អន្តរជាតិ
ថៃ និងវៀតណាម ឯកភាពគ្នាលើការដំឡើងថ្លៃអង្ករនៅទីផ្សារសកល
29, Aug 2022 , 10:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ថៃ និងវៀតណាម បានឯកភាពលើកិច្ចសហប្រតិបត្តិការដំឡើងតម្លៃអង្ករនៅទីផ្សារសកល។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកសិកម្មថៃនៅថ្ងៃទី២៩ ខែសីហា បន្ទាប់ពីកិច្ចចរចាទ្វេភាគីអស់ជាច្រើនខែកន្លងមក។

 
ចាប់តាំងពីចុងខែឧសភាមក ថៃ និងវៀតណាម បានចាប់ផ្តើមកិច្ចចរចាមួយ ដើម្បីពិភាក្សាពីការបង្កើនតម្លៃអង្ករនៅទីផ្សារអន្តរជាតិ និងបង្កើនប្រាក់ចំណូលរបស់កសិករ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃស្បៀងអាហារហក់ឡើងខ្លាំង តែតម្លៃអង្ករនៅតែទាប។ បន្ទាប់ពីចំណាយពេលជាច្រើនខែ ថៃ និងវៀតណាម បានយល់ព្រមក្នុងការបង្កើនតម្លៃអង្ករ។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៩ ខែសីហា លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ បានបញ្ជាក់ថា៖ «នេះជាលើកដំបូង ដែលថៃ និងវៀតណាមបានឯកភាពសហប្រតិបត្តិការក្នុងការដំឡើងតម្លៃអង្ករនៅទីផ្សារសកល»។ 
 
តាមទិន្នន័យរបស់ក្រសួងកសិកម្មអាម៉េរិក ថៃ និងវៀតណាម ជាប្រទេសផលិតស្រូវបាន ១០ភាគរយនៃផលិតកម្មសកល និងជាប្រទេសនាំចេញទៅទីផ្សារសកល ក្នុងទំហំ ២៦ភាគរយ នៃទំហំនាំចេញសរុប។ 
 
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ឡើយ ថាតើតម្លៃអង្ករ នឹងត្រូវចាប់ផ្តើមបង្កើននៅពេលណា។​ ទន្ទឹមនេះ លោក Alongkorn បានបន្តថា ការសង្ខេបនៃកិច្ចចរចាចុងក្រោយ រួមទាំងការផ្តល់អនុសាសន៍លើការដំឡើងតម្លៃស្រូវ នឹងដាក់ទៅរដ្ឋមន្រ្តីកសិកម្មនៃបរទេសទាំងពីរ។ ប៉ុន្តែមន្រ្តីថៃរូបនេះ មិនបានបញ្ជាក់ពីពេលវេលាឱ្យបានជាក់លាក់ឡើយ ដែលលិខិតនោះ ត្រូវដាក់ទៅរដ្ឋមន្រ្តីឡើយ។ 
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ថៃជាប្រទេសនាំអង្ករចេញលំដាប់ទីពីរ បន្ទាប់ពីឥណ្ឌា និងនាំមុខវៀតណាម ដែលឈរនៅលំដាប់ទី៣ រួមទាំងប៉ាគីស្ថាន និងអាម៉េរិក៕ 
 

Tag:
 ថៃ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com