ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សឆន្ទៈខ្មែរនិងបក្សកែទម្រង់កម្ពុជា ចង់ចងសម្ព័ន្ធនយោបាយនឹងបក្សដទៃ តាមគំនិតបក្សមូលដ្ឋាន
28, Jul 2022 , 6:10 pm        
រូបភាព
បក្សមួយរួមគ្នា តស៊ូមតិវិញដំណើរការបោះឆ្នោត កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២២។
បក្សមួយរួមគ្នា តស៊ូមតិវិញដំណើរការបោះឆ្នោត កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២២។
ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា បង្ហាញជំហរចង់សម្ព័ន្ធនឹងបក្សដទៃទៀត ដើម្បីរួមកម្លាំងប្រជាធិបតេយ្យ សម្រាប់ប្រកួតប្រជែងនឹងបក្សកាន់អំណាច ក្រោមការផ្ដួចផ្ដើមរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ការចងសម្ព័ន្ធបក្សក្រៅរដ្ឋាភិបាលនេះ លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាថា គ្មានឥទ្ធិពលអ្វី ឲ្យបក្សកាន់អំណាចព្រួយបារម្ភឡើយ។

 
គណបក្សឆន្ទៈខ្មែរចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនមានចំណាប់អារម្មណ៍ ចងសម្ព័ន្ធនយោបាយ ក្នុងលក្ខខ័ណ្ឌរួបរួមគ្នាក្រោមបក្សតែមួយ ដែលជាជម្រើសវិជ្ជមាន។ បក្សនេះ លើកឡើងថា បក្សភ្លើងទៀន មានគុណសម្បត្តិជាគណបក្សនយោបាយនាំមុខ ក្នុងការរួបរួមគ្នា ដើម្បីប្រធិបតេយ្យ ។ ពិសេសគឺការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣។ 
 
ក្រោយតាមដានសន្និសីទសារព័ត៌មាន របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្ដីពីសំណើចងសម្ព័ន្ធភាពនយោបាយឆ្នាំ២០២៣នោះ បក្សឆន្ទៈខ្មែរមានចំណាច់អារម្មណ៍លើរូបមន្ត «ការរួបរួមគ្នាក្រោមឈ្មោះគណបក្សណាមួយ»។ 
 
ទាក់ទិននឹងបំណងចងសម្ព័ន្ធនយោបាយនេះ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានបកស្រាយប្រាប់សារព័ត៌មានថ្មីៗថា បណ្ដាបក្សទាំង៤ រួមមាន បក្សឆន្ទៈខ្មែរ បក្សកែទម្រង់កម្ពុជា បក្សភ្លើងទៀន និងបក្សប្រជាធិបតេយ្យ ដែលធ្លាប់តស៊ូមតិជុំវិញដំណើរការបោះឆ្នោតឃុំសង្កាត់កន្លងមក ក៏ធ្លាប់បានជជែកគ្នាពីការចងសម្ព័ន្ធនយោបាយខាងលើនេះដែរ។ បើតាមលោក មុនីកា ជម្រើស ជ្រកក្រោមឆត្ររបស់គណបក្សណាមួយ គឺជាជម្រើសល្អប្រសើរ និងមានភាពរហ័សជាង វិធីចងសម្ព័ន្ធក្នុងទម្រង់ផ្សេងៗទៀត។ 
 
ការណ៍ដែលបក្សនេះ ចាត់ទុកបក្សភ្លើងទៀនជាបក្សនាំមុខគេ ក្នុងការរួមគ្នាក្រោមឈ្មោះបក្សតែមួយ ព្រោះផ្អែកតាមលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ៥ បក្សភ្លើងទៀនមានសំឡេងច្រើនជាងគេ ក្នុងចំណោមបក្សក្រៅរដ្ឋាភិបាល។ ម្យ៉ាងទៀត បក្សភ្លើងទៀន មានអ្នកនយោបាយជើងចាស់ និងបទពិសោធន៍ច្រើន។ នេះជាការយល់ឃើញរបស់លោក គង់ មុនីកា ។
 
«ដូច្នេះ ខ្ញុំគ្រាន់តែចង់ទាញចំណាប់អារម្មណ៍បក្សភ្លើងទៀន បក្សដទៃទៀត ពិសេសបក្សប្រជាធិបតេយ្យមូលដ្ឋាន​ដែលបានធ្វើសន្និសីទ ហើយបង្ហាញពីជំហរនិងជាការឆ្លើយតបវិញថា បក្សឆន្ទៈខ្មែរគាំទ្រការចងសម្ព័ន្ធតាមជម្រើសទីពីរ ហើយចង់ឲ្យបក្សភ្លើងទៀនផ្ដួចផ្ដើមកិច្ចការនេះ។ យើងចង់ជ្រកក្រោមបក្សភ្លើងទៀន ក៏ប៉ុន្តែយើងក៏រងចាំមើលថាតើ បក្សភ្លើងទៀន គាត់មានការយល់ឃើញបែបណា ឬបក្សដទៃទៀត ដែលមានបំណងដូចគ្នាថាតើគាត់មានការបើកទូលាយ ឬមានបំណងចង់ប្រមូលប្រជាធិបតេយ្យ ចូលក្នុងឆត្ររបស់ខ្លួនឬយ៉ាងណា»។នេះបើតាមប្រធានបក្សឆន្ទៈខ្មែរ ដែលកំពុងរង់ចាំមើលប្រតិកម្មនិងការឆ្លើយតបរបស់បក្សដទៃទៀត។ 
 
លោក គង់ មុនីកា បានបញ្ជាក់ថា ការប្រមូលអ្នកប្រជាធិបតេយ្យ ឬបក្សនយោបាយនេះ មិនមែនមានន័យថា រំលាយគណបក្សណាមួយចោលនោះទេ។ លោកប្រាប់ដូច្នេះថា៖ «នៅរក្សាគណបក្សដដែល គ្រាន់តែទៅជ្រកក្រោមឆត្ររបស់ភ្លើងទៀន សម្រាប់ត្រៀមខ្លួនបោះឆ្នោត២០២៣នេះ បានន័យថាយើងប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចសព្វថ្ងៃនេះ»។ 
 
ប្រធានបក្សឆន្ទៈខ្មែររូបនេះ បានបង្ហើបថា ផ្ទៃក្នុងបក្សខ្លួនតែងពិភាក្សាគ្នា និងគាំទ្រឲ្យបោះជំហាន ដូចសេចក្តីប្រកាសជំហរនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ពង្រឹងប្រជាធិបតេយ្យ។ 
 
ចំណែក គណបក្សកែទម្រង់កម្ពុជា ក៏មានបំណងចងសម្ព័ន្ធនយោបាយដែរ ហើយបក្សនេះ មិនកំណត់ទម្រង់ឡើយ។ គោលដៅចម្បងដែលបក្សកែទម្រង់កម្ពុជាចង់បាន គឺការរួមកម្លាំងប្រជាធិបតេយ្យពិតប្រាកដតែប៉ុណ្ណោះ។ 
 
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២៨ កក្កដាថា បក្សខ្លួនក៏កំពុងរង់ចាំមើលបក្សដទៃទៀតដែរ ជុំវិញការចងសម្ព័ន្ធនយោបាយ។ ចំពោះជម្រើសនៃការចងសម្ព័ន្ធ គឺរង់ចាំពិភាក្សាគ្នាជាក្រោយ។ ប៉ុន្តែដំណើរការចងសម្ព័ន្ធនយោបាយនេះ មិនមែនធ្វើឡើងដើម្បីជនណាមួយ ឬបក្សណានៅពីក្រោយឡើយ ពោលគឺដើម្បីរួបរួមកម្លាំងប្រជាធិបតេយ្យ និងប្រយោជន៍ជាតិ។ 
 
«គោលបំណងរបស់យើងចង់ឃើញការចងសម្ព័ន្ធនេះ ពិតជាមានប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីប្រយោជន៍ជាតិ។ ហើយលក្ខខ័ណ្ឌចងសម្ព័ន្ធបែបណា គឺត្រូវការពេលអង្គុយជជែកគ្នាបន្ថែមទៀត»។ នេះការលើកឡើងរបស់ លោក អ៊ូ ច័ន្ទរ័ត្ន ដោយបញ្ជាក់ថា ផ្ទៃក្នុងបក្សកែទម្រង់ឥតមានបញ្ហាចោទឡើយ ជុំវិញការចងសម្ព័ន្ធគ្នា គឺរង់ចាំតែបក្សដទៃទៀត អង្គុយចចារគ្នាតែប៉ុណ្ណោះ។ 
 
ចំពោះលក្ខខ័ណ្ឌរួមគ្នាក្រោមឈ្មោះបក្សតែមួយ គឺគ្រាន់តែបញ្ជូនបេក្ខជនបក្សទៅចូលរួមឈរឈ្មោះបោះឆ្នោត ក្នុងបក្សមួយទៀតប៉ុណ្ណោះ ដោយមិនចាំបាច់រំលាយបក្សណាមួយឡើយ។ នេះជាការបន្ថែមរបស់លោក ច័ន្ទរ័ត្ន។ 
 
ជុំវិញការចងសម្ព័ន្ធនយោបាយនេះ សារព័ត៌មានថ្មីៗពុំអាចទាក់ទងលោក សុន ឆ័យ អនុប្រធាន និង លោក ថាច់ សេដ្ឋា អ្នកនាំពាក្យប្រធានបក្សភ្លើងទៀនឡើយ ដោយលោកទាំងពីរពុំលើកទូរស័ព្ទ។ 
 
ពាក់ព័ន្ធការចងសម្ព័ន្ធនេះ​ដែរ លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា យល់ថា កន្លងមកបក្សក្រៅរដ្ឋាភិបាលក៏ធ្លាប់រួបរួមគ្នាដែរ ដោយបង្កើតបានបក្សសង្គ្រោះជាតិកន្លងមក ប៉ុន្តែជាលទ្ធផលបក្សនោះ នៅតែចាញ់ក្នុងការប្រកួតប្រជែងការបោះឆ្នោត។ 
 
បច្ចុប្បន្នបក្សតូចៗ ដែលបែកចេញពីបក្សសង្គ្រោះជាតិ ផ្ដើមមានបំណងរួមគ្នាទៀត។ ប៉ុន្តែ លោក សុខ ឥសាន យល់ថាការរួមគ្នាជាថ្មីនេះ នៅតែចាញ់ដូចកាលពីមុនដដែល។ 
 
«ឥឡូវនេះ បក្សតូចៗចង់រួមគ្នាហ្នឹងចេញមកពីណា!? គឺមកពីឥស្សរៈជនបក្សសង្គ្រោះជាតិដែលចាញ់។ អ៊ីចឹង គាត់បែកខ្ញែកគ្នា ហើយគាត់ផ្គុំគ្នាវិញ ក៏គាត់នៅតែចាញ់ដដែល មិនធ្វើឲ្យបក្សប្រជាជនកំពុងកាន់អំណាចដ៏រឹងមាំ មានការភ័យខ្លាច ចំពោះការចងសម្ព័ន្ធភាពរបស់ពួកគាត់ទេ»។ នេះជាការលើកឡើងរបស់ លោក សុខ ឥសាន ដែលប្រាប់សារព័ត៌មានថ្មីៗ ។ 
 
ពាក់ព័ន្ធនឹងការចងសម្ព័ន្ធនេះ គឺមាន៣ ជម្រើស។ ទី១ ការចែកមណ្ឌលគ្នាឈរឈ្មោះ ទី២ ការរួមគ្នាក្រោមឈ្មោះគណបក្សណាមួយ និងទី៣ ការរួមគ្នាបង្កើតគណបក្សថ្មី។ ជម្រើសទាំងបី គឺផ្ដួតផ្ដើមគ្នាដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦កក្កដា ។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពន្យល់ថា ជម្រើសទី១ និយាយពីការចែកមណ្ឌលគ្នាឈរឈ្មោះ គឺងាយស្រួល ហើយសមស្របសម្រាប់បរិបទនយោបាយ។  ចំណែក ជម្រើសទី២ ការជ្រកក្រោមឈ្មោះបក្សតែមួយ គឺមិនចាំបាច់ឲ្យបក្សមួយ ទៅចូលរួមបក្សមួយទៀត ហើយរំលាយបក្សខ្លួនឡើយ ពោលគឺគ្រាន់តែឲ្យបេក្ខជនខ្លួន ទៅចូលរួមឈរឈ្មោះបោះឆ្នោតនៅបក្សមួយទៀតប៉ុណ្ណោះ។ ចំណែក ជម្រើសទី៣ ការរួមគ្នាបង្កើតគណបក្សថ្មី គឺមានការលំបាកច្រើន ព្រោះត្រូវប្រើពេលវែង។ 
 
យ៉ាងណា លោក សាម អ៊ីន សង្កត់ធ្ងន់ថា ការចងសម្ព័ន្ធនេះ អាចដំណើរការបាន ដោយមានជម្រើសទី១ និងទី២ បញ្ចូលគ្នា ដោយអាស្រ័យលើការចចារគ្នារវាងបណ្ដាបក្សនីមួយៗ ដែលមានបំណងចង់រួមគ្នា៕ 
 
 
គួរបញ្ជាក់ថា កាលពីអំឡុងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិ ដែលមានការរួមបញ្ចូលគ្នាតែមួយរវាងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី (បច្ចុប្បន្ន ប្ដូរមកជាគណបក្សភ្លើងទៀន) របស់លោក សម រង្ស៊ី ទទួលបានអាសនៈ៥៥ ក្នុងរដ្ឋសភា ។ ឯបក្សប្រជាជន បាន៦៨កៅអី។
 
ប៉ុន្តែអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោលវិញ នៅថ្ងៃទី១៦ វិច្ឆិកា ២០១៦ ដោយការទាញភ្ជាប់ជាមួយករណីលោក កឹម សុខា ដែលដឹកនាំបក្ស ជាប់បទចោទ«គប់គិតជាមួយបរទេស»។ បច្ចុប្បន្ននេះ លោក កឹម សុខា នៅតែបន្តសវនាការលើសំណុំរឿងនេះ។
 

Tag:
 នយោបាយ
  ចងសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com