ជាតិ
សង្គមជាតិ
នាយកវិ.ហសកំពង់ភ្នំ នឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធសិស្សដែលលិចទូកនៅសប្ដាហ៍ក្រោយ
15, Oct 2022 , 2:59 pm        
រូបភាព
ដោយ:
នាយកវិទ្យាល័យ ហ៊ុន សែនកំពង់ភ្នំ នឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធសិស្សរបស់ខ្លួន ដែលបានជួបឧបទ្ទវហេតុលិចទូកដទទឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

 
ឧបទ្ទវហេតុលិចទូកដទទឹងនេះ បានបណ្ដាលឱ្យសិស្ស ១១នាក់ បានស្លាប់ ក្នុងចំណោមអ្នកនៅលើទូក ១៥នាក់។ ពួកគេមានអាយុចន្លោះពី ១១ ទៅ១៤ឆ្នាំ ជាសិស្សសាលាបឋមសិក្សា ហ៊ុន សែន កោះចម្រើ និងវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ។

រូបភាពពីផេកហ្វេសប៊ុក វិ.ហសកំពង់ភ្នំ
 
លោក ហ៊ាន វុធ នាយកវិទ្យាល័យ ហ៊ុន សែនកំពង់ភ្នំ បានឱ្យដឹងថា នេះជាលើកដំបូង​ដែលសិស្សសាលារបស់លោកបានជួបហេតុការណ៍ដ៏សោកសង្វេគនេះ។​ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពរបស់សិស្សដែលបានស្លាប់ ដោយឧបទ្ទវហេតុលិចទូកដទទឹង នាយកវិទ្យាល័យកំពង់ភ្នំ នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធកុមារទាំងនោះ នៅក្នុងបរិវេនវិ.ហសកំពង់ភ្នំនៅថ្ងៃចន្ទ ទី១៧ ខែតុលាសប្ដាហ៍ក្រោយ។ 
 
លោក ហ៊ាន វុធ នាយកវិទ្យាល័យ ហ៊ុន សែនកំពង់ភ្នំ បានឱ្យដឹងថា វិ.ហសកំពង់ភ្នំមានសិស្សសរុប ១៣០២នាក់ ដោយមានសិស្សមកពីបណ្ដាភូមិឃុំជាច្រើន ដើម្បីទៅសិក្សានៅទីនោះ។ ប៉ុន្តែចំពោះសិស្សដែលឆ្លងដទៅរៀននៅទីនោះមានតែមកពីកោះតេជជោ និងកោះចម្រើន ដែលក្នុងនោះសិស្សមកពីកោះចម្រើនមានចំនួន ៩៤នាក់។
 
នាយកសាលារូបនេះ ក៏មានក្ដីបារម្ភចំពោះសិស្សានុសិស្ស ដែលធ្វើដំណើរទៅរៀននៅវិ.ហសកំពង់ភ្នំតាមទូកដចម្លង ជាពិសេសនៅរដូវទឹកឡើង។  នាយកវិ.ហសកំពង់ភ្នំ បានបន្ថែមថា  កន្លងមកតែងតែណែនាំសិស្សានុសិស្សពេលគោរពទង់ជាតិជារឿយៗ ដើម្បីឱ្យពួកគេប្រុងប្រយ័ត្នពេលធ្វើដំណើរតាមផ្លូវ ជាពិសេសតាមផ្លូវទឹកនៅរដូវវស្សានេះ។ លោក ហ៊ាន វុធ លើកឡើងយ៉ាងដូច្នេះ រួចបន្តថា ហេតុការណ៍ដ៏សោកសង្វេគនេះ មិនដែលកើតមានពីមុនមកទេ នេះជាលើកទី ១ហើយក្នុងប្រវត្តិសាស្រ្តនៅកោះចម្រើន៕




 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com