ជាតិ
សេដ្ឋកិច្ច
ក្រសួងសាធារណការ រកចំណូលបាន១០លានដុល្លារ ពីការលក់ស្លាកលេខពិសេស នៅឆមាសទីមួយ
13, Jul 2022 , 9:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងលើកបង្ហាញស្លាកលេខពិសេស។ រូប៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងលើកបង្ហាញស្លាកលេខពិសេស។ រូប៖ MPWT
 ភ្នំពេញ៖ ៦ខែនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន លក់ស្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស(រាជធានី-ខេត្ត)បានជិត២ម៉ឺនលេខ។ ស្លាកលេខឡានដែលលក់បាននេះ ក្រសួងទទួលបានចំណូល ​៤០ ៦៤១ ១៨៧ ៤០០រៀល (ប្រមាណ ១០លានដុល្លារ) ដែលកើន២៥ភាគរយធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២១។

 
ឆមាសទីមួយឆ្នាំ២០២២ ក្រសួងសាធារណការ រកចំណូលបានប្រមាណ១០លានដុល្លារ ពីការលក់ស្លាកលេខឡានពិសេសបានសរុប ​១៩ ៧៦៦លេខ។ នេះបើយោងតាមក្រសួងសាធារណការ ដោយបញ្ជាក់ថា ក្នុងចំណោមចំណូលសរុបនេះ មានប្រមាណ៥,២លានដុល្លារ បានពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) ចំនួន៣ ២៧១លេខ ដែលកើនបាន១៨ភាគរយ។ 
 
ដោយឡែក ប្រាក់ចំណូលជាង៤,៧លានដុលា្លរទៀត បានពីការលក់ស្លាកលេខពិសេស(រាជធានី-ខេត្ត) ចំនួន ១៦ ៤៩៥លេខ។ ចំនួននេះ​ បានកើនដល់៣២ភាគរយ ធៀបនឹងពេលវេលាដូចគ្នាកាលឆ្នាំ២០២១។ 
 
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត  បានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត តាំងពីឆ្នាំ២០១៦មក គឺមានវឌ្ឍនៈភាពប្រកបដោយវិជ្ជមាន ។ លោកស្រីបានបញ្ជាក់ថា៖ «ការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីគំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពសម្បូរបែប»។ 
 
គិតមកត្រឹមឆមាសទីមួយឆ្នាំ២០២២ កម្ពុជាមានយានយន្ត ៦ ៤៦១ ០០០គ្រឿង ក្នុងនោះម៉ូតូមាន៥ ៤៦៨ ០០០ ឬ៨៤,៦ភាគរយ ត្រូវបានចុះបញ្ជីប្រើប្រាស់នៅទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ 
 
រយៈពេលដូចគ្នានេះ អ្នកនាំពាក្យក្រសួងសាធារណការ បានអះអាងថា រាជធានីភ្នំពេញ ទទួលបានការចុះបញ្ជីយានយន្តជិតពាក់កណ្តាលនៃចំនួនយានយន្តសរុប ដោយមានចំនួន ២ ៨១៨ ០០០គ្រឿង ហើយម៉ូតូ មានដល់ទៅ២ ០៩០ ០០០គ្រឿង៕ 
 

Tag:
 ស្លាកលេខពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com