អន្តរជាតិ
កូរ៉េខាងជើង រិះគន់កិច្ចសហប្រតិបត្តិការត្រីភាគីអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន
03, Jul 2022 , 2:00 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
កូរ៉េខាងជើង នៅថ្ងៃទី២ ខែកក្កដា បានរិះគន់យ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការត្រីភាគីអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ដែលបានធ្វើឡើងនៅក្រុងម៉ាឌ្រីដ អេស្ប៉ាញ។ បើតាមក្រុងព្យុងយ៉ាង កិច្ចសហប្រតិបត្តិការត្រីភាគីមួយនេះ បានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី៣ ខែកក្កដា។


ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន, ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីជប៉ុន លោក  គីស៊ីដា ហ្វូមីអូ បានជួបជុំគ្នាក្នុងកិច្ចប្រជុំត្រីភាគីមួយ ដែលរៀបចំនៅក្រុងម៉ាឌ្រីដ អេស្ប៉ាញ នៅក្រៅកិច្ចប្រជុំអង្គការណាតូ។ ក្នុងកិច្ចប្រជុំត្រីភាគី ដែលរៀបចំលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មេដឹកនាំប្រទេសទាំង៣ បានថ្លែងពីការព្រួយបារម្ភ និងចង់មានកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីល រួមទាំងលទ្ធភាពសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។  
 
បន្ទាប់ពីកិច្ចប្រជុំខាងលើរយៈពេល ២ថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលមិនបានបញ្ចេញឈ្មោះ បានថ្កោលទោសយ៉ាងខ្លាំង ដោយអះអាងជាថ្មីថា អាម៉េរិក មានចេតនាចង់បង្កើតសម្ព័ន្ធយោធា ដូចអង្គការណាតូ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ 
 
«កិច្ចប្រជុំណាតូ បានបង្ហាញថាអាម៉េរិកស្វែងរកគម្រោងទប់ចិន និងរុស្ស៊ីក្នុងពេលតែមួយ តាមរយៈការធ្វើយោធូបនីយកម្មនៅអឺរ៉ុប និងបង្កើតសម្ព័ន្ធយោធា ស្រដៀងអង្គការណាតូនៅអាស៊ី-ប៉ាស៊ីហ្វិក និងរក្សាសម្ព័ន្ធយោធាត្រីភាគី ដើម្បីធ្វើឱ្យគម្រោងលេចជារូបរាងឡើង»។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់បែបនេះ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA មន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងរូបនេះ បានបន្ថែមថា ដោយសារការធ្វេសប្រហែសរបស់សកម្មភាពយោធាអាម៉េរិកបែបនេះ សន្តិភាព និងសន្តិសុខពិភពលោក បានស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ បន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់ ខណៈសង្រ្គាមនុយក្លេអ៊ែរ អាចផ្ទុះឡើងនៅតំបន់អឺរ៉ុប និងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងពេលដំណាលគ្នា។
 
បើតាមអ្នកនាំពាក្យរូបនេះ ក្រុងព្យុងយ៉ាងនឹងការពារផលប្រយោជន៍ រួមទាំងអធិបតេយ្យរបស់ប្រទេសឱ្យបានខ្លាំងបំផុត ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។ 
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើក រួមទាំងមីស៊ីលបាលីស្ទិកអន្តរទ្វីបផង។ ទន្ទឹមនេះ អាម៉េរិក និងសម្ព័ន្ធមិត្ត បានបង្ហាញក្តីបារម្ភថា ក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែរជាថ្មី បើគិតចាប់តាំងពីឆ្នាំ២០១៧៕ 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com