ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានកម្ចីពីធនាគារពិភពលោក ២៧៤លានដុល្លារទៀត ដើម្បីស្តារសេដ្ឋកិច្ច និងបង្កើនភាពធន់
21, Dec 2022 , 1:59 pm        
រូបភាព
រូបតំណាង៖ ស្ត្រីលក់នំម្នាក់បណ្តើរកង់ឆ្លងកាត់ផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២២។
រូបតំណាង៖ ស្ត្រីលក់នំម្នាក់បណ្តើរកង់ឆ្លងកាត់ផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២២។
ធនាគារពិភពលោក សម្រេចផ្តល់ឥណទានចំនួន២៧៤លានដុល្លារទៀតឱ្យកម្ពុជា ដើម្បីជួយ​ដល់ការអនុវត្តគោលនយោបាយជំរុញកំណើ​ន​សេដ្ឋកិច្ច និងបង្កើនភាពធន់។ បើតាមធនាគារពិភពលោក ហិរញ្ញប្ប​ទាន​នេះ នឹងទ្រទ្រង់​​ដល់កំណែទម្រង់របស់រដ្ឋាភិបាលដែលសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។

 
ទោះ​បីសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញពីវិបត្តិកូវីដ-១៩ពិតមែនក្តី​ ប៉ុន្តែ កម្ពុជានៅតែរងសម្ពាធឬ បរិយាកាសអាក្រក់ពីពិភពលោក។ ភាពអូសបន្លាយសង្រ្គាមនៅប្រទេសអ៊ុយក្រែន, ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិក និងកំណើនសេដ្ឋកិច្ចយឺតនៅប្រទេសចិន ដែល​ទាំង​អស់​នេះគឺ​​ជាកត្តាជះឥទ្ធិពល​អវិជ្ជមាន​​មកលើ​វិស័យពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងខ្លាំង។  ទន្ទឹមនេះកម្ពុជា​​ក៏​ងាយ​រង​គ្រោះ​ខ្លាំង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ផង​ដែរ​  ដូចជា៖ ​ត្រូវ​ប្រឈម​នឹង​​ទឹកជំនន់ និង​គ្រោះរាំងស្ងួតញឹកញាប់។​
 
ដោយមើលឃើញពីបញ្ហាទាំងអស់​នេះ រួមនឹងអត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងដល់២,៨ភាគរយ ដោយ​រុញ​មនុស្ស​ប្រហែល៤៦ម៉ឺននាក់ ឱ្យ​ធ្លាក់ក្នុងភាពក្រីក្រវិញ​ព្រោះតែកូវីដ-១៩ ធនាគារពិភពលោក(World Bank) បានអនុម័តផ្តល់កម្ចីចំនួន២៧៤លានដុល្លារទៀតឱ្យកម្ពុជា នៅថ្ងៃ២០ធ្នូ ឆ្នាំ២០២២ ដើម្បីស្តារសេដ្ឋកិច្ច និងបង្កើនភាពធន់របស់ខ្លួន។ 
 
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ World Bank ហិរញ្ញប្ប​ទាន​នេះក្រៅពីទ្រទ្រង់​​ដល់​កំណែទម្រង់នៃដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមហើយនោះ ក៏ជួយបង្កើនភាព​ធន់នៃ​​​សារពើពន្ធ រួមទាំង​ការកែលម្អ​ការគ្រប់គ្រង​ភាពជាដៃ​គូរវាង​ផ្នែក​​សាធារណៈនិងឯកជន និងការ​សម្រួលដល់​ការលក់​ប័ណ្ណ​បំណុល​របស់  រដ្ឋាភិបាល​​ក្នុងទីផ្សារក្នុងស្រុក ផងដែរ។  ប្រតិបត្តិការក្រោម​ហិរញ្ញប្បទាន​នេះក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយ​កើតឡើង​។
 
លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រង​របស់​ធនាគារពិភពលោក​ប្រចាំកម្ពុជា បានបញ្ជាក់ដូច្នេះ៖​« ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ជំរុញ​ភាព​ប្រកួត​ប្រជែង​របស់ផ្នែក​​ឯកជន, ពង្រឹង​ស្ថាន​ភាព​សារពើពន្ធរបស់​កម្ពុជា និងផ្តល់​ជំនួយ​ដល់​ប្រ​ជា​ជន​ងាយ​រងគ្រោះ​បំផុត​របស់​ខ្លួន»។ ​​
 
កម្ចី ដែលកម្ពុជាទទួលបានពីធនាគារពិភពលោក​ចំនួន​២៧៤លានដុល្លារនេះ គឺបានបន្ថែម​ពីលើ​កម្ចី២០០ លានដុល្លារ ដែលឈរ​លើ​​ផែន​ការរបស់​រដ្ឋា​ភិបាល​សម្រាប់​​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​សម័យ​ជំងឺ​រាត​ត្បាត​ក្នុង​គោល​ដៅ ស្តារ​សេដ្ឋកិច្ច កំណែទម្រង់ និង​ការ​បង្កើន​ភាព​ធន់(Cambodia Relief, Recovery, and Resilience Development Policy Financing) ដែល​​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០២១។ World Bank បន្ថែមថា​ ហិរញ្ញប្បទាននេះនឹង​ជួយ​សម្រាល​​សម្ពាធ​ផ្នែក​សារពើពន្ធ​ខ្លះ​ដែល​រដ្ឋា​ភិបាល​កំពុង​ជួបប្រទះ ដោយសារតែ​មានឱនភាពក្នុង​ប៉ុន្មាន​ឆ្នាំកន្លងមក។ 
 
គិតត្រឹម​ដំណាច់ត្រីមា​សទី៣ ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុប ៩ ៤៧៤លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជា World Bank ចំនួន៨៥១,៧លានដុល្លារ ស្មើ៩ភាគរយនៃបំណុលសរុប។ នេះបើយោងតាម​ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា​ របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ 
 
 
 

Tag:
 កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com