អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី៖ វៀតណាម ជាដៃគូដ៏សំខាន់របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ាន
06, Jul 2022 , 9:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ចាប់ដៃសមភាគីវៀតណាម បួយ ថាញ់សឺន។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ចាប់ដៃសមភាគីវៀតណាម បួយ ថាញ់សឺន។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី៦ ខែកក្កដា បានប្រាប់សមភាគីវៀតណាម លោក បួយ ថាញ់សឺន យ៉ាងច្បាស់ថា វៀតណាម ជាដៃគូដ៏សំខាន់មួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ាន ដោយទំនាក់ទំនងប្រទេសទាំងពីរ ផ្អែកលើប្រវត្តិសាស្រ្ត និងការប្រយុទ្ធ ដើម្បីភាពត្រឹមត្រូវ។



 
មុនចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅកោះបាលី ឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានធ្វើទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា។ ក្នុងជំនួបជាមួយសមភាគីវៀតណាម លោក បួយ ថាញ់សឺន នៅថ្ងៃទី៦ ខែកក្កដា លោក ឡាវរ៉ូវ បានអះអាងថា ក្រុងហាណូយ ជាដៃគូដ៏សំខាន់មួយរបស់ក្រុងមូស្គូ។ 
 
«វៀតណាមជាដៃគូដ៏សំខាន់របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ាន ហើយទំនាក់ទំនងរបស់ប្រទេសទាំងពីរ គឺផ្អែកលើប្រវត្តិសាស្រ្ត និងការប្រយុទ្ធដើម្បីភាពត្រឹមត្រូវ»។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់បែបនេះ។
 
ដោយមានទំនាក់ទំនងល្អចាប់តាំងសម័យសហភាពសូវៀតមក ក្រុងហាណូយមិនធា្លប់រិះគន់ក្រុងមូស្គូ ជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនឡើយ។ មិនតែប៉ុណ្ណោះ នាពេលកន្លងមក វៀតណាម បានបោះឆ្នោតប្រឆាំងនឹងការព្យួរសមាជិកភាពរុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សថែមទៀត។ 
 
ក្នុងអំឡុងទស្សនកិច្ចនៅវៀតណាមនេះ លោក ឡាវរ៉ូវ បានទទូចឱ្យភាគីទាំងអស់ នៅក្នុងពិភពលោក បង្កើនកិច្ចខិតខំក្នុងការការពារច្បាប់អន្តរជាតិ ស្របពេលសកលលោក កំពុងវិវដ្តទៅរកស្ថានភាពដ៏ស្មុគស្មាញ។ ការថ្លែងរបស់ប្រមុខការទូតរុស្ស៊ីបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសលោកខាងលិច បានចោទក្រុងមូស្គូថា បានបំពានច្បាប់អន្តរជាតិ បន្ទាប់ពីឈ្លានពានក្រុងកៀវ។ 
 
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ នៅក្រុងហាណូយ ធ្វើឡើងស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕ 
 

Tag:
 វៀតណាម
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com