ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ៖ការរួមគ្នាជាបក្សតែមួយនេះ នឹងល្អជាងការចងសម្ព័ន្ធ
10, Oct 2022 , 9:59 pm        
រូបភាព
លោក ញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ។
លោក ញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ។
ភ្នំពេញ៖ លោក ញឹក ប៊ុន ឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អះអាងថា ការរួមគ្នារវាងបក្សខ្មែររួបរួមជាតិ របស់លោក ជាមួយបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធ នឹងដំណើរការទៅដោយរលូន ព្រោះបក្សទាំងពីរមានលក្ខណៈស្របគ្នាទាំងគោលនយោបាយ និងរបៀបដឹកនាំ។



លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានបក្សកម្ពុជានិយម(អាវស ខាងឆ្វេង) និងលោក ញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ។ 
 
មុននឹងឈានដល់ ការរួមគ្នាជាបក្សតែមួយនាពេលនេះ គណបក្សខ្មែររួបរួមជាតិ បានបែកបាក់ពីការរួមបញ្ចូលគ្នា និងការចង់សម្ព័ន្ធនឹងជាមួយបក្សផ្សេងទៀត ១ដងជា២ដងហើយ។ ឮ
 
ដូច្នេះដើម្បី​ដឹងពីជំហរនៃការរួមបញ្ចូលគ្នាជាបក្សតែមួយនាពេលនេះ សូមស្ដាប់កិច្ចសម្ភាស រវាង កញ្ញា ឡាយ សុភាវតី និងលោក ញឹក ប៊ុន ឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដូចតទៅ៖



 
 
កញ្ញា ឡាយ សុភាវតី៖ ជាសំនួរដំបូង តើលោក ញឹក ប៊ុន ឆៃ រំពឹងថា ដំណើរការទៅដោយល្អទេ ក្នុងការរួមគ្នាជាបក្សតែមួយនេះ? 
 
លោក ញឹក ប៊ុនឆៃ៖ ខ្ញុំសង្ឃឹមថា ដំណើរការទៅល្អ ដោយសារការជជែកគ្នា ជាមួយបក្សកម្ពុជានិយម គឺមានដំណើរការល្អច្រើន ទាំងគោលនយោបាយ របៀបដឹកនាំ និងគោលការណ៍ផ្សេង មានភាពស្របគ្នា។ 
 
កញ្ញា ឡាយ សុភាវតី៖ តើលោកមានការព្រួយបារម្ភទេថា ទៅថ្ងៃមុខនឹងមានការបែកបាក់ ព្រោះកន្លងមកឃើញមានការបែកបាក់គ្នាទាក់ទិននឹងការរួមគ្នានេះ? 
 
លោក ញឹក ប៊ុនឆៃ៖ កាលមុន នៅពេលបក្សសង្គ្រោះជាតិបែកបាក់ មានក្រុមខ្លះបានមករកបក្សខ្មែររួបរួមជាតិ ដោយភ្ជាប់នឹងលក្ខណៈ កុំឲ្យខ្ញុំចូលជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែដល់ពេលខ្ញុំ ទៅរួបរួមនឹងគណបក្សហ៊្វុនស៊ិនប៉ិច គេក៏ត្រឡប់ទៅវិញ ហើយដល់ឥឡូវ មិនខុសគ្នាទេ គឺមករួបរួម។ ចំណែក ខ្ញុំ និងគណបក្សហ៊្វុនស៊ិនប៉ិច ពេលនេះ គឺលែងមានការពាក់ព័ន្ធគ្នាហើយ ព្រោះគណបក្សហ៊្វុនស៊ិនប៉ិចជាអ្នកសម្រេច គឺបក្សនេះ រៀបរចនាសម្ព័ន្ធដឹកនាំថ្មី ដោយអ្នកជំនាន់ថ្មីៗ។ 
 
កញ្ញា ឡាយ សុភាវតី៖ លោក ញឹក ប៊ុនឆៃ កន្លងមកឃើញមានមតិរិះគន់ថា លោកដើរចងសម្ព័ន្ធចុះឡើងជាហូរហែ​ ហើយធ្វើនយោបាយគ្រាន់តែជាការកំដរបរិយាកាសនយោបាយ។ តើ លោកបកស្រាយយ៉ាងណា? 
 
លោក ញឹក ប៊ុនឆៃ៖ មិនមែនអ៊ីចឹងទេ! កាលរៀបចំជាសម្ព័ន្ធកន្លង គឺមានបំណងរួមគ្នាឲ្យបានច្រើន ប៉ុន្តែការអនុវត្តទៅវាអត់ដំណើរការ និងអត់ទទួលបានសំឡេងគាំទ្រ។ ដោយសារកន្លងមក បើបក្សខ្ញុំឈរឈ្មោះជានៅតំបន់ណាមួយ គឺត្រូវការបក្សដែលជាសម្ព័ន្ធ ឲ្យជួយបោះឆ្នោតឲ្យខ្ញុំ។ ប៉ុន្តែមិនអាចដំណើរបាន ព្រោះសមាជិកបក្សដែលជាសម្ព័ន្ធមិនបានអនុវត្ត។ 
 
កញ្ញា ឡាយ សុភាវតី៖ កន្លងមក លោករៀនបានអ្វីខ្លះពីការចងសម្ព័ន្ធ ដែលបែកបាក់ ហើយអ្វីជាចំណុចខ្សោយ? 
 
លោក ញឹក ប៊ុនឆៃ៖ ករណីរួមគ្នាជាបក្សតែមួយនេះ គឺខុសពីការចងសម្ព័ន្ធកាលពីលើកមុន ដូចបានបញ្ជាក់ខាងលើ។ លើកនេះ គឺរួមជាបក្សតែមួយ សម្រាប់ដំណើរការបោះឆ្នោតទៅខាងមុខ។ ដូច្នេះ ពុំមានផលវិបាកអ្វីឡើយ។ 
 
កញ្ញា ឡាយ សុភាវតី៖ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ តើលោករំពឹងទទួលបានសំឡេងក្នុងរដ្ឋសភាទេ? 
 
លោក ញឹក ប៊ុនឆៃ៖ ខ្ញុំរំពឹងថា ទទួលបានសំឡេងឆ្នោត ចំពោះការរួបរួមគ្នានេះ ដោយសារបង្កើតប៉ូលនយោបាយថ្មីមួយ។ ប៉ូលនយោបាយថ្មីនេះ គឺដើម្បីបង្ហាញបងប្អូនបក្សនយោបាយ និស្សិត បញ្ញាវន្ត ទាំងអស់ពិចារណាទៅថា ប៉ូលប្រជាធិបតេយ្យសេរីនិយមកណ្ដាល និងការនិយមលំអៀងផ្ដាច់មុខ តើគួរជ្រើសរើសមួយណា? សម្រាប់ខ្ញុំ គឺជ្រើសរើសមួយនេះ (ប៉ូលប្រជាធិបតេយ្យនិយមកណ្ដាល) ដែលអាចធ្វើឲ្យប្រទេសយើងមានសុខសន្តិភាព។ 
 
 

Tag:
 ញឹក ប៊ុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com