កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាហ្សង់ទីន៖ អ្នកគាំទ្រគួររីករាយទស្សនាប្រកួត Messi ព្រោះគេនឹងមានអនាគតដូច Federer
29, Sep 2022 , 12:29 pm        
រូបភាព
Lionel Messi គួរតែទទួលបានការកោតសរសើរ និងការតាមដានពីសំណាក់អ្នកគាំទ្រគ្រប់ប្រទេស អំឡុងពេលការប្រកួត ​World Cup ឆ្នាំ ២០២២ ខណៈរូបគេសល់ពេលវេលាមិនយូទៀតឡើយសម្រាប់អាជីពកីឡាបាល់ទាត់។ នេះបើតាមសម្តីលោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន មុនបន្ថែមថា Messi នឹងមានវាសនាដូចកីឡាករវាយកូនបាល់ Rogers Federer ដែរនៅពេលគេចូលនិវត្តន៍។

 
នាការប្រកួតមិត្តភាពត្រៀមទៅប្រទេសកាតា ដែលអាហ្សង់ទីនយកឈ្នះលើក្រុមហ្សាម៉ាអ៊ីកក្នុងលទ្ធផល ៣-០ ថ្ងៃទី២៧ ខែកញ្ញា។ ក្នុងនោះ ២គ្រាប់ធ្វើបានដោយ ​Messi ក្រោយរូបគេផ្លាស់ប្តូរចូលបន្ទាប់ពីស្ថិតនៅកៅអីបំរុង។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំបង្ហាញខ្លួនទល់ហ្សាម៉ាអ៊ីកគឺជាការបង្ហាញខ្លួនក្នុងជ័យជម្នះលើកទី១០០ របស់គេឱ្យក្រុមអាហ្សង់ទីន រាល់ការប្រកួតអន្តរជាតិ​ ហើយជួយអាហ្សង់ទីនមិនឱ្យស្គាល់បរាជ័យម្តងឡើយនៅ ៣៥ប្រកួតចុងក្រោយ។
 
ទោះបីជាបច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើមនៃក្រុម ​Paris Saint Germain កំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អខ្លាំង ដោយអាចរកបានគ្រាប់បាល់ ៦គ្រាប់ក្នុង៤ប្រកួតចុងក្រោយសម្រាប់ក្លិប និងជម្រើសជាតិក្តី ក៏លោក ​Scaloni គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន អះអាងដោយមុតមាំថា Messi នឹងមិនអាចបន្តដំណើរបានរហូតនោះឡើយ។ 
 
មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹកអាហ្សង់ទីនរូបនេះក៏រំពឹងថា កម្មវិធីនៃការចូលនិវត្តន៍របស់ Messi ក៏គួរតែទទួលបានការចូលរួមពីសំណាក់កីឡាករគូប្រជែងនានាក្នុងអាជីពដូចជាការចូលនិវត្តន៍របស់វីរបុរសវាយកូនបាល់ លោក Roger Federer នោះដែរ។
 
«Messi គឺដូចទៅនឹង Federer អ៊ីចឹងដែរ គេនឹងចូលនិវត្តន៍ហើយពេលនោះនឹងមានរឿងអ្វីកើតឡើងពេលដែលរូបគេចេញទៅ នោះគឺគ្រប់គ្នានឹងសប្បាយចិត្តឬ គ្រប់គ្នានឹងគិតដល់រូបគេ ព្រោះគេមិននៅទីនេះទៀតទេនិងមិនលេងបន្តទៀតឡើយ។ សាកគិតទៅមើលតើមានមនុស្សប៉ុន្មាននាក់ចង់ឃើញ Federer ប្រកួតខ្លះ ហេតុផលព្រោះតែពេលទស្សនាការប្រកួតរបស់គេគឺគ្រប់គ្នាតែងឃើញភាពអស្ចារ្យកើតឡើង រឿងនេះគឺដូចគ្នាជាមួយ Messi ដូច្នេះគ្រប់គ្នាគួរតែតាមដានគាត់ គួរតែរីករាយជាមួយការបង្ហាញខ្លួនរបស់គាត់ពេលនេះទៅ។»។ លោក Scaloni លើកឡើងបែបនេះក្រោយបញ្ចប់ការប្រកួតទល់ចាម៉ៃកា។
 
ដំណើរទៅ ​World Cup នៅប្រទេសកាតា អាហ្សង់ទីនក្នុងនាមជាម្ចាស់ជើងឯក Copa America ក៏កំពុងត្រូវបានក្លាយជាក្រុមដ៏ពេញនិយមមួយដែលត្រូវបានគេរំពឹងថានឹងអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រផងដែរ។ ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកលើកនេះ ក៏អាចនឹងក្លាយជាការប្រកួតចុងក្រោយរបស់ Messi ដូចគ្នាដែរ។ អាហ្សង់ទីនកាលឆ្នាំ ២០១៤ ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ​World Cup ដោយកាលនោះចាញ់ក្រោមថ្វីជើងអាល្លឺម៉ង់ ១-០។
 
អាហ្សង់ទីនដែលត្រៀមការប្រកួត World Cup នៅប្រទេសកាតានឹងត្រូវស្ថិតក្នុងប្រកួតពូល C ដែលត្រូវជួបក្រុមដំបូងគេគឺ អារ៉ាប៊ីសាអូឌីដ ថ្ងៃទី២២ ខែវិច្ឆិកា មុនជួបម៉ិកស៊ិក ថ្ងៃទី២៧ ខែកញ្ញា និងជួបប៉ូឡូញនៅ ៥ថ្ងៃក្រោយបន្តទៀតជាជំនួបក្នុងពូលចុងក្រោយ។
គួររំលឹកថាFederer បញ្ចប់អាជីពរបស់ខ្លួនក្នុងវ័យ ៤១ឆ្នាំ និងកាន់កំណត់ត្រាជាម្ចាស់ជើងឯក Grand Slam ២០សម័យ។ នាថ្ងៃប្រកួតចុងក្រោយដែលកីឡាករសញ្ជាតិស្វ៊ីស Federer ត្រូវបញ្ចប់អាជីពនោះ ក៏មានការចូលរួមពីដៃគូប្រកួតប្រជែងលំដាប់កំពូលពិភពលោក២រូបផ្សេងទៀតផងដែរ រួមមាន Novak Djokovic និង Andy Murray៕
 
 

Tag:
 Lionel Messi
  Lionel Scaloni
© រក្សាសិទ្ធិដោយ thmeythmey.com