អន្តរជាតិ
ចិនលុបចោលជំនួបរដ្ឋមន្រ្តីការបរទេសជាមួយជប៉ុននៅភ្នំពេញ ក្រោយសេចក្តីថ្លែងការណ៍របស់ G7
04, Aug 2022 , 4:02 pm        
រូបភាព
លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី៤ ខែសីហា បានប្រកាសលុបចោលជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ជាមួយសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅក្រុងភ្នំពេញ បន្ទាប់ពីក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាតៃវ៉ាន់។

 
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ដោយមានជប៉ុនជាសមាជិកផង នៅថ្ងៃទី៣ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីក្តីបារម្ភជុំវិញសមយុទ្ធយោធារបស់ចិននៅជុំវិញតៃវ៉ាន់ ដែលអាចបង្កឱ្យភាពតានតឹងកាន់តែធំឡើង។ 
 
បន្ទាប់ពីសេចក្តីថ្លែងការណ៍នោះ ក្រសួងការបរទេសចិន បានប្រកាសលុបចោលជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ជាមួយសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅក្រុងភ្នំពេញ នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ 
 
«ចិននឹងមិនរៀបចំកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសចិន និងជប៉ុន នៅក្រៅកិច្ចប្រជុំអាស៊ាននៅកម្ពុជាទេ»។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងបែបនេះ នៅថ្ងៃទី៤ ខែសីហា ដោយបន្ថែមថា ចិនជំទាស់ជាដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
កន្លងមក ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានស្រង់ប្រភពមន្រ្តីជប៉ុនថា ប្រមុខការទូតជប៉ុន និងចិន អាចជួបគ្នានៅក្រៅកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី៤ ខែសីហា៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com