ជាតិ
សេដ្ឋកិច្ច
លោក ជា ចាន់តូ៖ ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលផ្ទាល់ និងឆាប់រហ័សលើអតិផរណានៅកម្ពុជា
21, Jul 2022 , 9:42 am        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាលធនគារជាតិនៃកម្ពុជា កំពុងថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២។ រូបថត៖ NBC
លោក ជា ចាន់តូ ទេសាភិបាលធនគារជាតិនៃកម្ពុជា កំពុងថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២។ រូបថត៖ NBC
ភ្នំពេញ៖ ការកើនឡើង​នៃថ្លៃ​ប្រេងឥន្ធនៈ និង​ម្ហូប​អាហារពិភពលោក បានធ្វើឱ្យអតិផរណានៅកម្ពុជាកើនដល់៧,២ភាគរយ ក្នុងខែឧសភា ឆ្នាំ២០២២ ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។ នេះជាការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ដោយបញ្ជាក់ថា ដើម្បីគ្រប់គ្រងសម្ពាធអតិផរណានេះ អត្រាប្តូរប្រាក់ត្រូវបន្តរក្សាឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

 
លោក ជា ចាន់តូ បានសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារច្រើន ដែលងាយរងឥទ្ធិពលពីការប្រែប្រួលនៃអត្រាប្តូរប្រាក់។ «ដោយសារដុល្លារូបនីយកម្ម, ការប្រែប្រួលអត្រាប្តូរប្រាក់ គឺមានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា»។ លោក ជា ចាន់តូ ថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា​ នាថ្ងៃទី២០កក្កដា។​ លោកបន្ថែមថា កាលណា តម្លៃប្រាក់រៀលធ្លាក់ចុះនោះ នឹងនាំឱ្យតម្លៃទំនិញនិងសេវានានាកើនឡើងភ្លាម ផងដែរ។
 
ដើម្បី​គ្រប់គ្រងសម្ពាធអតិផរណានេះ និងដើម្បី​គាំទ្រដល់ការស្តារកំណើន​សេដ្ឋកិច្ចផងនោះ   ធនាគារជាតិនៃកម្ពុជា​ បានអនុវត្តគោលនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ បើតាមលោក ជា ចាន់តូ ការអនុវត្តគោលនយោបាយនេះ មានការគាំទ្រយ៉ាងចម្បងពីការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (Exchange Rate Guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ 
 
លោក បានអះអាងយ៉ាងដូច្នេះ៖ « ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា មានតួនាទីរក្សាតម្លៃប្រាក់រៀល ហើយនិងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋនិងវិស័យឯកជន»។ 
 
លើសពីនេះ កម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជន មកលើសមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ទីផ្សារប្តូរប្រាក់ ក៏បានជួយរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា​បានច្រើន ផងដែរ។  បើតាមធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នទោះបីកម្ពុជារងសម្ពោធសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែ​ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ នៅតែមាន​កម្រិត​ខ្ពស់​ ដែលអាចធានាដល់ការនាំចូលទំនិញ​បានដល់៨ខែ ក្នុងករណីកម្ពុជាគ្មានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស។  
 
លោក ជា ចាន់តូ បន្តនិយាយថា៖ «នេះជាមោទកភាពមួយដែលទុនបម្រុងអន្តរជាតិកម្ពុជាត្រូវបានរក្សាយ៉ាងរឹងមាំ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន»។
 
បើតាមលោក ជា ចាន់តូ ការរក្សាបាននូវស្ថិរភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជាមកទល់សព្វថ្ងៃនេះ ក៏មានការគាំទ្រពីការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប តាមរយៈ​ប្រតិបត្តិការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD) ផងដែរ។  
 
សម្រាប់លោក​ ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ការគ្រប់គ្រងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ គឺជាយុទ្ធនាការមួយ អាចរក្សាលំនឹងអតិផរណារបស់កម្ពុជា ដែលកំពុងរងសម្ពោធពីការឡើងថ្លៃនូវប្រាក់ដុល្លារ និង ប្រេងឥន្ធនៈ ។ 
 
«ការគ្រប់គ្រងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនេះ គឺផ្តោតទៅការគ្រប់គ្រងនូវអត្រាការប្រាក់ និងអត្រាប្តូរប្រាក់នៅកម្ពុជា»។ នេះជាការលើកឡើងរបស់លោក ឆេង គីមឡុង ដោយបញ្ជាក់ថា៖ «ពីរផ្នែកនេះ វាពាក់ព័ន្ធគ្នា ដោយអត្រាប្តូរប្រាក់គឺយើងគ្រប់គ្រងលើការប្តូរប្រាក់ដុល្លារទៅប្រាក់រៀល ឬដុល្លារប្តូរទៅរូបិយប័ណ្ណផ្សេងៗ ហើយការគ្រប់គ្រងបាននូវលំហូរសាច់ប្រាក់ក្នុងទីផ្សារ ក៏ធ្វើឱ្យយើងគ្រប់គ្រងបាននូវអត្រាការប្រាក់។ ការប្រើប្រាស់នូវគោលនយោបាយទាំងពីរ អាចជួយសម្រួលឱ្យមានស្ថិរភាពអតិផរណានៅកម្ពុជាយើង»។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនារសៀលថ្ងៃទី២០កក្កដា  អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា គោលនយោបាយអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា គឺជាឧបករណ៍មួយរបស់គោលនយោបាយរូបិយវត្ថុ ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ។ លោក​ ឆេង គីមឡុង បន្តនិយាយដូច្នេះ៖ «ជាទូទៅ គឺយើងប្រើ​អត្រាប្តូរគោលរបស់ជាធនាគារជាតិ ព្រោះធនាគារជាតិ គឺជាធនាគារតែមួយនៅកម្ពុជា​ ដែលមានសិទ្ធិ និងអំណាចក្នុងការចេញនូវគោលនយោបាយពាក់ព័ន្ធផ្នែកធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា​ ផ្នែកអត្រាប្តូរប្រាក់ ដែលគ្រប់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ត្រូវប្រើអត្រាប្តូរប្រាក់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា»។
 
សូមជម្រាបថា អត្រាប្តូរប្រាក់គោលផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា​ ប្រចាំថ្ងៃទី២០កក្កដានេះ គឺ ១ដុល្លារ ស្មើនឹង ៤ ០៩០រៀល ខណៈ​អត្រាប្តូរទីផ្សាររបស់ធនាគារអេស៊ីលីដា និងធនាគារABA ១ដុល្លារ ស្មើនឹង​ ៤ ១០៣រៀល។ ដោយឡែក អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃទី២០កក្កដា​ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា  ១ដុល្លារ ស្មើនឹង ៤ ១០៤រៀល៕ 
 

Tag:
 ហិរញ្ញវត្ថុ
  លោក ជា​ ចាន់តូ
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com