ជាតិ
សង្គមជាតិ
ពលរដ្ឋខ្មែរ បង្ហោះសាររំលែកទុក្ខចំពោះមរណភាពលោក អាបេ ស៊ិនហ្សូ
09, Jul 2022 , 6:29 pm        
រូបភាព
ពលរដ្ឋខ្មែរមួយចំនួន រាប់ទាំងអ្នកនយោបាយ មន្ដ្រីរាជការ សិល្បករ បុគ្គលល្បីៗក្នុងសង្គម និងពលរដ្ឋទូទៅផង បានបង្ហោះសាររំលែកទុក្ខ ព្រោងព្រាតនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ចំពោះមរណភាពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ សារសំដែងមរណទុក្ខទាំងនេះ ត្រូវបានបង្ហោះតាំងតែល្ងាចថ្ងៃទី៨ កក្កដាមកម្ល៉េះ ពោលគឺក្រោយការប្រកាសជាផ្លូវការចំពោះការស្លាប់របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានប្រជាប្រិយភាពរូបនេះ។


 
មរណភាពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ជាដំណឹងតក់ស្លុតមួយ សម្រាប់កម្ពុជា និងទូទាំងពិភពលោក។ នៅកម្ពុជា រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១០កក្កដា ជាថ្ងៃកាន់ទុក្ខផ្លូវការ នៃមរណភាពរបស់ លោក អាបេ ស៊ិនហ្សូ។ 
 
ក្រៅពីការប្រកាសចូលរួមរំលែកទុក្ខក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជា ដែលមានសមានចិត្តស្រឡាញ់ ប្រទេស និងប្រជាជនជប៉ុន ក៏នៅមិនសុខ មិនស្ងប់ ជុំវិញដំណឹងដ៏គួរជាទីសោកសៅនេះដែរ។ ពលរដ្ឋខ្មែរទូទៅ អ្នកនយោបាយ មន្ត្រីរាជការ សិល្បករ និងអ្នកដែលមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជាជាច្រើនបានបង្ហាញក្តីសោកស្តាយរបស់ខ្លួនចំពោះការបាត់បង់គ្មានថ្ងៃត្រឡប់ អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ ជូនដល់ប្រជាជនជប៉ុន និងជាពិសេសក្រុមគ្រួសារ របស់លោក អាបេ។ ការសោកស្តាយទាំងនោះ ត្រូវបានស្តែងតាមរយៈការបង្ហោះរូបលោក អាបេ ដោយភ្ជាប់ជាមួយនឹងសារសោកស្ដាយ រំលែកទុក្ខ  និងខ្លះក៏មានភ្ជាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក អាបេ ដែលបានជួយប្រទេសកម្ពុជា ក្នុងពេលលោក ស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី។ 
 
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកនយោបាយមួយរូប បានបង្ហោះសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក អាបេ តាំងតែពីល្ងាចថ្ងៃទី៨កក្កដា ដោយមានភ្ជាប់រូបថតស-ខ្មៅរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ចំនួន ២សន្លឹកផង។ សម្រាប់លោក ហ៊ុន ម៉ានី មរណភាពរបស់លោក អាបេ គឺជាបាត់បង់ដ៏ធំចំពោះប្រជាជនជប៉ុន និងក៏ជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា ដែលបានរួមចំណែកដល់ការពូនជ្រំ ទំនាក់ទំនងដ៏ល្អប្រសើរ សម្រាប់ប្រទេសទាំង២។ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន»។ នេះជាការសារសំដែងមរណទុក្ខ ដែលលោក ហ៊ុន ម៉ានី បង្ហោះនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ 
 
ដំណឹងមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ ក៏បានធ្វើឱ្យអ្នកស្រី ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា សោកស្តាយដែរ។ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបថតរបស់លោក អាបេចំនួន ៥សន្លឹកដែលសុទ្ធសឹងជារូបដែលអាបេ បង្ហាញស្នាមញញឹម។ ក្នុងចំណោមរូបថតទាំងនោះ មានរូប២សន្លឹក ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ថតជាមួយកុមារតូចៗ និងសិស្សសាលា។ «ក្នុងនាមនាងខ្ញុំជាសិល្បៈករនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនឹងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយពលរដ្ឋជប៉ុនទាំងអស់ ក៏ដូចជាគ្រួសារសព លោក អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន»។ អ្នកស្រី ឱក សុគន្ធកញ្ញា សរសេររំលែកទុក្ខដូច្នេះ មុននឹងរម្លឹកគុណបំណាច់ ដែលលោក អាបេ ធ្លាប់បានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។ 
 
ពលរដ្ឋខ្មែរផ្សេងទៀត ក៏បានបង្ហោះសាររំលែកទុក្ខចំពោះមរណភាពរបស់ លោគ អាបេ ស៊ិនហ្សូដែរ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។ គណនីហ្វេសប៊ុកឈ្មោះ Sovichea Ch បានសំដែងការសោកស្តាយ ចំពោះការស្លាប់របស់ លោក អាបេ ដោយអមជាមួយរូបថត ២សន្លឹករបស់លោក។  
 
ចំណែកអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកមួយរូបទៀត ឈ្មោះ May Kunmakara បានបង្ហោះរូបថតរបស់លោក អាបេ ជាមួយនឹងការពិពណ៌នាពីការចូលរួមរំលែកទុក្ខ ជាមួយគ្រួសារ និងប្រជាជនជប៉ុន។ ពលរដ្ឋខ្មែរខាងលើ ក៏បានលើកឡើងដែរថា លោក អាបេ ស៊ិនហ្សូ ធ្លាប់មានគុណបំណាច់ជាមួយ ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។
 
ទន្ទឹមនឹងនេះ លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យថ្មគោល បាននាំសិស្សានុសិស្សទាំងអស់គោរពវិញ្ញាណក្ខន្ធលោក អាបេ នៅបរិវេណវិទ្យាល័យផងដែរ។ ក្រៅពីនេះ ក៏សិល្បករ និងពលរដ្ឋខ្មែរមួយចំនួនទៀតបានបង្ហោះសារសោកស្ដាយចំពោះមរណទុក្ខលោក អាបេ ផងដែរ។
 
លោក អាបេ ជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេរបស់ជប៉ុន។ លោកកាន់តំណែងម្ដងក្នុងឆ្នាំ២០០៦ និងម្ដងទៀតពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។ អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ បានបាត់បង់ជីវិតដោយសារការបាញ់ប្រហារនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២៕
 
 

Tag:
 អាបេ ស៊ិនហ្សូ
© រក្សាសិទ្ធិដោយ thmeythmey.com