ជាតិ
សេដ្ឋកិច្ច
អត្រាប្ដូរប្រាក់៖ ធនាគារជាតិ ប្រឹងទប់ប្រាក់រៀលកុំឱ្យចុះ ខណៈពន្ធដារកំពុងធ្វើឱ្យប្រាក់រៀលកាន់តែធ្លាក់
18, Oct 2022 , 8:59 pm        
រូបភាព
រូបិយវត្ថុ និងរូបិយប័ណ្ណដុល្លារអាម៉េរិក
រូបិយវត្ថុ និងរូបិយប័ណ្ណដុល្លារអាម៉េរិក
ជាង៤ខែហើយ ដែលអគ្គនាយកដ្ឋានពន្ធដារអនុវត្តអត្រាប្តូរប្រាក់ផ្លូវការរបស់ខ្លួន ចំពោះអ្នកជាប់ពន្ធតាមរបបស័្វយប្រកាស។​ ការកំណត់អត្រាប្តូរប្រាក់របស់ពន្ធដារនេះ គឺស្មើនឹងអត្រាប្តូរប្រាក់លើទីផ្សារ។ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ក្នុងនាមជាស្ថាប័នសាធារណៈ ពន្ធដារគួរកំណត់អត្រាប្តូរប្រាក់របស់ខ្លួន ស្របតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ឬ ក្រោមតម្លៃទីផ្សារ ដើម្បីចូលរួមរក្សាស្ថិរភាពប្រាក់រៀល ពីការឡើងថ្លៃប្រាក់ដុល្លារ និងសម្ពោធសេដ្ឋកិច្ចនានាពីវិបត្តិពិភពលោក  ។

 
អត្រាប្តូរប្រាក់ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ១ដុល្លារអាម៉េរិក ស្មើនឹង​ ៤ ១៤៥រៀល ថ្ងៃទី១៨ តុលានេះ ។ តម្លៃនេះ ស្មើនឹងអត្រាប្តូរទីផ្សាររបស់ធនាគារឯកជន ប៉ុន្តែតម្លៃប្រាក់រៀល គឺ ទាបជាងអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិ ដែល ១ដុល្លារ ស្មើនឹង ៤ ១៣៨រៀលប៉ុណ្ណោះ ។ 
 

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ចាប់តាំងពីថ្ងៃទី១មិថុនា ឆ្នាំ២០២២មក។​ លោក បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះ គឺដើម្បីធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់។ ជាពិសេសជួយសម្រួលដល់ការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម(VAT) តាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមទៀត។​
 
 
បើតាមលោក គង់ វិបុល អត្រាប្តូរប្រាក់ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺមានទាំងប្រចាំថ្ងៃ, ប្រចាំខែ, ប្រចាំឆ្នាំ និងអត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស។  
 
ជុំវិញការកំណត់អត្រាប្តូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធនេះ លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកពន្ធដារ  បានលើកឡើងថា​​ ការកំណត់អត្រាប្តូរប្រាក់ផ្លូវការនេះ គឺដើម្បីសម្រួលដល់អ្នកជាប់ពន្ធមួយចំនួន ដែលប្រើប្រាស់រូបិយប័ណ្ណ។ ក្នុងសន្និសីទកាសែតស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» កាលពីថ្ងៃទី២សីហា ឆ្នាំ២០២២ លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះ៖ «អត្រាប្តូរប្រាក់នេះយើងចេញប្រចាំថ្ងៃ ហើយមូលដ្ឋាននៃការចេញអត្រាប្តូរប្រាក់នេះ គឺយើងផ្អែកទៅលើអត្រារបស់ធនាគារ[ឯកជន]ធំៗចំនួន៤​ ដើម្បីយើងយកមកគណនាឱ្យចេញជាអត្រាប្តូរប្រាក់នេះ។ អ៊ីចឹង! នេះគឺជាវិធានការមួយ ដើម្បីជួយសម្រួលទៅដល់អ្នកជាប់ពន្ធរបស់យើង ដែលប្រើប្រាស់លុយដុល្លារ»។​
 

លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ
 
តែយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា អគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នសាធារណៈ​ គួរតែអនុវត្តឬកំណត់អត្រាប្តូរប្រាក់របស់ខ្លួន ឱ្យស្របនឹងអត្រាប្តូរប្រាក់របស់ធនគារជាតិនៃកម្ពុជា ដើម្បីរួមគ្នាទប់ប្រាក់រៀលកុំឱ្យធ្លាក់ចុះ​ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក ព្រោះតែវិបត្តិសកលនានា។​ ពាក់ព័ន្ធនឹងការកំណត់អត្រាប្តូរប្រាក់(រៀលទៅដុល្លារ ឬ ដុល្លារមករៀល)នេះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានព្រមានដល់ស្ថាប័នពាក់ព័ន្ធ​ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារឱ្យមានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងធ្វើឱ្យប្រាក់រៀលរបស់កម្ពុជាកាន់តែចុះថោក។ 

«ក្នុងនាមជាស្ថាប័នរដ្ឋ​ មុននឹងសម្រេចចិត្តលើការកំណត់អត្រាប្តូរប្រាក់របស់ខ្លួន ចាំបាច់ត្រូវតែពិភាក្សាឱ្យបានមែនទែន ជាមួយធនាគារជាតិនៃកម្ពុជា ​ ដើម្បីកំណត់អត្រាប្តូរប្រាក់ក្នុងតម្លៃជាក់ស្តែងរួមមួយ និងសហការគ្នាលើកស្ទួយ និង ពង្រឹងនូវតម្លៃប្រាក់រៀលយើង។ ពីព្រោះ ស្ថានភាពកម្ពុជាបច្ចុប្បន្ន គឺកំពុងរងនូវសម្ពាធអតិផរិណា ជាពិសេសការកើនឡើងនៃតម្លៃប្រាក់ដុល្លារដែលធ្វើឱ្យប្រាក់រៀលយើង ឬ រូបិយប័ណ្ណផ្សេងបន្តធ្លាក់ចុះ​ រួមនឹងវិបត្តិបញ្ហាផ្សេងៗទៀត...ជាដើម»។ នេះជាការលើកឡើងរបស់លោក ហុង វណ្ណៈ។
 
បើតាមលោក ហុង វណ្ណៈ ការបន្តអនុវត្តអត្រាប្តូរប្រាក់របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានតម្លៃស្មើនឹងអត្រាប្តូរទីផ្សារ​ គឺបានផ្តល់ឱកាស​ដល់បុគ្គលមួយចំនួនប្រមូលប្រាក់ចំណេញ​ពី​ទីផ្សារអត្រាប្តូរប្រាក់នេះ។ លើសពីនេះទៅទៀត ការកំណត់អត្រាប្តូរប្រាក់បែបនេះ ក៏កំពុងធ្វើឱ្យប៉ះពាល់អារម្មណ៍ពលរដ្ឋ ​ដែលជាអ្នកប្រើប្រាស់ប្រាក់រៀល ផងដែរ។ 

ថ្លែងមកកាន់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី១៧តុលា ឆ្នាំ២០២២​ លោក ហុង វណ្ណៈ បានបញ្ជាក់ថា ​បើអគ្គនាយកពន្ធដារ មិនបានពិភាក្សាជាមួយធនាគារជាតិ លើការកំណត់អត្រាប្តូរប្រាក់របស់ខ្លួនទេ  ក៏ពន្ធដារត្រូវកំណត់អត្រាប្តូរប្រាក់មួយ ក្នុងកម្រិតដែលទាបជាងទីផ្សារទូទៅដែរ។ 
 
លោក ហុង វណ្ណៈ បន្តថា៖ «ពេលនេះ គឺជាពេលវេលាមួយដែលមានសារៈសំខាន់ ក្នុងការជួយជ្រោមជ្រែងគ្នា ដើម្បីទប់ស្កាត់បញ្ហាអតិផរណាប្រាក់រៀលផង  ចូលរួមលើកស្ទួយប្រាក់រៀល​ផង​ និងលើកទឹកចិត្តដល់អ្នកដែលរកចំណូលបានជាប្រើប្រាស់ប្រាក់រៀល ផងដែរ។ នេះជាផលចំណេញដែលកម្ពុជាទទួលបានពីការចូលរួមរបស់ពន្ធដារលើសតែពីចំណូលរដ្ឋ»។  
 

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចមកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា

មាត្រា៣១ក្នុងច្បាប់ស្តីពី«ការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា» ចែងថា ធនាគារជាតិនៃកម្ពុជា មានសិទ្ធិប្រកាសអត្រាប្តូរប្រាក់រវាងប្រាក់រៀល ​និងរូបិយប័ណ្ណផ្សេងៗ​។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា មានសិទ្ធិចេញបទបញ្ជាដែលពាក់ព័ន្ធលើការប្តូរប្រាក់ និងមានសិទ្ធិចូលរួមក្នុងកិច្ចព្រមព្រៀងរូបិយវត្ថុអន្តរជាតិជំនួសមុខឱ្យរដ្ឋបាន​ ជាដើម។​ ​ 
 
ប៉ុន្តែ សព្វថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធដារ ហាក់កំពុងអនុវត្តតួនាទីជាន់គ្នាជាមួយធនាគារជាតិនៃកម្ពុជា​ លើការកំណត់អត្រាប្តូរប្រាក់ផ្លូវការនេះ ក្នុងនាមជាស្ថាប័នសាធារណៈ ដូចគ្នា។​
 
បើតាមលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា​  ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលផ្ទាល់ និងឆាប់រហ័សលើអតិផរណានៅកម្ពុជា។ ដូច្នេះដើម្បីគ្រប់គ្រងសម្ពាធអតិផរណានេះ អត្រាប្តូរប្រាក់ត្រូវបន្តរក្សាឱ្យមានស្ថិរភាព ក្នុងការការពារអំណាចទិញប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។
 
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា​ កាលពីថ្ងៃទី២០កក្កដា​ លោក ជា ចាន់តូ បានសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារច្រើន ដែលងាយរងឥទ្ធិពលពីការប្រែប្រួលនៃអត្រាប្តូរប្រាក់។ លោក បន្តនិយាយដូច្នេះ៖ « ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា មានតួនាទីរក្សាតម្លៃប្រាក់រៀល ហើយនិងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋនិងវិស័យឯកជន»។ 
 

 លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កំពុងថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២។ រូបថត៖ NBC

ដើម្បី​គ្រប់គ្រងសម្ពាធអតិផរណានេះ និង​ ដើម្បី​គាំទ្រដល់ការស្តារកំណើន​សេដ្ឋកិច្ចផងនោះ  ធនាគារជាតិនៃកម្ពុជា​ បានអនុវត្តគោលនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ បើតាមលោក ជា ចាន់តូ ការអនុវត្តគោលនយោបាយនេះ មានការគាំទ្រយ៉ាងចម្បងពីការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (Exchange Rate Guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។
 
កាលពីថ្ងៃទី២សីហា ឆ្នាំ២០២២  ធនាគារជាតិនៃកម្ពុជា សម្រេចកំណត់អត្រាប្តូរប្រាក់ផ្លូវការជារៀលរាល់ព្រឹក ដោយប្រើប្រាស់អត្រាមធ្យមថ្លឹងផ្អែកលើបរិមាណជួញដូរ នៅក្នុងប្រព័ន្ធជួញដូរប្រាក់រៀល អន្តរធនាគារ(NBCP) ។ ការកំណត់បែបនេះ គឺដោយសារប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) នាពេលបច្ចុប្បន្ន កំពុងដំណើរការកាន់តែសកម្មដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញជាច្រើន បានចូលរួមជាមួយនឹងទំហំដោះដូរកើនឡើងជាលំដាប់។ 
 
ក្រោយដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ បានជាង៣ខែមកនេះ ហើយស្របពេលប្រាក់ដុល្លារអាម៉េរិកបច្ចុប្បន្ន មានតម្លៃខ្ពស់ផងនោះ ធនាគារជាតិនៃកម្ពុជា​ ក៏សម្រេចបន្ថែមពេលវេលាចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការរបស់ខ្លួន នាពេលល្ងាចរៀងរាល់ថ្ងៃ ដែលអនុវត្តចាប់ពីថ្ងៃទី១៨តុលានេះ តទៅ។  ការបន្ថែមពេលវេលាចេញផ្សាយអត្រាប្តូរប្រាក់នេះ ដើម្បីជួយសម្រួលដល់ការចុះបញ្ជិកា និងការទូទាត់នានាឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសសម្រាប់ធនាគារពាណិជ្ជ​ និងវិស័យឯកជន យកអត្រាប្តូរប្រាក់ផ្លូវការនេះ ធ្វើជាមូលដ្ឋានក្នុងការគិតគូរ និង សម្រេចដាក់ចេញអត្រាប្តូរប្រាក់ទីផ្សារ តាមស្ថាប័ន​អាជីវកម្មរៀងខ្លួនៗ។  
 
សេចក្តីប្រកាសរបស់ធនាគារជាតិ​បានបញ្ជាក់ថា៖ «អត្រាប្តូរប្រាក់នាចុងថ្ងៃនៃប្រតិបត្តិការ នឹងមានកម្រិតដូចគ្នានឹងអត្រាប្តូរប្រាក់នាពេលព្រឹកបន្ទាប់ ដោយសារអត្រាប្តូរប្រាក់ទាំងពីរនេះ ទទួលបានពីការគណនាចេញពីអត្រាមធ្យមថ្លឹងនៃអត្រាប្តូរប្រាក់ទីផ្សារអន្តរធនាគារ​ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោះដូរនៅក្នុងថ្ងៃ នៅលើផ្លែតហ្វមធនាគារជាតិនៃកម្ពុជា​(NBCP)»។​
 
សម្រាប់លោក ហុង វណ្ណៈ គោលនយោបាយអត្រាប្តូរប្រាក់របស់ធនាគារជាតិនេះ មានគោលដៅចម្បងក្នុងការរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារអត្រាប្តូរនៅកម្ពុជា ដែលកំពុងរងគ្រោះពីការឡើងថ្លៃប្រាក់ដុល្លារ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែមថា ការកំណត់អត្រាប្តូរប្រាក់នេះ មានសារៈសំខាន់ខ្លាំងចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​របស់ប្រទេសនីមួយៗ ក្នុងការផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសគោលដៅរៀងៗខ្លួន៕
 

Tag:
 ពន្ធដារ
  អត្រាប្តូរប្រាក់
  GDT
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com