ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម៖ ៣ឆ្នាំនេះ កម្ពុជានាំចេញសត្វស្វាជិត ៧ម៉ឺនក្បាល ស្របតាមអនុសញ្ញា CITES
21, Nov 2022 , 5:39 pm        
រូបភាព
ស្វាក្តាម
ស្វាក្តាម
៣ឆ្នាំចុងក្រោយនេះ កម្ពុជា​បាននាំចេញស​ត្វស្វា​ជិត​ ៧ម៉ឺនក្បាល ដែលអនុវត្តត្រឹមត្រូវតាមច្បាប់។ នេះបើយោងតាមសំណេររបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



លោក ឌិត ទីណា បានចេញសំណេរនៅគណនីបណ្តាញសង្គមTwiter នាថ្ងៃទី២១ វិចិ្ឆកានេះ ថា ៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញសត្វស្វាចំនួន ៦៨ ០៧៦ក្បាល ដែលស្របតាម​អនុសញ្ញា​ស្តីពី​ការហាមប្រាម​ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែលប្រឈម​នឹងការជិតផុតពូជ (CITES)។
 
លោកបន្តរៀបរាប់យ៉ាងដូច្នេះ៖ «ស្វាដែលអាម៉េរិកយល់ថាជាសត្វកម្រនោះ គឺ[ត្រូវ]គេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាថា ជាស្វាវត្តភ្នំ»។
បើតាមលោក ឌិត ទីណា សត្វស្វាដែលកម្ពុជាបាននាំចេញកន្លងមកនេះ គឺជាសត្វដែលត្រូវបានគេបង្កាត់ពូជ និងចិញ្ចឹមឡើង សម្រាប់នាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។ 
 
ជាមួយគ្នានេះ លោក ឌិត ទីណា បានចោទជាសំណួរវិញថា៖ «ស្វា​ក្តាម ដែលគេស្គាល់ថាស្វាវត្តភ្នំ គឺជាប្រភេទ«ជិតផុតពូជ»នៅក្នុងឧបសម្ព័ន្ធទី២នៃអនុសញ្ញាCITES ដែលយើងគោរពតាមអនុសញ្ញានេះ។ ចុះតើ​កម្ពុជា​ធ្វើដូចម្តេចអាចនាំ​ចេញ​[ស្វាយ]បាន​ដល់​១ម៉ឺន៧​ពាន់[ក្បាល]ក្នុងមួយឆ្នាំ? [ចម្លើយ] គឺយើងចិញ្ចឹមពួកវា!»។ 
 
អត្ថបទទាក់ទង

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ក្រោយពីអាជ្ញាធរអាម៉េរិក​ បាន​ឃាត់​ខ្លួនលោក គ្រី ម៉ះផល ​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវចម្រុះ​នៃរដ្ឋបាល​ព្រៃឈើ​ក្រសួង​កសិកម្ម​ កាល​ពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២២​ ក្រោមបទចោទ« រត់ពន្ធខុសច្បាប់ និងការសមគំនិតគ្នា បំពាន់ច្បាប់ (Lacey Act) និងច្បាប់ជិតផុតពូជ (Endangered Species Act)»។ 
 
របាយការណ៍ស្ដីពី សភាពការណ៍កសិកម្ម រក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត របស់ក្រសួងកសិកម្មបានបង្ហាញ ថា  កម្ពុជា មានកសិដ្ឋានបង្កាត់ស្វាក្ដាម៦ទីតាំង ដែលមានស្វាក្ដាមជិត១៤ម៉ឺនក្បាល។​ ដោយឡែក នៅក្នុងខែតុលា គឺមានកូនស្វា ជាង៤ពាន់ក្បាល។  
 
កសិដ្ឋានបង្កាត់ពូជស្វាក្ដាមទាំង៦ទីតាំងនោះ គឺមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ របាយការណ៍ដដែលបានបង្ហាញថា ប្រចាំខែតុលាឆ្នាំ២០២២  ក្រសួងកសិកម្មបានចេញលិខិតអនុញ្ញាតដឹកជញ្ជូនសត្វព្រៃជូនក្រុមហ៊ុនចំនួន២ច្បាប់ ដែលមានស្វាក្ដាមចំនួន១៤៨៨ក្បាល៕  
 
 
 
 

Tag:
 កសិកម្ម
  ស្វា
  លោក ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com