ជាតិ
ប្រធាននាយកដ្ឋានសត្វព្រៃកម្ពុជាម្នាក់ ត្រូវសមត្ថកិច្ចអាម៉េរិកឃាត់ខ្លួន ពាក់ព័ន្ធនឹងជួញដូរស្វាជិតផុតពូជ
17, Nov 2022 , 5:59 pm        
រូបភាព
រូបសត្វស្វាក្ដាម ពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
រូបសត្វស្វាក្ដាម ពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
ភ្នំពេញ៖ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy 
ក្នុងទីក្រុងញូវយ៉ក ប្រទេសអាម៉េរិក ពាក់ព័ន្ធនឹងការគប់គិតគ្នា នាំស្វាក្តាម (long-tailed macaques) ជិតផុតពូជ ទៅកាន់អាមេរិក។

 
ជនសង្ស័យចំនួន៨នាក់ បានគប់គិតគ្នា នាំចូលស្វាក្តាមខុសច្បាប់ទៅអាមេរិក ដោយក្នុងនោះ មានមន្ត្រីជាន់ខ្ពស់ខ្មែរពីររូប។ នេះបើតាមការចេញផ្សាយរបស់ក្រសួងយុត្តិធម៌អាម៉េរិក។ 
 
មន្ត្រីខ្មែរពីររូប ដែលត្រូវអាជ្ញាធរអាមេរិកចោទថា បានគប់គិតគ្នានាំចូលសត្វស្វាទៅអាម៉េរិកនេះ គឺលោក កែវ អូម៉ាលីស ប្រធានរដ្ឋបាលព្រៃឈើ និង លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ សមត្ថកិច្ចអាមេរិក បានឃាត់ខ្លួន លោក គ្រី ម៉ះផល នៅថ្ងៃទី១៧ វិច្ឆិកា ។ ក្រៅពីបទចោទនេះ លោក គ្រី ម៉ះផល ក៏ប្រឈមមុខការកាត់ទោសនៅអាមេរិកផងដែរ។ 
 
ចំណែក ៦រូបទៀត ដែលអាជ្ញាធរអាមេរិក បានបង្ហាញអត្តសញ្ញាណ គឺម្ចាស់ក្រុមហ៊ុន Vanny Bio Research អ្នកគ្រប់គ្រងទូទៅ រួមទាំងបុគ្គលិកពាក់ព័ន្ធ៤នាក់ទៀត។ ពួកគេ ត្រូវបានអាជ្ញាធរអាមេរិកចោទពីបទ រត់ពន្ធខុសច្បាប់ និងការសមគំនិតគ្នា បំពាន់ច្បាប់ (Lacey Act) និងច្បាប់ជិតផុតពូជ (Endangered Species Act)។ 
 
ជនជាប់ចោទ ប្រឈមមុខនឹងជាប់ពន្ធនាគារ ដល់៥ឆ្នាំ ពីបទសមគំនិត ហើយក៏អាចជាប់រហូតដល់២០ឆ្នាំ បើរកឃើញថា បានរត់ពន្ធខុសច្បាប់ ចាប់២ទៅ៨ដងឡើងទៅ។ 
 
ជុំវិញ ករណីនេះ សារព័ត៌មានថ្មីៗពុំអាចសុំការឆ្លើយតបពី ក្រសួងកសិកម្មបានឡើយ ដោយលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួង ប្រាប់ថា កំពុងធ្វើកិច្ចការពាក់ព័ន្ធនឹងករណីខាងលើ។ ជាមួយគ្នាដែរ សារព័ត៌មានថ្មីៗ ក៏មិនអាចទាក់ទងលោក កែវ អូម៉ាលីស ប្រធានរដ្ឋបាលព្រៃឈើនិងជលផល ដើម្បីសុំការឆ្លើយតប បានដែរ។ 
 
ម្ចាស់ក្រុមហ៊ុន Vanny Bio Research បានគប់គិតគ្នាជាមួយ ​មន្ត្រី​កម្ពុជា ដើម្បី​​បាន​សត្វ​ស្វា​ដែល​ចាប់​ពីព្រៃ ក្រោមរូបភាពយកបង្កាត់ពូជ ប៉ុន្តែនាំទៅកាន់សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ ពួកគេបានប្រមូលសត្វស្វាក្ដាមទាំងនោះ ពីឧទ្យានជាតិ និងតំបន់ការពារក្នុងប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ក្រសួងយុត្តិធម៌អាមេរិក ។
 
បើតាមក្រសួងយុត្តិធម៌អាម៉េរិកដដែល សត្វ​ស្វា​ទាំងនេះ​ត្រូវ​បាន​គេ​យក​ទៅ​កន្លែង​បង្កាត់​ពូជ និង​ផ្តល់​លិខិត​អនុញ្ញាត​នាំចេញស្របតាម CITES ប៉ុន្តែវាជាករណីក្លែងបន្លំ។ ប្រភពដដែល បានបង្ហាញថា កូតាប្រមូលសត្វស្វាក្រៅផ្លូវការមាន៣០០០ក្បាល ដែលត្រូវបានអនុញ្ញាត ដោយមន្ត្រីកម្ពុជា ក៏បានទទួលការទូទាត់ជាសាច់ប្រាក់រួចហើយដែរ។ 
 
បើតាមរបាយការណ៍ក្រសួងកសិកម្មកន្លងមក កម្ពុជាបាន​នាំចេញ​សត្វ​ស្វា​ក្ដាម​ទៅ​ក្រៅប្រទេស ជាង​១​ម៉ឺន​ក្បាលនៅក្នុង​ឆ្នាំ​២០១៨​។ កម្ពុជា ចាប់ផ្ដើម​នាំចេញ​សត្វ​ស្វា​ក្ដាម ទៅ​ក្រៅប្រទេស តាំងពី​ឆ្នាំ​២០១០​៕ 
 
 

Tag:
 សត្វកន្ទុយវែង
© រក្សាសិទ្ធិដោយ thmeythmey.com