ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង៧នាក់ទៀត ត្រូវជាប់ទោសពី១ឆ្នាំកន្លះដល់៣ឆ្នាំ
11, Aug 2022 , 5:24 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន 

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសអ្នកប្រឆាំង៧នាក់ទៀត ឲ្យជាប់ពន្ធនាគារចាប់ពី១ឆ្នាំកន្លះ ដល់៣ឆ្នាំ ក្រោមបទចោទញុះញង់ឲ្យមានអសន្តិសុខសង្គម និងបទប្រមាថព្រះមហាក្សត្រ។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមអំពីការផ្តន្ទាទោសនេះ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

 
អ្នកទាំង៧នាក់នោះ រួមមាន លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ លោក ម៉ន ផល្លា លោក ម៉ោញ សារ៉ាត់ លោក ម៉ិច ហ៊ាង អ្នកស្រី ឡាញ់ ថាវរី និង អ្នកស្រី កឹម តុលា។

ក្នុងចំណោមអ្នកទាំង៧ លោក ម៉ិច ហ៊ាង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ក្រោមបទប្រមាថព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ឯ៦នាក់ទៀត ត្រូវកាន់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះដូចគ្នា ក្រោមបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ ពួកគេ ត្រូវបានតុលាការ រកឃើញថា បានប្រព្រឹត្តបទល្មើសនេះ តាំងពីឆ្នាំ២០១៩មក។ 
 
យ៉ាងណាក៏ដោយ ពួកគេ មិនមែនស្ថិតក្នុងពន្ធនាគារទាំងអស់គ្នានោះទេ ដ្បិតពួកគេភាគច្រើន គេចទៅរស់នៅឯក្រៅប្រទេស។ លោក សំ សុគង់ មេធាវីការពារក្តីឲ្យពួកគេ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លី នៅថ្ងៃទី១១ ខែសីហានេះថា ក្នុងចំណោមអ្នកទាំង៧នាក់ មានតែលោក ម៉ិច ហ៊ាង និង អ្នកស្រី ថាញ់ ថាវរី ប៉ុណ្ណោះ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ 
 
សូមរម្លឹកបន្តិចថា កាលពីខែមិថុនា ឆ្នាំ២០២២ មេដឹកនាំប្រឆាំង និងសកម្មជនប្រឆាំង ក្នុងរង្វង់ពី៤០នាក់ដល់ជិត៦០នាក់ ដែលស្ថិតក្នុងសំណុំរឿងតែ១ជាមួយគ្នា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ៨ឆ្នាំ ក្រោមបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម និងបទរួមគំនិតក្បត់ជាតិ។ ក្នុងចំណោមអ្នកទាំងអស់នោះ មានអ្នកខ្លះ កំពុងរស់នៅក្រៅប្រទេស ហើយអ្នកខ្លះ កំពុងជាប់ឃុំនៅកម្ពុជា៕ 
 
 
 

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com