ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល សម្រេចឱ្យអ្នកជាប់ពន្ធប្រើអត្រាប្តូរប្រាក់ផ្លូវការ របស់ធនាគារជាតិ វិញ
28, Oct 2022 , 10:35 am        
រូបភាព
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
អគ្គនាយកដ្ឋានពន្ធដារ(GDT) សម្រេចឱ្យអ្នកជាប់ពន្ធទាំងអស់ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា(NBC)ឡើងវិញ ក្រោយអនុវត្តអត្រាប្តូរប្រាក់របស់ខ្លួនបានរយៈពេលជិត៥ខែ។  នេះបើយោងតាមសេចក្តីណែនាំរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៨តុលានេះ។



អត្ថបទទាក់ទង
 
ការសម្រេចឱ្យអ្នកជាប់ពន្ធប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាឡើងវិញនេះ  គឺធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានពិភាក្សាជាមួយធនាគារជាតិ នូវរូបមន្តជ្រើសរើសយកអត្រាប្តូរប្រាក់មួយដែលឆ្លុះបញ្ចាំងពីទីផ្សារពិតប្រាកដ។ ជាពិសេស បច្ចុប្បន្ននេះ ធនាគារជាតិ បានផ្លាស់ប្តូរវិធីសាស្ត្រថ្មីនៃការកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលជាអត្រាអន្តរធនាគារអនុវត្តនៅក្នុងប្រព័ន្ធជួញដូររបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Planform/ NBCP) និងបានឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់ទីផ្សារជាក់ស្តែង។

យោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ​ស្តីពី ការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការសម្រាប់អ្នកជាប់ពន្ធតាមរបបស័្វយប្រកាស ការសម្រេចឱ្យអ្នកជាប់ពន្ធទាំងអស់ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយប្រចាំថ្ងៃជំនួសវិញនេះ ៖« គឺមានគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសិក្តិភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់អត្រាប្តូរប្រាក់ ដែលសមស្របនឹងអត្រាប្តូរប្រាក់ទីផ្សារ»។ ការសម្រេចរបស់ពន្ធដារនេះ  អនុវត្តចាប់ពីថ្ងៃទី២៨តុលា ឆ្នាំ២០២២តទៅ។

ដើម្បីធានាដល់ការអនុវត្តអត្រាប្តូរប្រាក់ផ្លូវការ សម្រាប់ការប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំឱ្យអ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិ ឬ អត្រាប្តូរប្រាក់ទីផ្សារ។  ដោយឡែក សម្រាប់អ្នកជាប់ពន្ធលើប្រាក់បៀវត្ស  ពន្ធប្រចាំខែ និងប្រចាំឆ្នាំ គឺតម្រូវឱ្យអនុវត្តតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា៕

Tag:
 ពន្ធដារ
  លោក គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com