កីឡាអន្តរជាតិ
អន្តរជាតិ
អតីតកីឡាករបាល់ទាត់ James និង Eboue ធ្លាក់ខ្លួនក្រដោយសារចាញ់ក្តីលែងលះ
21, Aug 2022 , 10:19 pm        
រូបភាព
David James អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និង Liverpool ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ល្បីឈ្មោះចំនួន៥រូប ដែលធ្លាក់ខ្លួនក្រ រហូតជាប់បំណុលខ្ទង់លានដុល្លារ។ Emmanuel Eboue អតីតខ្សែការពារ Arsenal  ក៏នៅក្នុងចំណោមនោះដែរ។

 
ដូចដែលលោកអ្នកបានដឹងហើយថា បាល់ទាត់ជាកីឡាមានប្រជាប្រិយភាពហើយកីឡាករអាចទទួលបានប្រាក់ខែខ្ពស់បំផុតមួយក្នុងពិភពកីឡាលើលោក។ កីឡាករអាជីពភាគច្រើនបានក្លាយជាអ្នកមានទ្រព្យច្រើនតាមរយៈប្រាក់ឈ្នួល កិច្ចសន្យាជាមួយក្រុមហ៊ុនពាណិជ្ជកម្ម និងការប្រកបរបរផ្សេងៗបន្ថែម។
 
ទោះបីជាយ៉ាងណាក៏ដោយ មានកីឡាករបាល់ទាត់មួយចំនួន ក៏បានក្ស័យធនផងដែរ ដោយសារពួកគេបានចំណាយប្រាក់ទាំងអស់នោះខុស ឬមិនកាក់កបនឹងមុខជំនួញជាដើម។ កីឡាករដែលធ្លាក់ខ្លួន ក្រោមមូលហេតុជាច្រើនទៀត ដូចជាដោយសារការលែងលះគ្នា និងឈ្លក់នឹងល្បែងជាដើម។ 
 
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីអតីតកីឡាករបាល់ទាត់ចំនួន៥រូប ដែលបានក្ស័យធន និងជំពាក់បំណុលធនាគារខ្ទង់លានដុល្លារ បន្ទាប់ពីពួកគេចាយលុយខ្ជះខ្ជាយ៖
១- David James អតីតអ្នកចាំទី Liverpool និង Manchester City ជាដើម ធ្លាប់រកលុយបានពីវិស័យបាល់ទាត់​បានរហូតដល់​៣០​លាន​ដុល្លារ​។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ បុរសសញ្ជាតិអង់គ្លេសរូបនេះក្ស័យធនអស់ប្រាក់ពីខ្លួន រហូតជំពាក់បំណុល ៣ លានដុល្លារថែមទៀត។ មូលហេតុដោយសារ James ចាយវាយខ្ជះខ្ជាយ និងអស់ប្រាក់ដោយសារការលែងលះ។ ប៉ុន្តែសព្វថ្ងៃគេចផុតពីទុកលំបាកនេះហើយ ក្រោយចាប់យកវិស័យដើរមូឌវិញ។
 
២- Brad Friedel អតីតអ្នកចាំទី Tottenham Hotspur និងបង្ហាញខ្លួនជាង៣០០ប្រកួតនៅ​ Premier League ធ្លាប់ធ្លាក់ខ្លួនជំពាក់បំណុលធនាគារហូតដល់ ៦លានដុល្លារ។ សព្វថ្ងៃ Friedel ដែលបង្ហាញខ្លួននៅ FIFA World Cup ៣លើកជាមួយជម្រើសជាតិ​អាម៉រិក​រួចផុតពីបំណុលហើយ និងស្ថិតក្នុងការងារ​ជា​គ្រូ​បង្វឹក។
 
៣- Emmanuel Eboue អតីត​ខ្សែការពារ Arsenal និងជម្រើសជាតិកូដឌីវ័រ ​ធ្លាក់ខ្លួន​វេទនា​ខ្លាំង​ដល់​ថ្នាក់​គ្មាន​ផ្ទះសំបែង បន្ទាប់ពី​រូបគេ​បាន​លែងលះ និង​ចាញ់​ក្តីអតីត​ភរិយា​​។ អស់លុយពីខ្លួនដែលរកបានពីអាជីពបាល់ទាត់រាប់លានដុល្លារហើយ Eboue ត្រូវសងបំណុល១លានដុល្លារថែមទៀត។ 
 
៤- Paul Merson អតីត​កីឡាករ​​អង់គ្លេស ​និងខ្សែប្រយុទ្ធឆ្នើមរបស់​ Arsenal។ ក្នុងអាជីពបាល់ទាត់ Merson អាចរកប្រាក់យ៉ាងច្រើន ប៉ុន្តែទម្លាប់លេងភ្នាល់ ល្បែង និងញៀនស្រី បានធ្វើឱ្យរូបគេអស់ប្រាក់ពីខ្លួនចំនួន ៣០ លានដុល្លារ និងជំពាក់បំណុលជិតមួយលានដុល្លារថែមទៀត។ យ៉ាងណា ក្រោយប្តូរទម្លាប់អាក្រក់ទាំងអស់នេះបុរសវ័យ៥៤ឆ្នាំ អាចរកទ្រព្យបាន ១៣ លានដុល្លារវិញ ក្នុងការងារជាអ្នកវិភាគនៅ Sky Sports។
 
៥- Royston Drenthe អតីតកីឡាករ Real Madrid ធ្លាប់ប្រឈមមុខនឹងបញ្ហាបំណុល ក្រោយបញ្ចប់អាជីពបាល់ទាត់ ទៅចាប់អាជីពជាអ្នកចម្រៀងវិញ។ អសលុយពីខ្លួនហើយ អតីតខ្សែការពារសញ្ជាតិហូឡង់រូបនេះ ជំពាក់បំណុលធនាគាជិតកន្លះលានដុល្លារថែមទៀត។ សព្វថ្ងៃ Drenthe បានត្រឡប់ចូលលេងឱ្យក្រុម Real Murcia នៃលីគទី៣អេស្ប៉ាញ និងដោះស្រាយជីវភាពប្រសើរឡើងវិញ៕
 
 

Tag:
 David James
  Emmanuel Eboue
© រក្សាសិទ្ធិដោយ thmeythmey.com