អន្តរជាតិ
ប្រមុខការទូតម៉ាឡេស៊ី ជំរុញឱ្យអាស៊ានភ្ជាប់ទំនាក់ទនងជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា
11, Aug 2022 , 8:29 pm        
រូបភាព
លោក Saifuiddun Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី។ រូបភាព៖ AP
លោក Saifuiddun Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuiddun Abdullah នៅថ្ងៃទី១០ ខែសីហា បានជំរុញឱ្យអាស៊ានគាំទ្រប្រជាជនមីយ៉ាន់ម៉ា និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមប្រឆាំង ដែលបង្កើតឡើងក្រោយរដ្ឋប្រហារយោធា រួមទាំងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ ប្រមុខការទូតរូបនេះ បានយល់ថា ប្រេសិតពិសេសអាស៊ាន គួរតែមានអាណត្តិលើសពីមួយឆ្នាំ ដើម្បីអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព។



 
ស្ថានការណ៍នយោបាយជាងរយៈពេលមួយឆ្នាំមកនេះ កាន់តែមានភាពស្មុគស្មាញបន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានអនុវត្តទោសប្រហារជីវិតលើសមាជិកប្រឆាំងចំនួន ៤រូប រួមទាំងមានការប៉ះទង្គិចរវាងយោធា និងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) 
 
ស្របពេលការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ៥ចំណុច មិនមានភាពរីកចម្រើន រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ក្នុងអំឡុងទស្សនកិច្ចនៅថៃ បានអំពាវនាវឱ្យអាស៊ានគាំទ្រប្រជាជនមីយ៉ាន់ម៉ា និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមប្រឆាំងយោធា រួមទាំងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ 
 
«ពេលនេះ វាមានតែភាគីតែម្ខាងប៉ុណ្ណោះ។ យើង(អាស៊ាន) មានទំនាក់ទំនងតែជាមួយរបបយោធាប៉ុណ្ណោះ»។ ប្រមុខការទូតម៉ាឡេស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ​ ដោយបន្តថារដ្ឋមន្រ្តីការបរទេសអាស៊ាននៅសប្តាហ៍មុន បានពិភាក្សាលទ្ធភាពស្វែងរកភាគីទី៣ ដើម្បីជួយអាស៊ាន ក្នុងដំណើរការស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ាផងដែរ ព្រោះអាស៊ានមិនអាចធ្វើរឿងនេះតែម្នាក់ឯងបានទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ លោក Saifuddin ក៏បានយល់ឃើញផងដែរថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន គួរតែមានអាណត្តិលើសពីមួយឆ្នាំ ដើម្បីបំពេញការងារឱ្យាមានប្រសិទ្ធភាព។ 
 
កន្លងមក អាស៊ាន បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះស្ថានការណ៍នយោបាយមីយ៉ាន់ម៉ា ហើយថែមជំរុញឱ្យវាយតម្លៃពីការអនុវត្តរបស់យោធាមីយ៉ាន់ម៉ា ចំពោះការឯកភាព ៥ចំណុច ដែលបានដាក់ចេញដោយមេដឹកនាំអាស៊ាន នៅក្នុងខែមេសា កន្លងមកថែមទៀត។ 
 
ជាការឆ្លើយតប យោធាមីយ៉ាន់ម៉ា បានបានចេញសេចក្តីថ្លែងការណ៍មួយជំទាស់សេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីការបរទេសអាស៊ាន។ បើតាមយោធាមីយ៉ាន់ម៉ា ខ្លួននឹងបន្តគោរពតាមផែនការប្រាំចំណុចមីយ៉ាន់ម៉ា ដែលដាក់ចេញនាពេលកន្លងមក។ 
 
កម្ពុជា នៅថ្ងៃទី១១ ខែសីហា បានបញ្ចេញសេចក្តីថ្លែងការណ៍រួមរបស់ប្រធានអាស៊ានជុំវិញកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា និងរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី។ សេចក្តីថ្លែងការណ៍ទាំងពីរនេះ បានបញ្ជាក់ដូចគ្នាថា កិច្ចប្រជុំឯកភាពឱ្យប្រេសិតពិសេសអាស៊ាន គួរតែភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានឆាប់រហ័ស៕
 

Tag:
 ម៉ាឡេស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com