អន្តរជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនាំពាក្យប្រធានអាស៊ាន៖ អាស៊ាន មិនចង់ឃើញមានសង្រ្គាមនុយក្លេអ៊ែរទេ
02, Aug 2022 , 6:20 pm        
រូបភាព
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពជា
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពជា
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ បានយល់ឃើញថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនអាចដោះស្រាយបញ្ហាបានទេ។ បើតាមលោកគង់ ភោគ អាស៊ានមិនចង់ឃើញ សង្រ្គាមនុយក្លេអ៊ែរកើតឡើងឡើយ។



ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែសីហា បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយមានវត្តមានរបស់លោក លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ 
 
ក្នុងសន្និសីទសារព័ត៌មាននេះ លោក គង់ ភោគ បានអះអាងថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនអាចដោះស្រាយបញ្ហាបានទេ ហើយអាស៊ានក៏មិនចង់ឱ្យសង្រ្គាមមួយនេះកើតឡើងដែរ។ 
 «យើង (អាស៊ាន) ជាប្រទេសទាំង១០ ដែលមិនមានអាវុធនុយក្លេអ៊ែរទេ។ ហេតុផលដែលយើងមានសន្ធិសញ្ញានេះ អាស៊ាន មិនចង់ឃើញសង្រ្គាមនុយក្លេអ៊ែរលើពិភពលោក»។ អ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឆ្លើយបែបនេះទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរសំណួរជុំវិញការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី ទាក់ទិននឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាដែលលោកគង់ ភោគលើកឡើងនោះ គឺសំដៅដល់សន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ (SEANWFZ)។ 

អត្ថបទទាក់ទង
 
លោក គង់ ភោគ បានបន្តថា អាស៊ាន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាដៃគូជុំវិញបញ្ហានុយក្លេអ៊ែរនេះ។ មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសរូបនេះ បានជំរុញឱ្យប្រទេសមហាអំណាចនុយក្លេអ៊ែរ កុំគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ លើរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរផង។ 
 
សូមបញ្ជាក់ថា ការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាខាងលើ ធ្វើឡើងស្របពេលសន្និសីទត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ កំពុងធ្វើឡើងនៅស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែសីហា៕
 
 

Tag:
 អាស៊ាន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com