ជាតិ
សេដ្ឋកិច្ច
រដ្ឋ ប្រកាសលក់មូលបត្របំណុល ទំហំ៣០០លានដុល្លារ ពីខែកញ្ញា តទៅ
25, Aug 2022 , 8:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
មូលបត្ររដ្ឋ ទំហំ៣០០លានដុល្លារ នឹងត្រូវបានបោះលក់សម្រាប់វិនិយោគិន ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ។ ធនគារជាតិនៃកម្ពុជា(NBC) គឺជាអ្នកបោះលក់នូវមូលបត្ររដ្ឋ ឬមូលបត្របំណុលនេះ ។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 
មូលបត្របំណុលទំហំ ១ ២១៩ ពាន់លានរៀល(ប្រមាណ៣០០លានដុល្លារអាម៉េរិក) ដែលរដ្ឋាភិបាលគ្រោងបោះលក់នៅខែកញ្ញាខាងមុននេះ គឺមាន៣ប្រភេទ។  ក្នុងនោះមាន ប្រភេទប្រតិទាន១ឆ្នាំ និងប្រភេទប្រតិទាន៥ឆ្នាំ នឹងត្រូវបោះផ្សាយចំនួនពីរដង។ ដោយឡែក​ ប្រភេទប្រតិទាន៣ឆ្នាំ នឹងបោះផ្សាយចំនួនបួនដង។ បើតាមក្រសួងសេដ្ឋកិច្ច គម្លាតនៃការបោះផ្សាយបណ្ណបំណុលទាំងនេះ គឺមានរយៈពេល៤សប្តាហ៍ម្តង។​
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បណ្ណបំណុលនីមួយៗមានតម្លៃចារឹតចំនួន១លានរៀល(២៥០ដុល្លារ) ហើយវិនិយោគិនដែលទិញមូលបត្រនេះនឹងទទួលអត្រាការប្រាក់ថេរ​ ដោយរដ្ឋនឹងទូទាត់ការប្រាក់ឱ្យក្នុងរយៈពេល៦ខែម្តង។  
 
វិនិយោគិនដែលទិញមូលបត្ររដ្ឋនេះ ក៏នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធកាត់ទុក៥០ភាគរយ លើការប្រាក់បានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ  និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល៣ឆ្នាំ។​ លើសពីនេះ​ វិនិយោគិន ត្រូវបានរដ្ឋទទួលស្គាល់ការថ្លឹងហានិភ័យសូន្យភាគរយ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខណ្ឌសន្ទនីយភាព។ 
 
បើតាមលោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋសម្រេចបោះផ្សាយសញ្ញាបណ្ណ ឬ បណ្ណបំណុលនេះ គឺដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រ​មកអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។ លើសនេះ​ ការបោះផ្សាយមូលបត្របំណុលនេះ  ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ខណៈផ្សារមូលបត្រកម្ពុជាបានដំណើរការ អស់រយៈពេល១០ឆ្នាំមកហើយ។
 
សូមជម្រាបថា​ ផ្សារមូលបត្រ​កម្ពុជា​(CSX) ត្រូវបានបើក​ឱ្យដំណើរការ​ជួញដូរ​មូលបត្រ​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​២០១២។ រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជានេះ គឺមានក្រុមហ៊ុនចំនួន១៦បានចុះបញ្ជី។ ក្នុងនោះ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ ដែលបានកៀរគរទុនវិនិយោគពីទីផ្សារនេះ​បានប្រមាណ៣០០លានដុល្លារ៕ 
 

Tag:
 មូលបត្ររដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com