អន្តរជាតិ
មេបញ្ជាការចិន និងឥណ្ឌា ឯកភាពលើការថែរក្សាស្ថិរភាព និងកិច្ចពិភាក្សាលើបញ្ហាព្រំដែន
23, Dec 2022 , 9:33 am        
រូបភាព
យោធាឥណ្ឌា នៅក្នុងឆ្នាំ២០២០ កន្លងទៅ។ រូបភាព៖ AFP
យោធាឥណ្ឌា នៅក្នុងឆ្នាំ២០២០ កន្លងទៅ។ រូបភាព៖ AFP
ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា យោធាចិន និងឥណ្ឌា បានឯកភាពក្នុងការទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ និងរក្សាកិច្ចចរចាតាមរយៈយោធា និងការទូត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃទី២២ ខែធ្នូ។



ក្រោយការប៉ះទង្គិចនាពេលកន្លង យោធាចិន និងឥណ្ឌា បានជួបគ្នាថ្នាក់មេបញ្ជាកការលើកទី១៧ នៅតំបន់ព្រំដែន Chushul-Moldo ក្នុងថ្ងៃទី២០ ខែធ្នូ។ ក្នុងជំនួបនេះ មេបញ្ជាការយោធាប្រទេសទាំងពីរ បានឯកភាពជាថ្មី ក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ព្រំដែនភាគខាងលិច។ 
 
«ជាបណ្តោះអាសន្ន ភាគីទាំងពីរបានឯកភាពថែរក្សាសន្តិសុខ និងស្ថិរភាព»។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយជំនួបយោធាប្រទេសទាំងពីរ។ 
 
ការប៉ះទង្គិចនៅតំបន់ព្រំដែននេះ ឥណ្ឌា បានចោទចិនថា បានចូលមកក្នុងដីរបស់ខ្លួន ខណៈចិនបាននិយាយការពារថា យោធាឥណ្ឌា បានរារាំងទាហានខ្លួន ក្នុងពេលកំពុងដើរល្បាត។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល យោធាចិន និងឥណ្ឌា បានឯកភាពក្នុងការថែរក្សាការទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងរក្សាកិច្ចចរចាតាមរយៈយោធា និងការទូត រួមទាំងធ្វើការរួមគ្នា ដើម្បីដាក់ចេញដំណោះស្រាយលើបញ្ហាដែលបន្តមាន។ 
 
កន្លងមក យោធាចិន និងឥណ្ឌា បានជួបគ្នាជាច្រើនលើក ប៉ុន្តែមិនមានដំណោះស្រាយសំខាន់អ្វីឡើយ ដោយភាគីទាំងពីរ គ្រាន់តែឯកភាពថែរក្សាស្ថិរភាពនៅតំបន់ខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ប៉ុណ្ណោះ៕
 

Tag:
 ចិន
  ឥណ្ឌា
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com