ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ អនុគ្រោះអ្នកខ្ចីប្រាក់ដែលប៉ះពាល់ដោយទឹកជំនន់ 
ជំនន់ទឹកភ្លៀង ជន់លិចស្រូវរបស់កសិករ។ រូបភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
×![]()
ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលានេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្នើការអនុគ្រោះពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដល់អ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់។ សំណើខាងលើធ្វើឡើង បន្ទាប់ពីពលរដ្ឋតាមបណ្ដាខេត្តមួយចំនួន រងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ និងអនុវត្តតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន។
ក្នុងសំណើអនុគ្រោះ ដល់អ្នកខ្ចីប្រាក់នោះ ធនាគារជាតិបានបញ្ចេញលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ អនុគ្រោះ។ លក្ខខណ្ឌទាំងនោះរួមមាន ការកាត់បន្ថយចំនួនប្រាក់ដើម ឬចំនួនដែលត្រូវសងនៅប្រតិទាន និងអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាជាដើម។
ជាមួយគ្នានេះ ត្រូវពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ និងឥណទានប្រតិទាន។ ការបន្ថែម ឬការផ្លាស់ប្ដូរអ្នករួមខ្ចី ឬអ្នកធានា ប្រសិនបើមាន។ ការផ្លាស់ប្ដូរពីឥណទានមានការទូទាត់សងតាមការបង់រម្លស់ ទៅជាការទូទៅតែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន។
បន្ថែមលើនេះ គឺការលើកលែង ឬបន្ថយទ្រព្យធានា និងការបន្ថយលក្ខខណ្ឌកិច្ចសន្យា។ ការផ្ដល់រយៈពេលអនុគ្រោះ ដោយគ្មានការទូទាត់សង ដែលមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
ក្រៅពីលក្ខខណ្ឌខាងលើនេះ ធនាគារជាតិ ក៏ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុ គួរពិចារណា និងផ្ដល់ការអនុគ្រោះ ដូចជាការបន្ធូរបន្ថយការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម។
គួរជម្រាបផងដែរថា ជំនន់ទឹកភ្លៀងដែលបានកើតឡើងនាពេលថ្មីៗនេះ បានប៉ះពាល់ដល់ខេត្តចំនួន២៣ ក្នុងនោះខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង រងគ្រោះខ្លាំងជាងគេ។ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ពលរដ្ឋចំនួន ១១២ ៧៦០គ្រួសារ និង ដំណាំស្រូវជាង ១៩ម៉ឺនហិកតា និងខូចខាត ៦ម៉ឺនហិកតា។ នេះបើតាម លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com