ជាតិ
តើហេតុអ្វីចាំបាច់មានកិច្ចពិភាក្សាជុំវិញសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី»?
12, Jul 2022 , 11:51 am        
រូបភាព
ភ្នំពេញ៖ កិច្ចពិភាក្សាជុំវិញសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី» គ្រោងនឹងធ្វើឡើងនៅ​កណ្តាលទី​ក្រុងសៀមរាប (ទីក្រុងប្រាសាទ) នៃខេត្តសៀមរាប នៅថ្ងៃទី១០ខែសីហាឆ្នាំ​២០២២ នៅមជ្ឈមណ្ឌល​កម្សាន្ត​ The Heritage Walk។ ជំនួបពិភាក្សានេះ នឹងអនុញ្ញាតឲ្យមហាជន ជាពិសេស យុវជនចូលរួមស្តាប់ និងចោទ​សំណួរ ​ទៅកាន់វាគ្មិនដោយសេរី។ លោក ហ៊ុន ម៉ានី ជាតួអង្គ, លោក លាង ដឺលុច អ្នកនិពន្ធ និងលោក ហ្សង់-ហ្រ្វង់ស័រ តាន់ ជាវាគ្មិនកិតិ្តយស នឹងចូលរួមកិច្ចពិភាក្សាខាងលើនេះ។ រីឯលោក ប៉ែន បូណា ដែលជា​ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកព័ត៌នៃទូរទស្សន៍ PPN គឺជាអ្នក​សម្រប​សម្រួល​កិច្ចពិភាក្សា។--

«កុំវិនិច្ឆ័យសៀវភៅ តាមរយៈគម្របរបស់វា»។ នេះ គឺជាទស្សនទានដ៏ទូលំទូលាយ ដែលត្រូវ​បានគេ​លើក​ឡើង និង​យកមកនិយាយតៗគ្នាជារៀងរហូត។ ដោយផ្អែកលើគំនិតនេះហើយ ទើបសារ​ព័ត៌មានឌីជីថល Thmeythmey.com សម្រេចចិត្តរៀបចំកិច្ចពិភាក្សា ដ៏កម្រមួយនេះ​ឡើង។

តាមទម្លាប់ នៅកម្ពុជា ក្រោយការសរសេរ និងបោះពុម្ពសៀវភៅ គេកម្រឃើញអ្នកនិពន្ធ និងតួអង្គ​ជជែកគ្នា​ជាសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មានណាស់។ កិច្ចពិភាក្សាជុំវិញ​សៀវភៅ«ក្តី​សង្ឃឹម ហ៊ុន ម៉ានី» គឺជាវេទិកាជជែកដេញដោល​ជាសាធារណៈមួយ ជាមួយមហាជន និងជាមួយ​អ្នកសារ​ព័ត៌មាន នៅទីក្រុងសៀមរាប នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ដោយចាប់ផ្តើមពី​ម៉ោង៩ព្រឹក នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​The Heritage Walk។

 



តើហេតុអ្វីចាំបាច់មានកិច្ចពិភាក្សាជុំវិញសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី»?

លោក គី សុខលីម តំណាងក្រុមហ៊ុនសារព័ត៌មានឌីជីថល Thmeythmey ដែល​ជាអ្នក​រៀបចំ​កិច្ចពិភាក្សា បានលើកឡើងថា ជំនួបតួអង្គ និងអ្នកនិពន្ធរបៀបនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះ វេទិកានេះ នឹងអនុញ្ញាតឲ្យអ្នកបានអានសៀវភៅរួចហើយ ឬអ្នកមិនទាន់បានអាន អាចចូលរួម​សួរដេញ​ដោល​ទៅកាន់តួអង្គ និងវាគ្មិនដោយសេរី។

«ពិភាក្សាគ្នាជុំវិញគុណភាពនៃសំណេរ និងគុណភាពនៃខ្លឹមសារសៀវភៅ គឺជារឿងចាំបាច់​បំផុត​ សម្រាប់​​​សហគមន៍អ្នកសំណេរ និងអ្នកនិពន្ធ។ ចូរកុំវិនិច្ឆ័យសៀវភៅ តាមរយៈ​គម្រប​របស់​វា​»។ នេះ គឺជា​ការបញ្ជាក់បន្ថែមរបស់លោក គី សុខលីម៕

 

© រក្សាសិទ្ធិដោយ thmeythmey.com