ជាតិ
ទូតជប៉ុន អរគុណទឹកចិត្តពលរដ្ឋខ្មែរ ដែល​ចូលរួមរំលែកទុក្ខមរណភាពលោក អាបេ
17, Jul 2022 , 1:59 pm        
រូបភាព
ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានអរគុណទឹកចិត្តរបស់ប្រជាជនខ្មែរ ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាព លោក អាបេស៊ិនហ្សូ អតីតនាយករដ្ឋម​ន្រ្តីជប៉ុន។



មរណភាពរបស់លោក អាបេ ស៊ិនហ្សូអតីតនាយករដ្ឋមន្រ្តីជប៉ុន ជាដំណឹងដ៏តក់ស្លុតមួយ សម្រាប់កម្ពុជា និងពិភពលោក។ នៅកម្ពុជារដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១០កក្កដា ជាថ្ងៃកាន់ទុក្ខផ្លូវការ នៃមរណភាពរបស់ លោក អាបេ។ នាថ្ងៃនោះ តាមបណ្ដាស្ថាប័នរដ្ឋ និងឯកជន បានបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងដើម្បីចូលរួមរំលែកទុក្ខចំពោះ​មរណភាព​លោក អាបេ។ 


 
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងពេលដ៏សោកសង្រេងរបស់ប្រទេសជប៉ុនដែលបានបាត់បង់អតីតនាយករដ្ឋមន្រ្តី ជប៉ុន លោក អាបេ ប្រជាជនខ្មែរ រដ្ឋាភិបាលថ្នាក់ដឹកនាំ សែរាជវង្សានុវង្សជាច្រើន បានចូលរួមគោរពវិញ្ញាក្ខន្ធនិងសរសេរសាររំលែកទុក្ខនៅស្ថានទូតជប៉ុន នារយៈពេលជាង ១សប្ដាហ៍នេះ ។  ស្ថានទូតជប៉ុន រំជួលចិត្ត និងអរគុណដល់សន្តានចិត្តរបស់ប្រជាជនកម្ពុជាដែលបានចូលរួមរំលែកទុក្ខដោយផ្ទាល់ និងផ្ញើសារមកកាន់ស្ថានទូត។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបរាប់ដូច្នេះ«យើងខ្ញុំ សូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត
ចំពោះទឹកចិត្ត និងកាយវិការដ៏កក់ក្តៅដល់ប្រទេស និងប្រជាជនជប៉ុនក្នុងខណៈពេលដ៏លំបាកនេះ»។ 


 
គួរជម្រាបថា អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ បានបាត់បង់ជីវិតដោយសារការបាញ់ប្រហារនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ លោក
អាបេ ជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេរបស់ជប៉ុន។
 
លោកកាន់តំណែងម្ដងក្នុងឆ្នាំ២០០៦ និងម្ដងទៀតពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕ 
 
 

Tag:
 អាបេ ស៊ីនហ្សូ
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com