អន្តរជាតិ
យន្តហោះយោធាចិន ហោះចូលដែនអាកាសតៃវ៉ាន់ជាថ្មី
05, Jan 2023 , 10:59 pm        
រូបភាព
យន្តហោះចម្បាំង  F-16  របស់តៃវ៉ាន់។ រូបភាព៖ AFP
យន្តហោះចម្បាំង F-16 របស់តៃវ៉ាន់។ រូបភាព៖ AFP
ក្រសួងការពារជាតិតៃវ៉ាន់ បានចាប់សញ្ញាយន្តហោះយោធាចិន ចំនួន ១២គ្រឿង ហោះចូលក្នុងតំបន់កំណត់ការពារដែនអាកាសរបស់ខ្លួន និងនាវាចំនួន ៤គ្រឿង នៅចន្លោះម៉ោង៦ព្រឹក ក្នុងថ្ងៃទី៤ ខែមករា និងម៉ោង ៦ព្រឹកថ្ងៃទី៥ ខែមករា។

 
យោធាកងទ័ពរំដោះប្រជាជនចិន (PLA) ចំនួន ១២គ្រឿង ដោយ៤គ្រឿង ត្រូវបានតៃវ៉ាន់ចាប់បានសញ្ញានៅជ្រុងភាគនិរតីនៃតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់។ យន្តហោះទាំង ៤គ្រឿងនោះ មានដូចជា យន្តហោះចម្បាំង Shenyang J-16 ចំនួន ២គ្រឿង, យន្តហោះ Shaanxi Y-8 មួយគ្រឿង និងដ្រូនស៊ើបការណ៍ BZK-007 មួយគ្រឿង។ យ៉ាងណាមិញ គ្មានយន្តហោះណាមួយ ហោះឆ្លងកាត់បន្ទាត់ពុះចែកច្រកសមុទ្រតៃវ៉ាន់ឡើយ។ 
 
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យោធាខ្លួន ក៏បានចាប់សញ្ញានាវាចិនចំនួន ៤គ្រឿង នៅជុំវិញកោះតៃវ៉ាន់ផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News។ 
 
ជាការឆ្លើយតប តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន នាវាចម្បាំង និងពង្រាយប្រព័ន្ធមីស៊ីល ដើម្បីឃ្លាំមើលសកម្មភាពយន្តហោះយោធា រួមទាំងនាវារបស់ចិន។ 
 
តាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើក្រសួងការពារជាតិតៃវ៉ាន់នៅពេលកន្លងមក  ចំនួនយន្តហោះចម្បាំងចិន ដែលបានហោះចូលដែនអាកាសតៃវ៉ាន់កើនឡើងទ្វេដង នៅក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១។ នៅក្នុងឆ្នាំ២០២២ យន្តហោះចិន បានហោះចូលតំបន់កំណត់ការពារដែនអាកាសចំនួន ១៧២៧គ្រឿង ខណៈឆ្នាំ២០២១ មានត្រឹម៩៦០ គ្រឿង​ ហើយឆ្នាំ២០២០ មានចំនួន ៣៨០គ្រឿងប៉ុណ្ណោះ។
 
ក្នុងថ្ងៃទី៥ ខែមករា ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអាម៉េរិក ដើម្បីថែទាំយន្តហោះប្រឆាំងនាវាមុជទឹក 12 P-3C Orion។ កិច្ចព្រមព្រៀង ដែលមានទំហំ ៤៨,៤១លានដុល្លារនេះ បានចែងពីវត្តមានរបស់បុគ្គលិកបច្ចេកទេសអាម៉េរិកនៅតៃវ៉ាន់ ដើម្បីជួយកម្លាំងទ័ពអាកាស រួមទាំងការជួសជុល និងថែទាំយន្តហោះ 12 P-3C Orion ផង។ កិច្ចព្រមព្រៀងនេះ នឹងមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០២៧។
 
សូមបញ្ជាក់ថា មួយរយៈនេះ រដ្ឋាភិបាលក្រុងតៃប៉ិ បានពង្រឹមសមត្ថភាពការពារខ្លួន យ៉ាងខ្លាំង ដើម្បីទប់នឹងការឈ្លានពានពីប្រទេសខាងក្រៅ ជាពិសេសចិន ដែលតែងគំរាមកំហែងខ្លួន តាមរយៈសកម្មភាពយោធា៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com