង្កការគំរាមនៅក្នុងតំបន់តាមរយៈការបាញ់មីស៊ីលជាច្រើនលើក។ 
 
«ជាមួយការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលកាន់តែខ្លាំងឡើង...ភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក កាន់តែត្រូវការ»។ មេដឹកនាំកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្រុងសេអ៊ូល កំពុងស្វែងរកកិច្ចសហប្រតិបត្តិត្រីភាគីជាមួយក្រុងវ៉ាស៊ីនតោន និងតូក្យូ ដើម្បីចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ 
 
ចំណែកលោកបៃឌិន បានអះអាងថា កិច្ចសហប្រតិបត្តិការត្រីភាគី គឺសំខាន់ណាស់ ក្នុងការសម្រេចគោលដៅរួមគ្នា រួមទាំងចូលរួមលុបបំបាត់កម្មវិធីនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង។ នៅចំពោះមុខមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង លោកបៃឌិន បានបង្ហាញពីក្តីបារម្ភជុំវិញ កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរជាថ្មីផងដែរ។ 
 
ដោយឡែក នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា វិញ បានជំរុញឱ្យអភិវឌ្ឍសមត្ថភាពការពារនៃសម្ព័ន្ធភាពក្រុងវ៉ាស៊ីនតោន-តូក្យូ និងសម្ព័ន្ធភាពវ៉ាស៊ីនតោន-សេអ៊ូល នៅចំពោះមុខក្រុងព្យុងយ៉ាង។ 
 
ជំនួបនេះ ធ្វើឡើងស្របពេលកូរ៉េខាងត្បូង និងជប៉ុន មានភាពតានតឹងជាមួយគ្នា ជុំវិញបញ្ហាប្រវត្តិសាស្រ្ត ដែលកើតមាននៅចន្លោះឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥។ 
ជំនួបត្រីភាគីខាងលើ ធ្វើឡើង៤ថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសកូរ៉េខាងជើង បានចោទអាម៉េរិកចង់បង្កើតសម្ព័ន្ធយោធាស្រដៀងនឹងអង្គការណាតូ នៅក្នុងតំបន់អាស៊ី។ ក្រុងព្យុងយ៉ាង បានរិះគន់ក្រុងវ៉ាស៊ីនតោនថា លាក់ពុត និងគ្មានការផ្លាស់ប្តូរមហិច្ឆតាផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន៕ 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com