អន្តរជាតិ
ចិន ជំរុញអាម៉េរិកជាថ្មី ឱ្យឈប់បង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់
19, Jul 2022 , 5:59 pm        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន ចេញមកជំទាស់ជាថ្មីគម្រោងលក់គ្រឿងបរិក្ខារយោធារបស់អាម៉េរិកឱ្យតៃវ៉ាន់។ លោក Wang Wenbin នៅថ្ងៃទី១៨ ខែកក្កដា អះអាងថា ការយល់ព្រមលក់នេះ ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពលើច្រកសមុទ្រតៃវ៉ាន់។ 

 
ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់គ្រឿងបរិក្ខារ និងការផ្ដល់ជំនួយបច្ចេកទេសយោធាទៅឱ្យកោះតៃវ៉ាន់ដែលមានតម្លៃប្រមាណ១០៨លានដុល្លារ តាមសំណើតៃវ៉ាន់។ នេះជាការលក់អាវុធលើកទី៥ របស់ក្រុងវ៉ាស៊ីនតោន ទៅក្រុងតៃប៉ិ ចាប់តាំងពីលោកចូ បៃឌិន ឡើងកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ ២០២១។ ដូចសព្វដង ការអនុម័តលក់អាវុធលើកចុងក្រោយនេះ ត្រូវបានក្រសួងការបរទេសចិន ជំទាស់យ៉ាងខ្លាំង និងថ្កោសទោសចំពោះសកម្មភាពបែបនេះ។
 
«យើងជំរុញឱ្យភាគីអាម៉េរិកគោរពកិច្ចព្រមព្រៀងរួមចិន-អាម៉េរិក, លុបចោលគម្រោងលក់អាវុធខាងលើ, ឈប់លក់អាវុធ និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ចប់ការបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំង កន្លងមក បានដាក់ពាក្យជំទាស់ជាច្រើនលើក ជុំវិញការលក់អាវុធរបស់ក្រុងវ៉ាស៊ីនតោន ឱ្យក្រុងតៃប៉ិ។ 
 
បើតាមអ្នកនាំពាក្យរូបនេះ ចិននឹងបន្តវិធានការឱ្យបានមុតមាំ ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។
 
ជុំវិញបញ្ហាក្រុងតៃប៉ិ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងប៉េកាំង តែងប្រើពាក្យសម្តីខ្លាំងៗដាក់គ្នាទៅវិញទៅមក។ កន្លងមក នាវាអាម៉េរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាច្រើនលើក ដែលធ្វើឱ្យចិនរិះគន់ថា ធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់ និងជាទង្វើគាំទ្រកម្លាំងចង់បានឯករាជ្យនៅកោះតៃវ៉ាន់។ 
 
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាម៉េរិក តែងធ្លោយមាត់ពីរបីលើក ទាក់ទិននឹងការបញ្ជូនទ័ពទៅជួយតៃវ៉ាន់ ក្នុងករណីចិនវាយប្រហារ។ ប៉ុន្តែក្រោយមក ត្រូវបានសេតវិមាននិយាយការពារវិញថា អាម៉េរិក មិនបានផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួន នៅចំពោះមុខតៃវ៉ាន់ឡើយ៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com