ជាតិ
បង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ប្រឈមនឹងការដួលរលំ 
×![]()
ភ្នំពេញ៖ បង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌល ប្រឈមនឹងដួលរលំ ដោយសារដីក្បែរបង្គោលបាក់ស្រុត ដោយសារទឹកអូរហូរច្រោះ។ នេះបើតាមលោក នួន សារ៉ន អភិបាលស្រុកកែវសីមា ។
អភិបាលស្រុកកែវសីមា លោក នួន សារ៉ន បានបញ្ជាក់ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម កំពុងប្រឈមនឹងការដួលរលំ ដោយសារដីនៅក្បែរបង្គោលបានបាក់ស្រុត ខណៈគម្លាតបង្គោលនឹងដី ដែលបាក់ស្រុតនៅមិនឆ្ងាយពីគ្នា។
បើតាមលោក នួន សារ៉ន ដែលបានចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់ បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា៖« ដីមាត់អូរវាដាច់ ហើយនៅសល់ប្រមាណជា ៤តឹក ដល់បង្គោល»។
អាជ្ញាធរមូលដ្ឋានមូលនឹងបន្តការតាមដានករណីនេះ។ ក្រៅពីនេះ លោកអភិបាលស្រុកកែវសីមា ក៏បានរាយការណ៍ទៅកាន់ថ្នាក់លើ ដើម្បីទទួលបានអនុសាសន៍ដែរ ដ្បិតវាជាកិច្ចការព្រំដែនរបស់ក្រសួងការបរទេស។

គម្លាតបង្គោលព្រំដែនកម្ពុជា-វៀតណាម នឹងដី ដែលបាក់ស្រុត។ រូបភាពពី៖ ហ្វេសប៊ុកផេក BTV
ជាមួយគ្នានោះ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានបញ្ជាក់ថា ប្រសិនបើបង្គោលព្រំដែនដួលរលំ នោះនឹងត្រូវរៀបចំឡើងវិញ។ ដ្បិតបង្គោលព្រំដែននេះ ជាទីតាំងព្រំដែនរវាងកម្ពុជា នឹងវៀតណាម ដូច្នេះការរៀបចំនឹងមានការចូលរួមពីសំណាក់ភាគីទាំងសងខាង។ លោកស្រីបានឱ្យដឹងថា៖«យើងអត់មានសិទ្ធិទៅធ្វើម្នាក់ឯងទេ។ បង្គោលនេះជារបស់ប្រទេសគេ(វៀតណាម) នឹងប្រទេសយើង។ បង្គោលនេះ មិនមែនអភ័យឯកសិទ្ធិតែខ្មែរទេ វៀតណាមក៏គេមានសិទ្ធិពាក់កណ្តាលម្នាក់ អ៊ីចឹងត្រូវរួមគ្នាក្នុងការធ្វើការងារនេះ»។
បើគ្មានអ្វីប្រែប្រួលទេ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីព្រំដែនទ្វេភាគី ៦ភាគរយបន្ថែមទៀត នៅក្នុងអំឡុងឆ្នាំ២០២២នេះ។

ដីអូរ ដែលបាក់ស្រុតជិតបង្គោលព្រំដែនកម្ពុជា-វៀតណាម។ រូបភាពពី៖ ហ្វេសប៊ុកផេក BTV
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានបញ្ជាក់ថា បន្ទាត់ព្រំដែនដែលភាគីទាំងពីរសម្រេចបាន៦ភាគរយបន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ ។
បើអាចសម្រេចបានបង្គោលព្រំដែន៦ភាគរយមែន កម្ពុជា និងវៀតណាម មានខ្សែបន្ទាត់ព្រំដែនជាផ្លូវការ ស្មើនឹង៩០ភាគរយ ។
Tag:
បង្គោលព្រំដែន
កម្ពុជា-វៀតណាម
ស្រុកកែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com