ជាតិ
សង្គមជាតិ
ឃាត់ខ្លួនជនសង្ស័យ និង​ជួយជន​រងគ្រោះមួយចំនួន​ក្នុងប្រតិបត្តិការពិនិត្យកន្លែងនៅជនបរទេសក្នុងខេត្ត​កណ្តាល និងព្រះសីហនុ
19, Aug 2022 , 7:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុកសម្ដេច ស ខេង
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុកសម្ដេច ស ខេង
ក្នុង​ប្រតិបត្តិការ​ចុះត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ជនជាតិបរទេស ដើម្បីទប់ស្កាត់ការជួញដូរនិងការបង្ខាំងមនុស្សខុសច្បាប់ សមត្ថកិច្ចឃាត់ជនសង្ស័យ និងជួយជនរងគ្រោះបានមួយចំនួន។ ប្រតិបត្តិការនេះ បានធ្វើឡើងក្នុងខេត្តកណ្ដាល និងព្រះសីហនុ។

-
 
ប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ជនបរទេស បានចាប់ផ្ដើមកាលពីថ្ងៃទី១៨សីហា ក្នុងខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការជួញដូរនិងបង្ខាំងមនុស្សខុសច្បាប់។ 
 
ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ប្រចាំឆមាសទី១ កាលពីព្រឹកថ្ងៃទី១៩នេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យកន្លែងស្នាក់នៅជនបរទេស ដើម្បីទប់ស្កាត់ការជួញដូរនិងបង្ខាំងមនុស្សខុសច្បាប់ ពិតជាបានរកឃើញករណីខ្លះជាករណីពិតមែន។ ជាមួយគ្នាដែរ សមត្ថកិច្ចបានឃាត់មេខ្លោង និងជនសង្ស័យមួយចំនួន។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងខេត្តកណ្ដាល ខេត្តព្រះសីហនុ និងបន្តធ្វើនៅខេត្តដទៃទៀតជាបន្តបន្ទាប់។ 
 
ក្នុងកិច្ចប្រតិបត្តិការនេះ សម្ដេច ស ខេង បានឲ្យដឹងថា៖ «យើងចុះទៅបានឃើញ ករណីខ្លះវាមិនពិតទាំងស្រុកទេ តែខ្លះក៏ពិត។ ហើយបេសក​កម្មយើង ទី១សង្គ្រោះជនរងគ្រោះ ទី២គឺចាប់មេខ្លោងពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់»។ 
 
ជុំវិញករណីបង្ខាំងមនុស្សនេះ កាលពីថ្ងៃទី១៨ មានវីដេអូមួយបានចែកចាយលើបណ្ដាញសង្គម ហើយសរសេររៀបរាប់ថា ក្រុមជនជាតិវៀតណាមនិងជនជាតិចិន បាននាំគ្នាសម្រុកចេញពីអគារកាស៊ីណូមួយកន្លែង នៅស្រុកកោះធំ ខេត្តកណ្ដាល។ តាមវីដេអូ មានមនុស្សជាប្រហែល៣០នាក់រត់ចេញ។ 
 
ពាក់ព័ន្ធនឹងករណីនេះ សម្ដេច ស ខេង លើកឡើងយ៉ាងដូច្នេះ៖ «ករណីខេត្តកណ្ដាលនេះ យើងបានឃាត់អ្នកពាក់ព័ន្ធ មេខ្លោង និងជនរងគ្រោះមួយចំនួន។ ហើយនៅកំពង់សោម ក៏ដូចគ្នាដែរ…»។ ទន្ទឹមនឹងនេះ បើតាម សម្ដេច ស ខេង ក្រុមអ្នកដែលរត់ចេញទាំងនោះ ប្រហែលជាក្រុមដែលចូលមកធ្វើការខុសច្បាប់ ដោយមេខ្លោងទាំងនោះ សន្យាផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងជាថ្នូរ។ ប៉ុន្តែ ជាក់ស្ដែង ពុំមានកិច្ចសន្យាអ្វីច្បាស់លាស់ឬពុំដូចការសន្យា។ 
 
កម្ពុជា មិនអស់ចិត្តទាល់តែសោះ នៅពេលដែលត្រូវបានអាម៉េរិក ដាក់ចូលទៅក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការជួញដូរមនុស្សកម្រិតធ្ងន់ធ្ងរ ខណៈកម្ពុជា ក៏ប្រឹងប្រែងប្រឆាំងនឹងការជួញមនុស្សដែរនោះ។ កម្ពុជា ចាំបាច់ត្រូវរកភស្តុតាងដោយខ្លួនឯង ដើម្បីបញ្ជាក់ឲ្យច្បាស់ថា កម្ពុជា ពិតជាដូចអាម៉េរិកថាមែន ឬមិនមែន។ ដើម្បីរកចម្លើយនេះឃើញ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នមានសមត្ថកិច្ច សម្រេចជ្រើសរើសយកមធ្យោបាយ១មកប្រើ គឺត្រួតពិនិត្យលើការរស់នៅរបស់ជនបរទេសនៅកម្ពុជា។
 
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសពីការបើកប្រតិបត្តិការត្រួតពិនិត្យការរស់នៅរបស់ជនបរទេសនេះ ក្នុងឱកាសដែលសម្តេច ចូលរួមធ្វើជាអធិបតីបិទវគ្គបណ្តុះបណ្តាលសុក្រឹតការថ្នាក់ដឹកនាំនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ សម្តេច អះអាងថា ក្រសួងមហាផ្ទៃ នឹងរៀបចំផែនការឲ្យបានហ្មត់ចត់ ក្នុងការបំពេញបេសកកម្មនេះ៕
 
អត្ថបទទាក់ទង
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com