អន្តរជាតិ
លោកវ៉ាង យី៖ ទំនាក់ទំនងចិន-ហ្វីលីពីន អាចឈានចូលយុគមាស បើសហការគ្នា
06, Jul 2022 , 5:54 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងស្តាំ) ជាមួយសមភាគីហ្វីលីពីន លោកEnrique Manalo នៅក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី៦ ខែកក្កដា។ រូបភាពយកពីក្រសួងការបរទេសហ្វីលីពីន
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងស្តាំ) ជាមួយសមភាគីហ្វីលីពីន លោកEnrique Manalo នៅក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី៦ ខែកក្កដា។ រូបភាពយកពីក្រសួងការបរទេសហ្វីលីពីន
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៦ ខែកក្កដា បានថ្លែងទៅកាន់សមភាគីហ្វីលីពីន លោក Enrique Manalo ថា រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលក្រុងម៉ានីល ក្រោមការដឹកនាំរបស់លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនថ្មី។ បើតាមរដ្ឋមន្រ្តីការបរទេសចិន បើភាគីទាំងពីសហការជាមួយគ្នា ទំនាក់ទំនងចិន-ហ្វីលីពីន នឹងអាចឈានចូលយុគមាស។


 
បន្ទាប់ពីចេញពីថៃ លោក វ៉ាង យី បានធ្វើទស្សនកិច្ចនៅហ្វីលីពីនទៀត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកកក្កដា។ នេះជាទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បរទេសដំបូងនៅហ្វីលីពីន ចាប់តាំងពីរដ្ឋាភិបាលរបស់លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន ចូលកាន់តំណែង។ 
 
ក្នុងជំនួបជាមួយប្រមុខការទូតហ្វីលីពីន លោក Enrique Manalo នៅថ្ងៃទី៦ ខែកក្កដា លោក វ៉ាង បានអបអរចំពោះការប្តេជ្ញារបស់ប្រធានាធិបតីហ្វីលីពីន ដែលចង់ស្វែងរកគោលនយោបាយមិត្តភាពចំពោះចិន និងជាសញ្ញាវិជ្ជមានមួយទៅកាន់ពិភពលោក។ បើតាមប្រមុខការទូតរូបនេះ ចិនជាដៃគូមួយរបស់លោក Marcos Jr ដែលចង់ពង្រឹងទំនាក់ទំនងឱ្យស៊ីជម្រៅ។ 
 
«ខ្ញុំជឿជាក់ថា បើភាគីទាំងពីរធ្វើការជាមួយគ្នា យើងពិតប្រាកដណាស់ អាចបើកយុគមាសថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី»។ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយក្នុងម៉ានីល និងគ្រោងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយនេះលើគ្រប់វិស័យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Manalo វិញ បានថ្លែងថា ចិនជាមិត្តល្អ និងជិតស្និទ្ធ ចំពោះកិច្ចខិតខំស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ ហើយប្រទេសទាំងពីរ នឹងឈរជាមួយគ្នាក្នុងពេលលំបាក រួមទាំងជួយគ្នាទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីនដែលផ្តល់អោយអ្នកសារព័ត៌មាន។​
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតហ្វីលីពីន បានយល់ថា ស្ថានភាពសន្តិសុខនៅជុំវិញប្រទេសខ្លួន មានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសារតែការផ្លាស់ប្តូរបរិបទសង្គម-វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។ 
 
ទស្សនកិច្ចរបស់លោកវ៉ាងនៅហ្វីលីពីននេះ បានធ្វើឡើងស្របពេលប្រធានាធិបតីហ្វីលីពីនថ្មី លោក Marcos Jr ចង់មានទំនាក់ទំនងល្អជាមួយចិន។ លោក Marcos Jr បានអះអាង ក្នុងថ្ងៃទី៥ ខែកក្កដាថា លោក​មិន​ចង់ឱ្យទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងវិលវល់ត្រឹមតែជម្លោះសមុទ្រចិន​ខាង​ត្បូង​នោះ​ឡើយ។ កន្លងមក ទំនាក់ទំនងក្រុងប៉េកាំង និងក្រុងម៉ានីល មិនសូវល្អប៉ុន្មាននោះទេ ដោយសារភាគីទាំងពីរ តែងប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នា ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង។
 
សូមបញ្ជាក់ថា ហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Marcos Jr បានស្វែងរកការរក្សាតុល្យភាពជាមួយចិន និងទំនាក់ទំនងជាមួយអាម៉េរិក ដែលជាសម្ព័ន្ធមិត្តចាស់របស់ខ្លួន៕ 
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com