ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ប្រមូលVATពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានជាង​៣៧លានដុល្លារ
14, Dec 2022 , 3:38 pm        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពីអាករ​លើតម្លៃ​បន្ថែម (VAT)​ ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) បានជាង​៣៧លានដុល្លារសម្រាបថវិកាជាតិ។ នេះគឺជាប្រភពចំណូលថ្មីដែលពន្ធដារ ទើបអនុវត្តបានក្នុងរយៈពេល៧ខែ កន្លងមកនេះ។​

 
អាករ​លើតម្លៃ​បន្ថែម (VAT) ​ចំនួន១០ភាគរយ ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិកនៅកម្ពុជា ត្រូវបានអនុវត្តចាប់​តាំងពី​ថ្ងៃ​ទី១មេសា ឆ្នាំ២០២២មក។ គិតមកដល់ខែវិច្ឆិកា អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធប្រភេទនេះ ​បានសរុប ១៥២,៣៤ពាន់លានរៀល (ប្រមាណ៣៧,៣១លានដុល្លារអាម៉េរិក)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកពន្ធដារ នាថ្ងៃទី១៣ធ្នូ។ ​
 
ជាមួយនឹងលទ្ធផលដែលសម្រេចបានខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារដែលដឹកនាំដោយលោក គង់ វិបុល នឹងបង្កើនការផ្សព្វផ្សាយអំពីកាតព្វកិច្ចចុះបញ្ជី និងកាតព្វកិច្ចសារពើពន្ធផ្សេងទៀត ចំពោះសហគ្រាសដែលមានប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​។ លើសពីនេះ ពន្ធដារក៏បន្តសិក្សាស្រាវជ្រាវ និងឈ្វេងយល់បន្ថែម លើការគ្រប់គ្រងប្រមូលពន្ធពីវិស័យ E-Commerce ពីរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសនានា  ដើម្បីពង្រឹងការងារគ្រប់គ្រង ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែប្រសើរ។​
 
ក្រុមហ៊ុនដែលមកចុះបញ្ជីអនុវត្តអាករ​លើតម្លៃ​បន្ថែមនៅកម្ពុជា គឺមានក្រុមហ៊ុន Facebook YouTube Netflix Amazon Google Alibaba Microsoft  TikTok  MasterCard និង Zoho Corporation ... ជាដើម។ បច្ចុប្បន្ន​ ក៏អគ្គនាយកដ្ឋានពន្ធដារ កំពុងសហការជាមួយធនាគារ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូល​ពន្ធ ពីប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិកនេះ។
 
ការប្រមូលពន្ធលើតម្លៃបន្ថែម(VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបាន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកថា ជាប្រភពចំណូលដែលមានសក្តានុពលសម្រាប់ចំណូលជាតិ។  បើតាមលោក គង់ វិបុល ការប្រមូលពន្ធកលើទំនិញ និងសេវាកម្មឌីជីថល ពីក្រុមហ៊ុនដែលមានជាអវិនាសដ្ឋានទាំងនេះ ក្រៅពីបានចំណូលបន្ថែមចូលជាតិហើយនោះ ក៏ជាការអនុវត្តមួយឱ្យស្មើភាពគ្នា ជាមួយអ្នកប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានមូលដ្ឋាននៅស្រុកផងដែរ ខណៈកន្លងមកក្រុមហ៊ុនទាំងអស់នេះ គឺមិនបានបង់ពន្ធលើប្រាក់ចំណូល និង VAT នៅកម្ពុជាឡើយ។​
 
សូមជម្រាបថា រយៈពេល១១ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិ​បាន ៣ ២១៤,០៦លានដុល្លារ។ ចំណូលនេះគឺស្មើនឹង១១៣,៩៩ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំ២០២២ ធៀបនឹងចូលពន្ធ-អាករ ឆ្នាំ២០២១។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ៕​
 
 
 

Tag:
 ពន្ធដារ
  គង់ វិបុល
  E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com