ជាតិ
សម្ដេច ស ខេង​ បញ្ជាឱ្យសិក្សាផ្នែកច្បាប់ ដើម្បីអនុវត្តជាកាតព្វកិច្ច លើការពិនិត្យរកសារធាតុញៀន តាមស្ថាប័ន
22, Nov 2022 , 9:59 pm        
រូបភាព
ក្រសួងមហាផ្ទៃ កំពុងសិក្សាធាតុផ្សំនានា ក្នុងការដាក់ឱ្យអនុវត្តជាកាតព្វកិច្ច លើការពិនិត្យទឹកនោមរកសារធាតុញៀនលើមន្ត្រី ទាំងក្នុងក្របខណ្ឌនគរបាល និងស៊ីវិល ។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។



«ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សា ពិនិត្យពិចារណា ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀនជាទូទៅ ចំពោះមន្ត្រីនគរបាល និងមន្ត្រីស៊ីវិល ក្នុងថេរវេលាជាក់លាក់ណាមួយផងដែរ»។ នេះជាការលើកឡើងសម្ដេច ស ខេង ដែលជំរុញឱ្យស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោម និងវិស័យឯកជន ចូលរួមសហការជាមួយយុទ្ធនាការរបស់រដ្ឋាភិបាល ក្នុងការពិនិត្យរកសារធាតុញៀន លើមន្ត្រី និងបុគ្គលិករបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការពារសុវត្ថិភាពសង្គម។
 
រដ្ឋមន្រ្តីមហាផ្ទៃ បានសង្កត់ធ្ងន់ថា ៖«ខ្ញុំក៏បានណែនាំទៅអ្នកពាក់ព័ន្ធមួយចំនួន ដើម្បីសិក្សា(ពីការធ្វើតេស្តលើទឹកនោម រកសារធាតុញៀន) ដាក់បញ្ចូលទៅក្នុងច្បាប់ ដើម្បីឱ្យក្លាយទៅជាកាតព្វកិច្ច មិនមែនត្រឹមតែជាការភ្ញាក់រលឹក ឬក៏ជាការណែនាំធម្មតានោះទេ។ ត្រូវឱ្យជាប់ជាកាតព្វកិច្ច»។
 
ត្រង់ចំណុចនេះ សម្ដេច ស ខេង បានលើកជាឧទាហរណ៍ថា បើបុគ្គលិកបើករថយន្តដឹកទំនិញ ទេសចរណ៍ និងគ្រប់ប្រភេទនានា មិនបានធ្វើតេស្តរកសារធាតុញៀនទេ នោះម្ចាស់ក្រុមហ៊ុន មិនត្រូវទទួល និងអនុញ្ញាតឱ្យបុគ្គលនោះ មានសិទ្ធិបើកបររថយន្តឱ្យក្រុមហ៊ុនឡើយ។
 
ចំណែកខាងភោជនីយដ្ឋាន និងសេវាកម្ម រួមទាំងវិស័យឯកជនផ្សេងទៀត ក៏ដូចគ្នា បើបុគ្គលិកណាម្នាក់ មានផ្ទុកសារធាតុញៀននោះ ម្ចាស់អាជីវកម្មទាំងអស់ មិនត្រូវទទួលយកធ្វើការនោះទេ។ ក្នុងករណីម្ចាស់អាជីវកម្មទាំងនោះ នៅតែបំពានយកបុគ្គលនោះ ចូលបម្រើការងារ អាចប្រឈមបញ្ហា ឬត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រីឯ ក្របខណ្ឌមុខងារសាធារណៈវិញ បើសិនជាមន្ត្រីណា មានផ្ទុកសារធាតុញៀន មិនត្រូវបញ្ចូលក្នុងក្របខណ្ឌ ឬដំឡើងបុណ្យសក្តិអ្វីឡើយ ហើយត្រូវបញ្ឈប់មន្ត្រីនោះតែម្ដង។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីមហាផ្ទៃ។
«ព្រោះមិនមែនជារឿងលេងសើចទេ! វិធានការសាមញ្ញទេ​ ហើយយើងអាចធ្វើបានទាំងអស់គ្នា មិនពិបាក»។ សម្ដេច ស ខេង បន្ថែមបែបនេះ។
 
បើតាមរបាយការណ៍នៃការបង្ក្រាបគ្រឿងញៀន៩ខែ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤,៨៤៣ករណី ដោយរឹបអូសគ្រឿងបានជាង៦តោន និងបានឃាត់ខ្លួនជនសង្ស័យ១១,៤៣១នាក់។ ក្នុងនោះមានជនបរទេស១៩២នាក់ (ស្រី២៣នាក់) មាន៨សញ្ជាតិ។ សារធាតុញៀនគ្រប់ប្រភេទជាង៦តោន រួមមាន កញ្ឆា៣២,៣១៧ដើម, កញ្ឆាស្ងួតជាង៤២គីឡូក្រាម, ល្បាយសារធាតុផ្សំកេតាមីនជាង៤តោន, សារធាតុផ្សំគីមី៤៧៦តោន ១១២គីឡូក្រាម៕
 

Tag:
 ស ខេង
  នយោបាយ
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com