អន្តរជាតិ
អ៊ុយក្រែន ច្រានចោលការស្នើបទឈប់បាញ់របស់រុស្ស៊ីនៅថ្ងៃបុណ្យណូអែល
06, Jan 2023 , 11:29 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមករា បានបញ្ជាឱ្យមានបទឈប់បាញ់ក្នុងរយៈពេល៣៦ម៉ោងនៅក្នុងទឹកដីអ៊ុយក្រែន ក្នុងអំឡុងថ្ងៃបុណ្យណូអែលរបស់និកាយOrthodox។ យ៉ាងណាមិញ បទឈប់បាញ់នេះ ត្រូវបានក្រុងកៀវ និងសម្ព័ន្ធមិត្តច្រានចោល។



 
នៅថ្ងៃទី៧ ខែមករា រុស្ស៊ី នឹងត្រូវបារព្ធពិធីបុណ្យណូអែលរបស់និកាយគ្រិស្ត Orthodox។ ដើម្បីអបអរពិធីបុណ្យមួយនេះ រុស្ស៊ី បានបញ្ជាឱ្យមានបទឈប់បាញ់ក្នុងរយៈពេល ៣៦ម៉ោង ដោយផ្តើមអនុវត្តចេញពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមករា។ 
 
«ដោយមានការស្នើពីសម្តេចសង្ឃKirill ខ្ញុំបញ្ជាឱ្យរដ្ឋមន្រ្តីការពារជាតិអនុវត្តបទឈប់បាញ់ នៅក្នុងដែនដីអ៊ុយក្រែន»។ សេចក្តីថ្លែងការណ៍វិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែមករា។ ទន្ទឹមនេះ លោក ពូទីន ក៏បានអំពាវនាវឱ្យភាគីអ៊ុយក្រែន អនុវត្តបទឈប់បាញ់នេះដែរ ដើម្បីឱ្យប្រជាជនអាចអបអរពិធីបុណ្យណូអែលនិកាយ Orthodox នៅថ្ងៃទី៧ ខាងមុខ។ 
យ៉ាងណាមិញ ការអំពាវនាវនោះ ត្រូវបានក្រុងកៀវ និងសម្ព័ន្ធមិត្តច្រានចោល ដោយចាត់ទុកវាជាការលាក់ពុតពីសំណាក់ក្រុងមូស្គូ។ លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរលើបណ្តាញសង្គម Twitter ថា រុស្ស៊ីត្រូវតែចាកចេញពីដែនដីអ៊ុយក្រែន ហើយអ៊ុយក្រែននឹងអនុវត្តបទឈប់បាញ់។ 
 
ចំណែកប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន ក៏បានរិះគន់លើសេចក្តីប្រកាសរបស់រុស្ស៊ី ក្នុង ការប្រកាសអនុវត្តបទឈប់បាញ់នៅថ្ងៃបុណ្យណូអែលដែរ។ បើតាមលោកបៃឌិន លោកពូទីន បានបំផ្លាញមន្ទីរពេទ្យនៅក្នុងដែនដីអ៊ុយក្រែន និងព្រះវិហារ នៅថ្ងៃទី២៥ ខែធ្នូ និងថ្ងៃចូលឆ្នាំថ្មី។ ត្រង់ចំណុចនេះ មេដឹកនាំអាម៉េរិក យល់ថា លោកពូទីន គ្រាន់តែចង់បានពេលដកដង្ហើមប៉ុណ្ណោះ។ ថ្ងៃទី២៥ ខែធ្នូ ជាថ្ងៃបុណ្យណូអែលសម្រាប់ប្រទេសអឺរ៉ុប និងអាម៉េរិក។ 
 
ស្របពេលរុស្ស៊ីប្រកាសបទឈប់បាញ់ក្នុងរយៈពេល ៣៦ម៉ោង អាល្លឺម៉ង់ និងអាម៉េរិកបានសន្យាផ្តល់ជំនួយយោធាបន្ថែមទៀត ទៅក្រុងកៀវ ដើម្បីប្រឆាំងនឹងរុស្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីអាម៉េរិក និងអធិការបតីអាល្លឺម៉ង់ ថាខ្លួនអាចបញ្ជូនរថយន្តពាសដែក  Bradley Infantry Fighting Vehicles ទៅអ៊ុយក្រែន។
 
ការប្រកាសបទឈប់បាញ់ខាងលើ ធ្វើឡើងក្រោយកងទ័ពរុស្ស៊ីយ៉ាងហោចណាស់ ៨៩នាក់​បាត់បង់ជីវិត ដោយសារប្រព័ន្ធគ្រាប់រ៉ុក្កែត HIMARS ដែលអភិវឌ្ឍដោយអាម៉េរិក។ កន្លងមក វិមានក្រេមឡាំង បានប្រកាសរួចហើយថា ខ្លួនគ្មានគម្រោងអនុវត្តបទឈប់បាញ់នៅថ្ងៃចូលឆ្នាំថ្មី និងថ្ងៃបុណ្យណូអែលនោះទេ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com