ជាតិ
អ្នកជំនាញ នឹងសម្អាតស្និមពីរូបសំណាកព្រះថោងនាងនាគ ក្រោយរដូវវស្សា
18, Jul 2022 , 10:29 pm        
រូបភាព
រូបសំណាកព្រះថោងនាងនាគ ដែលមានស្និមកាន់។ រូបភាពពីទំព័រហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
រូបសំណាកព្រះថោងនាងនាគ ដែលមានស្និមកាន់។ រូបភាពពីទំព័រហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ដោយ:
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះរូបសំណាកព្រះថោងនាងនាគ ដែលមានស្និមកាន់ ហើយឱ្យអ្នកជំនាញចូលរួមមតិសម្រាប់សម្អាត។ យ៉ាងណាមិញ លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា អ្នកជំនាញនឹងសម្អាតរូបសំណាកនេះ ពេលចប់រដូវវស្សា។

 
រូបសំណាកព្រះថោងនាងនាគ ធ្វើពីស្ពាន់កម្ពស់២១ម៉ែត្រ ត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៦មេសា ឆ្នាំ២០២២ នៅរង្វង់មូលប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ដែលនៅជិតផ្លូវឡើងទៅស្លាកខ្មែរធ្វើបាន ខេត្តព្រះសីហនុ។ បច្ចុប្បន្នរូបសំណាកនេះ ចាប់ផ្ដើមមានស្និមកាន់ ដោយសារចំហាយទឹកសមុទ្រ។


រូបសំណាកព្រះថោងនាងនាគ ដែលមានស្និមកាន់។ រូបភាពពីទំព័រហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
 
លោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះលើទំព័រហ្វេសរបស់លោក បង្ហាញពីបញ្ហាស្និមកាន់រូបសំណាកព្រះថោងនាងនាគនេះ ជាសាធារណ។ លោក គួច ចំរើន អនុញ្ញាតឱ្យអ្នកមានជំនាញ និងអ្នកមានបទពិសោធសម្អាតស្និមពីស្ពាន់ ចូលរួមមតិដើម្បីយកជាគំនិតសម្រាប់សម្អាតរូបសំណាកនេះ។
 
« ប្រិយមិត្តណា​ មានជំនាញ​ មានបទពិសោធ ព្រះបាទព្រះថោង​ ធ្វើពីស្ពាន់​ ចាក់បេតុងខាងក្នុង​ ពេលត្រូវខ្យល់សមុទ្រ​ ចេញស្និមដូចនេះ​ ។ តើមានវិធីបែបណា​ ដើម្បីការពារ​ ទប់ទល់អោយបានល្អ​ មិនចេញស្និម​។ សូមជួយផ្ដល់យោបល់​ ! សូមអរគុណចំពោះការចែករំលែក​ »។ លោកអភិបាលខេត្តសុំជំនួយជាគំនិតតាមហ្វេសប៊ុកដូច្នេះ។
 
ជាមួយគ្នានេះ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង​ ឌីម៉ង់ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថា ស្និមនោះមិនទាន់បង្កផលប៉ះពាល់ខ្លាំងដល់រូបសំណាក ព្រះថោងនាងនាគនោះទេ។
ប៉ុន្តែរដ្ឋបាលខេត្តចង់ឱ្យ អ្នកមានពិសោធបញ្ចេញគំនិតសម្រាប់សម្អាត ដែលបង្ហាញពីការស្រឡាញ់ និងថែរក្សា ព្រោះរូបសំណាកនោះជាសម្បត្តិប្រជាជនខ្មែរ។​

លោក ឡុង ឌីម៉ង់ បញ្ជាក់ដូច្នេះ៖ «ការបង្ហោះររបស់អភិបាលខេត្តគឺចង់ឱ្យមានការចូលរួមមាតិ យោបល់ និងស្វែងរកគំនិតល្អៗ ពីប្រជាពលរដ្ឋដែលមានពិសោធ ធ្លាប់មានជំនាញ ក្នុងការថែទាំស្ពាន់ ព្រោះស្ពាន់នេះយើងបានចាក់តាមពុម្ព និងរចនាបថស្ថាបត្យកម្មខ្មែរ។ រូបសំណាកនេះនៅមាត់សមុទ្រ ដែលចំមុខខ្យល់ពីសមុទ្រ មានចំហាយទឹកសមុទ្រប្រៃ និងស្ងួត។ ស្និមក៏ដុះនៅលើស្ពាន់  ដូច្នេះរដ្ឋបាលត្រូវការថែទាំ​ និងសម្អាត។

រូបភាពពី ទំព័រហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
 
អភិបាលខេត្តចង់ឱ្យមានការចូលរួមថែទាំ ព្រោះក្នុងនាមយើងជាកូនខ្មែរគឺស្រឡាញ់រូបសំណាក។ រូបសំណាកនេះ ជាសម្បត្តិរបស់ខ្មែរ»។

យ៉ាងណាមិញ លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគ​រូបនីយកម្ម និងសំណង់ ប្រាប់សារព័ត៌មានThmeyThmey25 ថា អ្នកជំនាញនឹងសម្អាតស្និមចេញពីរូបសំណាកព្រះថោងនាងនាគ តាមបច្ចេកទេស​ពេលផុតរដូវវស្សា ព្រោះភ្លៀងធ្វើឱ្យក្រុមជាងពិបាកសម្អាតរូបសំណាក។
 
លោក លី រស្មី ពន្យល់ដូច្នេះ ៖« គេមានថ្នាំលាបស្ពាន់ នៅពេលដុះខាត់ជាតិកំបោរ ដែលចេញពីបេតុងយើងបានចាក់ពីខាងក្នុង ដើម្បីឱ្យរូបសំណាកនោះឈរបាន។ យើងយកប្រដាប់ខាត់ ខាត់កំបោរនោះចេញ ហើយលាបថ្នាំវ៉ាក់នី(ថ្នាំលាបឈើឬស្ពាន់) ដូច្នេះស្ពាន់នោះអាចនៅបាន១ឆ្នាំអីទៀត។​
យើងនឹងសម្អាតក្នុងពេលឆាប់ៗនេះ ដោយសារភ្លៀងច្រើន​ពិបាកធ្វើ តែក្រុមការងារកំពុងគិតគូរសម្រាប់ការសម្អាត»។ 
 
សូមជម្រាបថាក្នុងខេត្តព្រះសីហនុមានរូបសំណាកធ្វើពីស្ពាន់ធំៗចំនួន៤ ដូចជា ព្រះសីហរាជមុខ៣ ព្រះឧមា-មហេសូរ និង រូបសំណាកព្រះថោង នាងនាគ និងរូបព្រះស្កន្ទ។ រូបសំណាកទាំង៤នេះ ត្រូវបានចំណាយថវិកាធ្វើជាង ២លានដុល្លារអាម៉េរិក៕
 


លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

 

Tag:
 ព្រះថោងនាងនាគ
© រក្សាសិទ្ធិដោយ thmeythmey.com