អន្តរជាតិ
កម្ពុជាស្ថិតនៅលំដាប់ទីបីក្នុងចំណោមភ្ញៀវទេសចរដែលទៅ​លេងវៀតណាមច្រើនជាងគេ
19, Dec 2022 , 8:30 am        
រូបភាព
ដោយ: ធីតា
វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិ​ជាង​២,៩៥លាននាក់​នៅ​រយៈពេល​១១ខែកន្លងមក​នៃឆ្នាំ២០២២។ របាយការណ៍ពី​ការិយាល័យស្ថិតិទូទៅ​របស់វៀតណាម បង្ហាញថា ភ្ញៀវពី​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​កូរ៉េខាងត្បូង និង​សហរដ្ឋអាម៉េរិក។

 
គិត​ត្រឹម​តែ​ក្នុង​ខែវិច្ឆិកា វៀតណាម​ទទួលបាន​ភ្ញៀវ​បរទេស​ជិត​៦០ម៉ឺន​នាក់ ដោយមាន​កំណើន​លើស ៣៩,៧​ដង បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពីអំឡុង​ឆ្នាំ​២០២១។ ដោយឡែក ចំនួន​ភ្ញៀវ​បរទេស​ជាង ២,៩៥លាននាក់ ចន្លោះពី​ខែ​មករា ដល់ខែវិច្ឆិកា គឺ​មាន​កំណើន​លើស ២១,១ដង បើប្រៀបធៀបទៅនឹង​ឆ្នាំមុន ប៉ុន្តថយ​ចុះ ៨១,៩ភាគរយ បើ​ប្រៀបធៀបទៅមុន​ឆ្នាំ​២០១៩ ពោលគឺមុន​ការរាតត្បាតកូវីដ-១៩។
 
​ការិយាល័យស្ថិតិទូទៅ​របស់វៀតណាម បាន​បង្ហាញថា ភ្ញៀវ​បរទេសភាគច្រើន​ដែល​ទៅកាន់វៀតណាម ភាគ​ច្រើន​ជា​បណ្តា​ប្រទេសនៅតំបន់អាស៊ី ដែលមាន​ជាង២លាននាក់ ដោយ​តាមពីក្រោយ​ដោយ អឺរ៉ុប ដែលមាន​ជិត​៤២ម៉ឺននាក់ និងអាម៉េរិក ជាង​៣២ម៉ឺននាក់។
 
បើបែងចែកទៅតាមបណ្តា​ប្រទេស ភ្ញៀវ​កូរ៉េខាងត្បូង នាំមុខគេដោយមាន​ជាង៧៦ម៉ឺន​នាក់ដែលទៅទស្សនាវៀតណាមចន្លោះពីខែមករា ដល់ខែវិច្ឆិកា បន្ទាប់មក អាម៉េរិក មាន​ជិត​២៧ម៉ឺន​នាក់ និង​ពីកម្ពុជា មាន​ជាង​១៧ម៉ឺននាក់។
 
ក្នុងចំណោម​ភ្ញៀវ​បរទេសដែលទៅ​ទស្សនាវៀតណាម មាន​៨៨,៩ភាគរយ ធ្វើដំណើរ​តាមជើងហោះហើរ ប្រមាណ​១១ភាគរយ តាមផ្លូវគោក និង​មួយចំនួន​ទៀត តាម​ផ្លូវទឹក។ 
 
គោលដៅ​របស់​វៀតណាម សម្រាប់ឆ្នាំ​២០២២ នេះ គឺ​ការទាក់ទាញទេសចរបរទេសឲ្យបាន​៥លាននាក់ តាម​រយៈការ​រៀបចំដំណើរកម្សាន្តជាកញ្ចប់ និង​គោលការណ៍ពន្យាទិដ្ឋការ ជាដើម៕

Tag:
 (ទេសចរ
  វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com