ជាតិ
រថយន្ត
លោក មីស៊ែល អ្នកស្នេហាឡានបុរាណនៅបារាំង មានឡានចំណាស់ជិត១០០ឆ្នាំមួយគ្រឿង 
×![]()
បារាំង៖ នៅឯប្រទេសបារាំង មានអ្នកស្នេហារថយន្ដបុរាណច្រើន។ ពួកគេឧស្សាហ៍ប្រមូលផ្តុំគ្នា។ ឧទាហរណ៍ដូចលោក រ៉ាម៉ាស មីស៊ែល ដែលចូលរួមព្រឹត្តិការណ៍ auto-rencard រៀងរាល់ខែ លើកលែងតែករណីធ្លាក់ភ្លៀង ដើម្បីកុំឱ្យប៉ះពាល់ឡានកញ្ចាស់របស់គាត់។ អ្នកចូលនិវត្តន៍មួយរូបនេះ មានរថយន្ដបុរាណម៉ាក RENAULT ២គ្រឿង ដូចជាប្រភេទ 4CV ដែលមានអាយុកាល៧០ឆ្នាំ និងប្រភេទ 6CV ម៉ូឌែល KJ ផលិតខែតុលា ឆ្នាំ១៩២៣ ! លោក មីស៊េល បានទិញឡាន RENAULT 4CV នោះយូរហើយ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖
ប៉ុន្តែគាត់ចង់បានរថយន្ដចាស់ជាងនេះ ដូចដែលត្រូវបានផលិតមុនឆ្នាំ១៩៤០។ លោក រ៉ាម៉ាស មីស៊ែល បន្ថែមថា៖ «ជាង១០ឆ្នាំមុន បន្ទាប់ពីខ្ញុំបានយករថយន្ដម៉ាក រ៉ឺណូ ប្រភេទ ៤សេស មកធ្វើទំនើបកម្មរួចរាល់ហើយ ខ្ញុំចាប់ផ្ដើមរកឡានបុរាណជាងនេះទៀត។ ពេលនោះ ខ្ញុំចង់បានរថយន្ដពីមុនសង្គ្រាមលោកលើកទី២។ ខ្ញុំឃើញ១គ្រឿងនេះ ដែលខូចអស់រលាង។ ដូច្នេះមុនដំបូង ខ្ញុំដកគ្រឿងចេញ ហើយសំអាត ជួសជុល ឬដូរគ្រឿងនី១ៗ យ៉ាងលម្អិត ទាំងដែក ទាំងក្រណាត់កៅស៊ូ ទាំងឈើ។ ខ្ញុំរៀនបច្ចេកទេស ធ្វើឱ្យឈើស្អាតដូចដើម និងបច្ចេកទេសកាត់ឈើថ្មី ធ្វើឱ្យដូចពីដើម។ ខ្ញុំក៏បានដកគ្រឿងម៉ាស៊ីនចេញទាំងអស់ និងរៀនបន្ថែមអំពីមេកានិកបុរាណ។ បំណងរបស់ខ្ញុំ គឺទុកគ្រប់គ្រឿងទាំងអស់ ដែលមិនចាំបាច់ដូរ។»។

គ្រឿងថ្មី ដែលគាត់បានទិញសុទ្ធតែគ្រឿងធ្វើដូចសម័យមុន លើកលែងតែកញ្ចក់ឆ្លុះ និងស៊ីញ៉ូ ដែលពីដើមមិនមានទេ។
ច្បាស់ហើយរថយន្ដ ដែលមានអាយុកាល១០០ឆ្នាំ មានមេកានិក ខុសពីរថយន្ដបច្ចុប្បន្នឆ្ងាយ។ លោក មីស៊ែល ក៏ពន្យល់ប្រាប់អំពីរបៀបបញ្ឆេះម៉ាស៊ីនទាំង២ ៖ « ឡានកញ្ចាស់ដូចនេះ ត្រូវថែទាំឱ្យបានល្អបំផុត។ កុំធ្វើបែបសើចលេងឱ្យសោះ ! មុនបញ្ឆេះ រៀងរាល់ដងត្រូវពិនិត្យមើលកម្រិត និងបើកប្រព័ន្ធទឹក ប្រេង និងសាំង។ រួចហើយ ប្រសិនបើ មានអាគុយ ត្រូវតែចុចប៊ូតុងដេខាងក្នុងប៉ុណ្ណោះ។ បើមិនមានអាគុយវិញ ត្រូវបង្វិលម៉ានីវ៉ែល ដែលស្ថិតនៅខាងមុខ [មិនមានដែកកាងទេ] ដែលជាប្រព័ន្ធបែបដូចឌីណាម៉ូកង់ដែរ។»។
រថយន្ដ RENAULT 6 Chevaux Vapeur ត្រូវបានផលិតពីឆ្នាំ១៩២៣ រហូតដល់ឆ្នាំ១៩២៩។ មានម៉ូឌែល៣ ដែលតាមពិតជាជំនាន់ ដូចជាម៉ូឌែល NN ផលិតពីឆ្នាំ១៩២៤ ដល់ឆ្នាំ១៩២៩ ម៉ូឌែល MT ផលិតពីឆ្នាំ១៩២៤ ដល់ឆ្នាំ១៩២៦ និងម៉ូឌែល KJ ផលិតពីឆ្នាំ១៩២៣ ដល់ឆ្នាំ១៩២៤។ "6 Chevaux Vapeur" គឺជាកំលាំងម៉ាស៊ីន ៦សេស តែម្ដង។ ប៉ុន្តែតាមពិតជាភាសានិយាយគេហៅថា "6 Chevaux" (ស៊ីសឺវោ) និងសរសេរជាអក្សរកាត់ថា 6CV ។ ម៉ូឌែល KJ ត្រូវបានបង្ហាញទៅសធារណជនលើកដំបូង ឆ្នាំ១៩២២ នៅពិព័រណ៍រថយន្ដអន្តរជាតិ នៅប្រទេសបារាំង។ វាស្រាល : ៨៦០គីឡូក្រាមប៉ុណ្ណោះ។ ក៏ប៉ុន្តែវាមិនអាចជិះល្បឿនលើសពី ៦០គីឡូម៉ែត្រក្នុង១ម៉ោងបានទេ។ RENAULT 6CV KJ មានទ្វារតែ១ប៉ុណ្ណោះ ស្ថិតនៅខាងស្ដាំ។ ខាងមុខ មានកៅអីតែ១ប៉ុណ្ណោះ ប៉ុន្តែអាចដាក់កៅអីបន្ថែមខាងស្ដាំក៏បាន សំរាប់កុមារ។ នៅប្រទេសកម្ពុជា មានឡានតែ១គ្រឿងគត់ ពីសម័យដូចគ្នា ប៉ុន្តែត្រូវបាននាំវាចូលពីប្រទេសបារាំងមកជាថ្មីៗនេះ។

បងប្អូនបង្កើត RENAULT Fernand និង Marcel បានបង្កើតក្រុមហ៊ុន RENAULT ឆ្នាំ១៨៩៨ នៅទីក្រុង Boulogne-Billancourt ប្រទេសបារាំង។ បើតាមចំនួនរថយន្ដផលិត ឆ្នាំ២០២១ ក្រុមសម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជាក្រុមសម្ព័ន្ធចំណាក់ថ្នាក់លេខ៣ ទូទាំងពិភពលោក។
គេរៀបចំព្រឹត្តិការណ៍ auto-rencard រៀងរាល់ខែ ថ្ងៃអាទិត្យដំបូង ក្នុងភូមិមួយ នៅខេត្ត រ៉ូណាល ប្រទេសបារាំង។ តាមធម្មតាមិនមានប្រធានបទទេ។ រថយន្ដ ឬទោចក្រយានយន្ដទាំងអស់ ដែលមានអាយុកាលចាប់ពី៣០ឆ្នាំឡើងទៅ អាចជិះទៅចូលរួមបាន មិនថាសម័យណា ម៉ាកណា ឬពីប្រទេសណាទេ។ លោក មីស៊ែល បញ្ចប់ដោយអះអាងថា ៖ « ខ្ញុំឧស្សាហ៍មកបង្ហាញរថយន្ដបុរាណរបស់ខ្ញុំនៅទីនេះ។ គ្រាន់តែបានឈប់ពេលជំងឺកូវីដផ្ទុះខ្លាំង។ ឥឡូវនេះ ខ្ញុំមករៀងរាល់ខែ ថ្ងៃអាទិត្យដំបូង ដូចមុនវិញ»៕



Tag:
យានយន្ត
រថយន្ត
ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com