កីឡាជាតិ
ជាតិ
សហព័ន្ធម៉ូតូទឹកកម្ពុជា នឹងស្នើឲ្យគណៈកម្មការ World Series បកស្រាយពីការហាមកម្ពុជា ប្រកួតលើវិញ្ញាសាសក្ដានុពល
29, Jul 2022 , 3:26 pm        
រូបភាព
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងពិភាក្សា រៀបចំហេដ្ឋារចនាសម្ព័ន្ធ សហព័ន្ធកីឡាម៉ូតូទឹក_ រូបពីអគ្គនាយកដ្ឋានកីឡា
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងពិភាក្សា រៀបចំហេដ្ឋារចនាសម្ព័ន្ធ សហព័ន្ធកីឡាម៉ូតូទឹក_ រូបពីអគ្គនាយកដ្ឋានកីឡា
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នឹងសុំការបកស្រាយពីសហព័ន្ធកីឡាម៉ូតូទឹកថៃ និងគណៈកម្មការរៀបចំការប្រកួត World Series 2022 ជុំទី១ នៅប្រទេសប៉ូឡូញ  ដែលហាម​កីឡាករកម្ពុជា ប្រកួតលើប្រភេទវិញ្ញាសា ។



ការប្រកួត World Series ជុំទី១ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែកក្កដា នៅប្រទេសប៉ូឡូញ បានបញ្ចប់ហើយ។ ប៉ុន្ដែកីឡាករកម្ពុជា មិនសប្បាយចិត្តចំពោះគណៈកម្មការរៀបចំការប្រកួតនេះឡើយ។ កីឡាករ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន ត្រូវបានគណៈកម្មការរៀបចំការប្រកួត ហាមមិនឱ្យប្រកួតលើ វិញ្ញាសា Expert Ski GP តាមសំណើរបស់សហព័ន្ធកីឡាម៉ូតូទឹកថៃ។ Expert Ski GP ជាជំនាញរបស់ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន។
 
ប៉ុន្តែកីឡាករទាំងពីរនេះ ត្រូវបានអនុញ្ញាតប្រកួតលើវិញ្ញាសា Pro Aim Ski Lites ដែលមិនមែនជាជំនាញខ្លួនទៅវិញ។ ពួកគេធ្វើមិនបានល្អឡើយ លើវិញ្ញាសានេះ។
 
ជំវិញបញ្ហានេះ ប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា លោក ណុះ ស្លេះ នឹងជួបសហព័ន្ធអន្តរជាតិ ដើម្បីសួរនាំ។
 
ថ្លែនប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក ណុះ ស្លេះ បាននិយាយថា៖«ការទាមទារកដំណោះស្រាយភ្លាមៗ ចំពោះកីឡាករកម្ពុជា មិនមានទេ ព្រោះខ្ញុំ មិនស្ថិតនៅកន្លែងប្រកួតផ្ទាល់។ ខ្ញុំ នឹងពិភាក្សាជាមួយសហព័ន្ធអន្ដរជាតិ។ ចំពោះការតវ៉ាជារឿងហួសហើយ តែខ្ញុំ និងសួររកហេតុផល។ ដល់តែយើងជួបគេផ្ទាល់ ដើម្បីដោះស្រាយ យើងមិនអាចនិយាយតាមទូរស័ព្ទរកដំណោះស្រាយបានទេ។»។

បន្ថែមពីនេះលោក ណុះ ស្លេះ នឹងពិនិត្យមើលលើការប្រកួត ជាពិសេសច្បាប់ និងនីតីវិធីក្នុងការប្រកួត នៃព្រឹត្តិការណ៍ឲ្យច្បាស់សិន។ ប្រធានសហព័ន្ធរូបនេះ បានពន្យល់បន្ថែមថា អ្នកបច្ចេកទេស អាចពិនិត្យមើលលើគ្រឿងម៉ូតូ ដែលត្រូវតាមវិញ្ញាសា។ ប្រសិនជា ម៉ាស៊ីនម៉ូតូ មិនត្រូវជាមួយវិញ្ញាសា ក៏មិនអនុញ្ញាតឲ្យប្រកួតដែរ ។ បើតាមលោក ស្លេះ រាល់ការប្រកួតមានចែងក្នុងសៀវភៅបច្ចេកទេស (Technical Handbook)។
 
«យើង នឹងជួបជាមួយភាគីថៃ ដើម្បីទទួលបានការបកស្រាយពីភាគីថៃ ព្រោះពេលខ្លះ អាចមានហេតុផលណាមួយ ស្ថិតក្នុងការចែងពីវិន័យ ឬលក្ខ័ន្ដិក នៃការប្រកួត ព្រោះមិនទាន់បានដឹករឿងច្បាស់។ ខ្ញុំ នឹងជំរុញឲ្យ សាលី អ៊ូមើត និងកីឡាករផ្សេងទៀត ចូលប្រកួតព្រឹត្តិការណ៍ World Series នេះឲ្យបាន ព្រោះជាព្រឹត្តិការណ៍ដែលចូលរួម៣ទ្វីប ហើយពិបាកក្នុងការយកឈ្នះណាស់។»។ លោក ណុះ ស្លេះ បានប្រាប់បែបនេះ។
 
ប្រធានសហព័ន្ធម៉ូតទឹក បន្ថែមថា ព្រឹត្តិការណ៍នេះ មានការចូលរួមពីជើងខ្លាំងមកពីបណ្ដាទ្វីបទាំង៣ ហើយសហព័ន្ធកីឡាម៉ូតូទឹកថៃ មានចំណែកក្នុងការរៀបចំការ ជាមួយម្ចាស់ផ្ទះប៉ូឡូញ និងសហព័ន្ធម៉ូតូទឹកអន្ដរជាតិ។ លោក បានលើកទឹកចិត្តកីឡាករកម្ពុជា ឲ្យបន្ដការប្រឹងប្រែងប្រកួតនៅជុំទី២ នៅសហរដ្ឋអាមេរិក នៅអំឡុងខែតុលា។
 
«ដោយសារ យើងមិនបានទៅចូលរួមជាមួយកីឡាករផ្ទាល់ ព្រោះការបំពេញបែបបទច្រើន ហើយម្យ៉ាងទៀតពេលជិតដល់ពេល និងត្រូវការចាំVisa យូរផង។ ដូចនេះ មានមន្ដ្រីខាងសហព័ន្ធម្នាក់បានទៅ។ យើង មិនធ្លាប់ជួបនូវបញ្ហាបែបនេះ ពីមុនទេ»។ នេះបើតាមលោក ស្លេះ។
 
ប្រធានរូបនេះ គ្រោងនឹងទៅសហរដ្ឋអាមេរិក សម្រាប់ការ​ប្រកួត World Series 2022 ជុំទី២ នាអំឡុងខែតុលា ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករ និងពិភាក្សាជាមួយប្រធានសហព័ន្ធអន្ដរជាតិ ដើម្បីជួយដល់ការរៀបចំកីឡាម៉ូតូទឹក និងការងារបច្ចេកទេសអំឡុងពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម៕
 

Tag:
 កីឡាម៉ូតូទឹក
  សាលី អ៊ូមើត
  ណុះ ស្លេះ
  World Series
© រក្សាសិទ្ធិដោយ thmeythmey.com