ជាតិ
សង្គមជាតិ
គ្រប់អាជីវកម្ម ដែលបង្កប់ល្បែងស៊ីសង នឹងត្រូវបិទចោល, រាល់មន្រ្តី ដែលមិនបង្ក្រាប នឹងត្រូវដកចេញ
17, Sep 2022 , 11:28 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
ដោយ:
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារព្រមានខ្លាំងៗ ២យ៉ាង គឺ ទី១ ព្រមានបិទគ្រប់អាជីវកម្ម ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ និងទី២ ព្រមានដកមន្រ្តី ដែលអសកម្មក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ។ សារជាសំឡេងរបស់សម្តេច ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។



សម្តេចប្រមុខរដ្ឋាភិបាល ផ្ញើសារទៅម្ចាស់អាជីវកម្មដូច្នេះថា៖«អ្នកបើកបនល្បែងទាំងឡាយ បើចង់បន្តអាជីវកម្ម និងកុំឲ្យបិទទ្វារអាជីវកម្មរបស់ខ្លួន ត្រូវដកចេញជាបន្ទាន់នូវល្បែងគ្រប់ប្រភេទដែលខុសច្បាប់ ព្រោះអ្នក នឹងខូចមុខរបររបស់អ្នក តាមរយៈនៃការដាក់កម្រិតដកអាជ្ញាបណ្ណមិនឲ្យបង្កមុខរបររកស៊ីតទៅទៀត»។

រីឯមន្រ្តី និងកងកម្លាំង ដែលមិនបំពេញភារកិច្ចក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវបានសម្តេច ផ្ញើសារជូនបែបនេះថា៖«ខ្ញុំ មិនញញើតដៃនឹងការដកចោលចេញពីមុខតំណែង ចំពោះអភិបាលខេត្ត អភិបាលរង អភិបាលស្រុក នាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្តិ៥ឡើងលើ ខ្ញុំ នឹងចេញអនុក្រឹត្យ ដើម្បីបញ្ចប់ភារកិច្ចតែម្តង»។

បញ្ជារបស់ប្រមុខរដ្ឋាភិបាល គឺឲ្យមន្រ្តី និងកងម្លាំងថ្នាក់ក្រោមជាតិ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ភេទនៅគ្រប់ទីកន្លែង «យ៉ាងដាច់ណាត់»។ មន្រ្តីថ្នាក់ក្រោមជាតិ គឺសម្តេច សំដៅចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ហើយកងកម្លាំង ដែលសម្តេចសំដៅនោះ ក៏រាប់ចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង-ស្រុក-ខណ្ឌដូចគ្នា ដោយបូករួមទាំងប៉ុស្តិ៍នគរបាលនៅថ្នាក់ឃុំ-សង្កាត់ផងដែរ។

សម្តេច ហ៊ុន សែន ប្រាប់ទៅមន្រ្តីនិងកងកម្លាំងនៅតាមរាជធានី-ខេត្តថា ល្បែងស៊ីសងខុសច្បាប់ មិនស្ថិតនៅលើមេឃនោះទេ ដូច្នេះ ពួកគេ អាចមានលទ្ធភាពបង្ក្រាបបាន ដោយពុំចាំបាច់រំខានដល់សម្តេច និងសម្តេច ស ខេង ដែលជាមេដឹកនាំថ្នាក់ជាតិឡើយ។ សម្តេច សង្កត់ធ្ងន់ថា បញ្ហាសំខាន់ ស្ថិតនៅត្រង់ថា តើមន្រ្តីនិងកងកម្លាំងនៅតាមរាជធានី-ខេត្តទាំងនោះ «ធ្វើ ឬមិនធ្វើ» ប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានចេញសេចក្តីសម្រេច នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ យោងតាមសេចក្តីសម្រេច លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ គឺជាប្រធាននៃក្រុមការងារនេះ ដោយមានលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន រួមទាំងសមាជិកមួយចំនួនទៀត។ ប្រមុខរដ្ឋាភិបាល បង្កើតក្រុមការងារនេះ ទៅតាមការស្នើសុំរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕ 

អត្ថបទទាក់ទង

Tag:
 បង្ក្រាបល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com