ជាតិ
សៀវភៅ«ប្តូររបៀបគិត ជីវិតរុងរឿង»សម្ពោធនៅថ្ងៃស្អែកនៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់
12, Jul 2022 , 1:58 pm        
រូបភាព
ភ្នំពេញ៖ សៀវភៅ«ប្តូររបៀបគិត ជីវិតរុងរឿង»សម្ពោធនៅថ្ងៃស្អែកនៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) ដោយមានអ្នកចូលរួមចំនួន៣០០នាក់។ តើបុគ្គល ឃីម សុខហេង មានលក្ខណៈពិសេសកម្រិតណា? តើគាត់ជាបុគ្គលជោគជ័យមែនឬទេ? តើគាត់មានអាជីព និងជំនាញអ្វីខ្លះពិតប្រាកដ? តើគាត់ជាបុគ្គលកើតក្នុងគ្រួសារក្រីក្រ ឬ ក្នុងត្រកូលខ្ពង់ខ្ពស់? តើហេតុអ្វីបានជាអ្នកនិពន្ធលើកយកតួអង្គគាត់មកសរសេរ?

 
សៀវភៅដែលមានកម្រាស់ជាង២០០ទំព័រ និយាយពីខ្សែជីវិតតស៊ូ និងជំនួញរបស់លោក ឃីម សុខហេង នឹងចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដានេះ​។ អ្នកនិពន្ធជនជាតិបារាំងលោក Pierre Gillette អតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir និងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ(Thmeythmey.com) បានពន្យល់ថា បើនិយាយពីបរិបទនៅក្នុងប្រទេសកម្ពុជា និងស្ថានភាពប្រទេសកម្ពុជា ក្រោយរបបប៉ុលពត តួអង្គដែលមានដំណើរជីវិតលំបាកលំបិនស្រដៀង លោក ឃីម សុខហេង អាចមានចំនួនច្រើននាក់។ ប៉ុន្តែ លោកមានលក្ខណៈពិសេស ដែលអនុញ្ញាតឲ្យអ្នកនិពន្ធ សម្រេចចិត្តលើកយកតួអង្គរបស់គាត់ មកធ្វើជាតំណាងឲ្យយុវជនដទៃទៀត ដែលកើតក្រោយជំនាន់ប៉ុលពត ហើយបានតស៊ូឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំរូបលោកបានឈានមកដល់ដំណាក់កាលមួយប្រសើរជាងមុន។ 
 
សៀវភៅជាង២០០ទំព័រនេះ និយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែលមានឪពុកម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។ តស៊ូសិក្សារៀនសូត្រជាមួយក្តីសង្ឃឹមជានិច្ច ហើយនៅទីបញ្ចប់ តាមរយៈចំណេះវិជ្ជា លោក ឃីម សុខហេង បានប្រែក្លាយជីវភាពក្រីក្ររបស់លោកឲ្យទៅជាគ្រួសារធូរធាក្នុងសង្គមបច្ចុប្បន្ន។
 
ជាបុគ្គលដែលផ្តល់តម្លៃខ្លាំងលើចំណេះវិជ្ជា និងប្រើប្រាស់ចំណេះវិជ្ជាដើម្បីចាកចេញពីភាពក្រីក្រ លោក ឃីម សុខហេង ចង់ចែករំលែកបទពិសោធន៍ជីវិត និងការតស៊ូក្នុងនាមជាកូនកសិករ ទៅកាន់យុវជនដទៃទៀត តាមរយៈសៀវភៅរបស់លោក។ លោក ឃីម សុខហេង ដែលធ្លាប់ជានិស្សិតនៃសកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរនោះ បានផ្សងព្រេង«ស្មុំ» ចំណេះក្នុងគ្រាលំបាក រួចហើយប្រើប្រាស់ចំណេះរបស់ខ្លួនដើម្បីចែករំលែក និងដើម្បីបង្កើតប្រាក់សម្រាប់គ្រួសារ និងសហគមន៍។ ក្រៅពីដំណើរជីវិតតស៊ូក្នុងការសិក្សា សៀវភៅដដែលនេះ ក៏និយាយផងដែរ ពីចំណុចចាប់ផ្តើមនៃសេចក្តីសេ្នហារបស់លោក ក្នុងវ័យសិក្សាជាមួយភរិយាលោកសព្វថ្ងៃ។ 
 
«ជីវិតពីគ្មានស្បែកជើងពាក់ត្រឹមត្រូវក្នុងវាលស្រែ ប្រែមកជាវាគ្មិននៅលើវេទិកាអន្តរជាតិ»។ នេះ គឺជាដំណើរជីវិតដ៏វែងឆ្ងាយរបស់លោក ឃីម សុខហេង ជាកូនកសិករក្រីក្រ កើតនៅក្នុងខេត្តព្រៃវែង ដែលជាខេត្តមួយធ្លាប់ក្រីក្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ 


 
លោក នួន សុថេរ៉ូ និងលោក កៃ គីមសុង សហស្ថាបនិកនៃក្រុមហ៊ុនបោះពុម្ពផ្សាយ សៀវភៅលោក ឃីម សុខហេង (Amazadia Education) បានបញ្ជាក់ថា សៀវភៅស្តីពីដំណើរជីវិតតស៊ូរបស់លោក ឃីម សុខហេង ពិតជាបទពិសោធន៍ជីវិត និងបទពិសោធន៍ជំនួញដ៏មានសារៈសំខាន់ សម្រាប់អ្នកអានគ្រប់វ័យ ជាពិសេស យុវជន៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com