អន្តរជាតិ
បារម្ភពីការកើនឡើងអំណាចចិន អង់គ្លេសនិងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារថ្មី
12, Jan 2023 , 9:29 pm        
រូបភាព
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស ជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ខាងឆ្វេង) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារ ក្នុងវិមាន Tower of London នៅថ្ងៃទី១១ ខែមករា។ រូបភាព AFP
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស ជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ខាងឆ្វេង) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារ ក្នុងវិមាន Tower of London នៅថ្ងៃទី១១ ខែមករា។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស និងជប៉ុន នៅថ្ងៃទី១១ ខែមករា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារថ្មីមួយ ដែលអនុញ្ញាតឱ្យអង់គ្លេសនិងជប៉ុនពង្រាយយោធាលើទឹកដីគ្នាទៅមក។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈសេដ្ឋកិច្ច និងយោធា។



 
មួយរយៈចុងក្រោយ ជប៉ុន បានស្វះស្វែងរកការពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ជប៉ុនបានចុះកិច្ចព្រមព្រៀងការពារជាមួយអូស្រ្តាលីថែមទៀតនៅឆ្នាំមុន ដោយកិច្ចព្រមព្រៀងនោះ អនុញ្ញាតឱ្យកងទ័ពអូស្រ្តាលី និងជប៉ុនធ្វើការជាមួយគ្នាថែមទៀត។ កិច្ចខិតខំទាំងនេះ ធ្វើឡើងស្របពេលចិនកំពុងធ្វើទំនើបកម្មយោធាខ្លួន និងបង្កើនឥទ្ធិពលក្នុងតំបន់។ 
 
ចុងក្រោយ ជប៉ុន បានចុះហត្ថលេខាជាមួយអង់គ្លេសលើកិច្ចព្រមព្រៀងការពារថ្មីមួយទៀត។ ក្នុងពិធីចុះហត្ថលេខានៅប្រាសាទ Tower of London នៅថ្ងៃទី១១ ខែមករា​ លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស បានប្រាប់សមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ថា ទំនាក់ទំនងប្រទេសទាំងពីរ គឺរឹងមាំជាងពេលណាទាំងអស់ ដោយមិនត្រឹមតែលើវិស័យពាណិជ្ជកម្ម និងសន្តិសុខនោះទេ តែក៏មានតម្លៃនៃប្រទេសទាំងពីរផង។ 
 
តាមរយៈកិច្ចព្រមព្រៀង Reciprocal Access Agreement អង់គ្លេស និងជប៉ុនអាចពង្រាយទ័ពទៅវិញទៅមកបាន ដោយផ្អែកលើការហ្វឹកហាត់ និងប្រតិបត្តិការផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីអង់គ្លេស បានចាត់ទុកកិច្ចព្រមព្រៀង ដែលផ្តើមចរចានៅក្នុងឆ្នាំ២០២១មកនេះ ថា មានភាពចាំបាច់សម្រាប់ប្រទេសទាំងពីរ ហើយវាក៏ពង្រឹងការប្តេជ្ញារបស់អង់គ្លេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការពារសន្តិសុខសេដ្ឋកិច្ចផង។ 
 
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើង១ខែ ក្រោយអង់គ្លេស និងជប៉ុនសហការគ្នាជាមួយអ៊ីតាលី ដើម្បីបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយក្រោមកម្មវិធីប្រយុទ្ធផ្លូវអាកាសជាសកល (Global Combat Air)៕
 

Tag:
 ចិន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com