ជាតិ
បាក់ឌុប៖ រដ្ឋមន្រ្តីអប់រំ អំពាវនាវដល់សណ្ឋាគារ​ និង​ភោជនីយដ្ឋាន ​ជួយសម្រួល​ដល់​បេក្ខជនប្រឡង
21, Nov 2022 , 5:19 pm        
រូបភាព
ភ្នំពេញ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ព្រឹកថ្ងៃទី​២១ វិច្ឆិកា​ លោក ហង់ជួន ណារ៉ុន បាន​អំពាវនាវ​ដល់​សណ្ឋាគារ​ កន្លែង​ស្នាក់នៅ និង​ភោជនីយដ្ឋាន កន្លែង​លក់អាហារផ្សេងៗ ជួយ​សម្រួល​ដល់​បេក្ខជន​​ដែល​មក​ពី​តាមឃុំ ​ស្រុក ដើម្បីឱ្យ​ពួកគេអាច​​ស្នាក់នៅ​ និង​ទទួលទានបាន​ស្រួល​​។



ដើម្បី​ឱ្យ​ដំណើរ​ការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រូវ​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា​ លើក​ឡើង​ដូច្នេះ៖​«សូម​អំពាវនាវ សូម​ឱ្យ​សណ្ឋាគារ​ ក៏​ដូចជា​​កន្លែង​ស្នាក់​នៅ​ ភោជនីយដ្ឋាន​ កន្លែង​លក់​អាហារ​ផ្សេងៗ​ សូម​ជួយ​សម្រួល​ដល់​បេក្ខជន​ ដែល​មក​ពី​តាម​ឃុំ ស្រុក ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅតាម​ដង​ផ្លូវ និង​ភាព​ងាយ​ស្រួល​នៅ​ក្នុងការ​ស្នាក់នៅ​ និង​ហូបចុកដល់​បេក្ខជន​»។ ​
 
ជាមួយ​គ្នានេះ លោក ហង់ជួន ណារ៉ុន ក៏​បាន​ស្នើ​ដល់​សិស្សានុសិស្ស​ដែល​ចូលរួម​ប្រឡង ត្រូវ​ទទួល​ទាន​អាហារ​ និង​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​ ដោយ​កាត់​បន្ថយ​អារម្មណ៍​ធុញ​ថប់ តាន​តឹង​ និង​ភ័យ​ព្រួយ។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី​ មិនភ្លេច​​ក្រើនរំឭក​ដល់បេក្ខជន​ឱ្យ​គោរព​នូវ​បទ​ប្បញ្ញត្តិ ដោយ​មិន​ត្រូវ​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ឡើយ។ 
អត្ថបទទាក់ទង

 
ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្រ្តី​ក្រសួងអប់រំ បាន​​រំលេច​ពី​ការ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ក្រសួង​-ស្ថាប័នចំនួន ៦ រួម​មាន ក្រសួង​មហាផ្ទៃ, ក្រសួង​សុខាភិបាល, កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស, អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​, សហភាពសហព័ន្ធ​យុវជន​កម្ពុជា និង​អគ្គិសនីកម្ពុជា ដែល​តែង​ចូលរួម​ជាមួយ​ក្រសួង​អប់រំ​។ 
 
សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៥ ធ្នូ ២០២២នេះ មាន​បេក្ខជន​ប្រឡង​ចំនួន ១២៨ ១៣៤នាក់ និង​មាន​មណ្ឌលប្រឡង ២២១ ស្មើនឹង​៥១៧៤បន្ទប់។ សម្រាប់​ថ្ងៃ​ប្រកាស​លទ្ធផល ក្រសួង​អប់រំ ​កំណត់យកថ្ងៃទី ២៧ ធ្នូ​សម្រាប់​​រាជធានីភ្នំពេញ និងខេត្តកណ្ដាល និង​ថ្ងៃទី​២៨ ធ្នូ ​​សម្រាប់​ខេត្ត​ផ្សេងៗ៕​
 

Tag:
 អប់រំ
  បាក់ឌុប
  សណ្ឋាគារ​
  កន្លែង​ស្នាក់នៅ
© រក្សាសិទ្ធិដោយ thmeythmey.com