កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ដកការពិន័យពីសហព័ន្ធបាល់ទាត់ឥណ្ឌា
30, Aug 2022 , 8:29 am        
រូបភាព
ប្រធាន_ក្រុមឥណ្ឌា Sunil Chhetri នាជំនួបជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ AFC Asian Cup កាលពីខែមិថុនា។ រូបថត FFC
ប្រធាន_ក្រុមឥណ្ឌា Sunil Chhetri នាជំនួបជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ AFC Asian Cup កាលពីខែមិថុនា។ រូបថត FFC
សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិពិភពលោក (FIFA) បានសម្រេចដកការព្យួរសកម្មភាពរបស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ក្រោយពីទទួលបានលិខិតបញ្ជាក់ពីតុលាការកំពូលឥណ្ឌាអំពីការបញ្ចប់អាណត្តិដឹកនាំដោយ គណៈកម្មការរដ្ឋបាល (CoA)។ បើទោះជាដកការពិន័យនេះពិតមែន FIFA រួមទាំងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នៅតែបន្ដឃ្លាំមើលនូវសកម្មភាពរបស់ AIFF រហូតដល់ការបោះឆ្នោតរកគណៈកម្មការប្រតិបត្តិ បានត្រឹមត្រូវ និងមិនមានការជ្រៀតជ្រែកពីភាគីទី៣ ណាទៀតទេ។

 
យោងទៅលើការផ្សាយលើគេហទំព័រផ្លូវការរបស់FIFA ការព្យួរសកម្មភាពកីឡាបាល់ទាត់ ទៅលើAIFF ត្រូវបានដកចេញ ក្រោយពីតុលាការកំពូលរបស់ឥណ្ឌា បានបញ្ជាក់ពីការបញ្ចប់អាណត្តិ CoA ដែលត្រូវបានគេចាត់ទុកថាជាភាគីទី៣ ហើយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ AIFF។ គណៈកម្មការរដ្ឋបាលនេះ បានដើរតួរជាគណៈកម្មការប្រតិបត្តិសហព័ន្ធបាល់ទាត់ឥណ្ឌា។
 
រាល់សកម្មភាពអន្ដរជាតិរបស់ AIFF ដូចជាការប្រកួតមិត្តភាពជាមួយប្រទេសក្នុងតំបន់ ត្រូវផ្អាក់អស់មួយរយៈ ដោយគិតចាប់ពីថ្ងៃទី១៥ ខែសីហា ក្រោយពីការប្រកាសជាផ្លូវការរបស់ FIFA។ តាមការបញ្ជាក់របស់FIFA ដដែរ  ការប្រកួតបាល់ទាត់ជើងឯកពិភពលោកនារីអាយុក្រោយ១៧ឆ្នាំ (FIFA U-17 Women’s World Cup 2022) នឹងបន្ដធ្វើនៅប្រទេសឥណ្ឌា នៅថ្ងៃទី១១-៣០ ខែតុលា ឆ្នាំ២០២២ និងទៅតាមគម្រោងដែលបានរៀបចំពីមុនមក។ ក្រៅពីនេះទៀត ជម្រើសជាតិឥណ្ឌា នឹងបន្ដចូលរួមប្រកួត AFC Asian Cup 2023, AFC U20 និង U17 Asian Cup Qualifiers។ រីឯក្លិប  ATK Mohun Bagan នឹងត្រូវប្រកួតជាមួយ Kuala Lumpur City FC នៅថ្ងៃទី៧ ខែកញ្ញា នៃការប្រកួត AFC Cup 2022 (វគ្គ Inter-Zone Play-off Semi Finals)។
 
បើទោះជាការដកពិន័យ បានប្រកាសពិតប្រាកដមែន ប៉ុន្ដែមិនមានន័យថា FIFA និង AFC ឈប់អើពើលើកិច្ចការបោះឆ្នោតនោះទេ ប្រសិនជាមិនមានភាពប្រក្រតីណាមួយ សហព័ន្ធអន្ដរជាតិទាំងពីរនេះ ក៏មិននៅស្ងៀមដែរ។ នោះ មានន័យថាសកម្មភាពទាំងអស់ នឹងត្រូវបញ្ឈប់វិញ ប្រសិនជាបញ្ហាភាគីទី៣ នៅតែបន្ដលូកដៃ។
 
លោក Sunando Dhar អគ្គលេខាធិការស្ដីទីរបស់AIFF ចាត់ទុកថា នេះ គឺជាការបញ្ចប់ទៅនូវពេលវេលាដ៏អាក្រក់មួយ ដែល AIFF មិនធ្លាប់ឆ្លងកាត់ពីមុនមក។
 
 

Tag:
 បាល់ទាត់
  FIFA
  AIFF
© រក្សាសិទ្ធិដោយ thmeythmey.com