ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អ្នកជំនួញ លោក ឌិន សុមេធារិទ្ធ ចេញមុខការពារតម្លៃពាក្យ«គ្រូជោគជ័យ»
28, Jul 2022 , 4:09 pm        
រូបភាព
លោក ឌិន  សុមេធារិទ្ធ ដែលជាម្ចាស់ជំនួញ «ភូមិផ្កាត្រកួន» ។ ប្រភព៖ ហ្វេសប៊ុកលោក ឌិន សុមេធារិទ្ធ
លោក ឌិន សុមេធារិទ្ធ ដែលជាម្ចាស់ជំនួញ «ភូមិផ្កាត្រកួន» ។ ប្រភព៖ ហ្វេសប៊ុកលោក ឌិន សុមេធារិទ្ធ
ភ្នំពេញ៖ កាលពីដើមឡើយ ពាក្យជោគជ័យ ត្រូវបានគេប្រើប្រាស់ក្នុងន័យល្អទេ។ ឧទាហរណ៍ អ្នកជោគជ័យ ឬធ្វើកិច្ចការអ្វីមួយជោគជ័យ។ ប៉ុន្តែក្រោយមក អ្នកប្រើប្រាស់ពាក្យ​បានបន្ថែមពាក្យ«គ្រូ»នៅពីមុខពាក្យ«ជោគជ័យ»ក្នុងន័យនិយាយឌឺដងទៅកាន់គ្រូជោគជ័យ​មួយចំនួន ដែលបានសាបព្រោះគំនិតជោគជ័យមិនល្អរបស់ពួកគេ ទៅកាន់សិក្ខាកាម។  នៅថ្ងៃ​ទី​២៨ ​ខែកក្កដា ឆ្នាំ​២០២២នេះ អ្នកជំនួញ និងជាវាគ្មិនបណ្តុះបណ្តាល​សហគ្រិនឲ្យជោគ​ជ័យ លោក ឌិន សុមេធារិទ្ធ បានចេញមុខការពារ​តម្លៃនៃពាក្យ«គ្រូ​ជោគជ័យ»​ជា​សាធារណៈ។


«ហៅគ្រូជោគជ័យប្រសើរ ជាងហៅគ្រូបរាជ័យ»។ នេះ គឺជាប្រតិកម្មជាសាធារណៈ នៅ​លើទំព័រ​ហ្វេស​ប៊ុករបស់លោក ឌិន សុមេធារិទ្ធ នៅថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២។ លោក សុមេធារិទ្ធ ដែល​ជាម្ចាស់ជំនួញ «ភូមិផ្កាត្រកួន» និងជាវាគ្មិនបណ្តុះបណ្តាលសហគ្រិនឲ្យ​ជោគជ័យ​ ប្រហែល​​ជាធុញ​ទ្រាន់នឹងពាក្យដៀមដាម«គ្រូជោគជ័យ»ហើយ ទើបលោកចេញមុខការពារ​ពាក្យ​នេះ ក្នុងន័យវិជ្ជមានវិញ។ 
 
លោក ឌិន សុមេធារិទ្ធ ដែលជាអ្នកជំនួញចូលចិត្តលេងសម្តីដែរនោះ បានសរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំបង្រៀនសហគ្រិនឲ្យជោគជ័យ ខ្ញុំរីករាយជាមួ​យ​ពាក្យ ​[គ្រូជោគ​ជ័យ] ព្រោះខ្ញុំចង់ឲ្យកូនខ្មែរក្លាយជាបុគ្គលជោគជ័យក្នុងជីវិត»។ លោក សុមេធារិទ្ធ បានបន្ត​ទៀតថា៖ «ទោះក្នុងកាលៈទេសៈណាក៏ដោយ ទោះបីជាខ្ញុំធ្លាប់ជួបរឿងបរាជ័យរាប់មិន​អស់​ក៏ដោយ​ ក៏ខ្ញុំមិនចង់ឲ្យគេហៅខ្ញុំថា គ្រូបរាជ័យទេ។ សូមបងប្អូនប្រើពាក្យ​ជោគជ័យ ឲ្យសម​នឹងបុគ្គល​​ជោគជ័យពិតប្រាកដ មិនក្លែងក្លាយ»។ 
 
ទាក់ទងទៅនឹងពាក្យ «គ្រូជោគជ័យ» នេះដែរ លោក ប៉ិច បូឡែន ​​អគ្គនាយកក្រុម​ហ៊ុន វេស​ឡាញ ធ្លាប់បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ ដោយ​សំណូមពរ​ទៅកាន់មហាជនមួយចំនួន ​​ឱ្យ​ឈប់​យក​ពាក្យ ​«គ្រូ​ជោគ​ជ័យ​» ទៅ​និយាយជា​ការ​​លេង​សើច​ និង​ចំអកដល់​គ្រូ​បណ្ដុះ​បណ្ដាល​ គ្រូ​បង្វឹក​ អ្នក​ប្រឹក្សា​យោ​បល់ ឬ​អ្នក​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេង​ៗ​ជា​ដើ​ម​។
 
សូមបញ្ជាក់ថា ពាក្យ «គ្រូជោគជ័យ» ត្រូវបានគេប្រើប្រាស់ច្រើន ក្នុងរយៈពេលចុងក្រោយនេះ ពោល គឺបន្ទាប់ពីមានគ្រូបណ្តុះបណ្តាលមួយចំនួន បើកបង្រៀនវគ្គ​ជោគជ័យ​ដល់សិក្ខា​កាម​ដោយ​​មិនគោរពក្រមសីលធម៌ជំនួញ។ ដោយសារតែទង្វើនេះ ទើបពាក្យ «គ្រូជោគ​ជ័យ» ត្រូវ​បានគេ​ប្រើប្រាស់ដើម្បី​ឌឺដង ទៅកាន់គ្រូបណ្តុះបណ្តាលផ្នែកជំនួញដែល​ខ្វះក្រមសីលធម៌៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com