ជាតិ
សេដ្ឋកិច្ច
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បន្តចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
20, Dec 2022 , 2:39 pm        
រូបភាព
កម្ពុជា ចរចា​ផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងក្នុងជុំទី២ជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៩ធ្នូ ឆ្នាំ២០២២។ រូបថត៖ ក្រសួងពាណិញជ្ជកម្ម​
កម្ពុជា ចរចា​ផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងក្នុងជុំទី២ជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៩ធ្នូ ឆ្នាំ២០២២។ រូបថត៖ ក្រសួងពាណិញជ្ជកម្ម​
កម្ពុជា កំពុងបន្តការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA)ក្នុងជុំទី២ ជាមួយ អេមីរ៉ាតអារ៉ាប់រួម។ ការចរចារបើកទីផ្សារ​ទៅកាន់ប្រទេសក្នុងតំបន់អារ៉ាប់នេះ គឺធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៩ដល់២១ធ្នូ។

 
Comprehensive Economic Partnership Agreement/CEPA គឺជាកិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយថ្មីមួយទៀតដែលកម្ពុជាកំពុងចរចាជាមួយអេមីរ៉ាតអារ៉ាប់រួម​នៃជុំទី២ ក្នុងគោលដៅធ្វើពិពិធកម្មទីផ្សារនាំចេញ។ ក្នុងពិធីប្រកាសបើកការចរចា​ផ្លូវការជាលើកទី២ នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៩ធ្នូ ឆ្នាំ២០២២ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កិច្ចព្រមពៀងពាណិជ្ជកម្មនេះ គឺមានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ព្រោះវានឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម។ 
 
ជាពិសេសកិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀត ដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្ត្រីពាណិជ្ជកម្មបានថ្លែងបែបនេះ ។
 
លោកជំរុញក្រុមការងារភាគីទាំងពីរបន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបានឆាប់ សំដៅបម្រើដល់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិយោគិន និងធុរជន។

អត្ថបទទាក់ទង
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ការចរចាបើកទីផ្សារពាណិជ្ជកម្មជាមួយអេមីរ៉ាតអារ៉ាប់រួម គឺដឹកនាំដោយ​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាងអន្តរក្រសួងនៃប្រទេសទាំងពីរ។ 
 
អំឡុងចរចានេះ ភាគីទាំងពីរនឹងបន្តពិភាក្សានិងដោះស្រាយរាល់ចំណុច ដែលមិនទាន់មានការឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ ដែលបន្សល់ពីការចរចាជុំទី១ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២។  ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការចរចានេះ គឺផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មទំនិញ, របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ, ពាណិជ្ជកម្មសេវា កិច្ចសម្រួលពាណិជ្ជកម្ម, វិធានដើមកំណើតទំនិញ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច,​ ឧបាស្រ័យពាណិជ្ជកម្ម, វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។
 
របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ៨ខែមកនេះ ពាណិជ្ជកម្មរវាងកម្ពុជានិង​អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំទឹកប្រាក់ ២៧៩លានដុល្លារអាម៉េរិក ជាមួយកំណើន ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ បើតាមក្រសួងពាណិជ្ជកម្ម ក្រោយកិច្ចព្រមព្រៀងនេះ បានជោគជ័យ វានឹងជំរុញភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការបើកទីផ្សារឲ្យទូលំទូលាយ, ការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ និងបង្កើនបរិយាកាសសេរីភាវូបនីយកម្មលើវិស័យសំខាន់ៗផ្សេងទៀត ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។ 
 
ក្រសួងពាណិជ្ជកម្មបាន​អះអាងយ៉ាងដូច្នេះ៖ «អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ»៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com