ជាតិ
លោក ឡេង ណាវ៉ាត្រា៖ ខ្ញុំមិនដែលមានចេតនាណាមួយ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ
18, Aug 2022 , 3:15 pm        
រូបភាព
ដោយ: រួបរួម
ក្រោយរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចលុបចោទ ស.ជ.ណ. តំបន់ភ្នំតាម៉ៅ លោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា បានចេញសារជាសំឡេងដែលមានរយៈពេល៤នាទីកន្លះ ដោយបានសន្យាទទួលខុសត្រូវទាំងអស់តាមបទបញ្ជារដ្ឋាភិបាល ហើយលោកក៏បានឆ្លៀតបកស្រាយពីគោលដំណងដើមរបស់ខ្លួនលើគម្រោងអភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅ។

 
«ថ្ងៃទី១៦ ខែសីហានេះ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀត លើការដាំដុះ ថែទាំ និងរៀបចំឲ្យទៅជាឧទ្យានជាតិ  ក្រុមហ៊ុនសូមទទួលខុសត្រូវតាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់»។ នេះជាការអះអាងរបស់លោក ឡេង ណាវ៉ាត្រា តាមរយៈសារជាសំឡេង ដែលសារព័ត៌មានថ្មីៗទទួលបាន។ 
លោកបានបញ្ជាក់ថា ក្រោយការសម្រេចលុបចោលគម្រោងពីសំណាក់រដ្ឋាភិបាល ក្រុមហ៊ុនបានសម្រេចផ្អាកសកម្មភាពទាំងអស់ភ្លាមៗ ហើយតាមការណែនាំរបស់លោក ហ៊ីង ប៊ុនហៀង មេបញ្ជាករអង្គរក្ស ក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដើម្បីសម្អាត និងដាំដុះ។
 
ជាមួយគ្នានេះផងដែរ មហាសេដ្ឋីវ័យក្មេងរូបនេះ បានលើកយកសាច់រឿង និងគោលបំណងរបស់ខ្លួនទាក់ទងនឹងគម្រោងអភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅ មកបំភ្លឺ ដោយបានអះអាងថា ក្រុមហ៊ុនមានបំណងឲ្យពលរដ្ឋមិនទាន់មានលំនៅដ្ឋានអាចទិញគម្រោងដោយការបង់ក្នុងតម្លៃថោកប្រចាំខែ។ គម្រោងរបស់ក្រុមហ៊ុន គឺការបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី។
 
លោក ឡេង ណាវ៉ាត្រា បានចាត់ទុកថា ជាការលាបពណ៌ចំពោះការចោទប្រកាន់ថា លោកធ្វើការឲ្យអ្នកនេះ ធ្វើឲ្យអ្នកនោះ ដោយលោកឆ្លៀតរៀបរាប់បន្ថែមពីប្រវត្តិផ្ទាល់ខ្លួន ដែលកើតចេញពីគ្រួសារក្រីក្រមួយនៅស្រុកបាភ្នំ ខេត្តព្រៃវែង និងមានជីវិតជាពលករនៅកូរ៉េខាងត្បូងរយៈពេល២ឆ្នាំ។
  
«បងប្អូនខ្ញុំមាន៥នាក់ គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ ចំណែកខ្ញុំជួយរែកដីឪពុកខ្ញុំតាំងពីអាយុ១២ឆ្នាំដើម្បីដោះស្រាយការហូបចុក ហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរ។ មកដល់ពេលនេះទោះខ្ញុំមានជីវភាពសមរម្យ  ខ្ញុំតែងតែបរិច្ចាគលះបង់ ជួយសង្គមជួយអ្នកជុំវិញខ្លួន។ ខ្ញុំមិនដែលមានចេតនាណាមួយ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ»។ នេះជាការបញ្ជាក់របស់លោក ឡេង ណាវ៉ាត្រា។
 
លោក ឡេង ណាវ៉ាត្រា បានអះអាងថា លោកពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ដ៏អាក្រក់ទៅលើខ្លួន ខណៈក្រុមហ៊ុនលោកផ្តល់ចំណូលផ្គត់ផ្គង់បុគ្គលិក និងគ្រួសាររបស់ពួកគេរាប់ពាន់នាក់។ «វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹងប្រែងជួយសង្គមលះបង់គ្រប់បែបយ៉ាង»។ 
 
ក្នុងសារសំឡេងរបស់ខ្លួន លោក ឡេង ណាវ៉ាត្រា ថា លោកសុខចិត្តដើរចូលគុក ប្រសិនបើស៊ើបឃើញថា លោកបានលក់ឈើ១មីល្លីម៉ែត្រ។ លោកបានក៏ច្រានចោលការចោទប្រកាន់អំពីការលាងកខ្វក់ដែលជាបទឧក្រិដ្ឋកម្មអន្តរជាតិ និងថា មានអ្នកនៅពីក្រោយផងដែរ។
   
«អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់នាក់»។ នេះជាការបញ្ជាក់របស់លោក ឡេង ណាវ៉ាត្រា ដោយសូមទោសផងដែរចំពោះសម្តេចលើសលួសណាមួយរបស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com