ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ និងកូនប្រុស ស្នើសុំជួបសម្ដេច ហ៊ុន សែន ដើម្បីបកស្រាយ
12, Jan 2023 , 6:24 pm        
រូបភាព
ក្រោយមានចំណាត់ការតាមផ្លូវច្បាប់ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន និងលោក គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ បានសរសេរលិខិត២ច្បាប់ដោយឡែក សុំជួបសម្ដេច ហ៊ុន សែន ដើម្បីបកស្រាយ។



លិខិតលោក គង់ គាំ ចុះថ្ងៃទី១២ មករានេះ បានស្នើជួបសម្ដេច ហ៊ុន សែន ដោយលើកយកបញ្ហាធំៗចំនួន២ ទាក់ទងបញ្ហាបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលបានដាក់ជូនលោកព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ប្ដឹងរូបលោក ពីបទមានចេតនាទុច្ចរិត ញុះញង់ឲ្យមានភាព វឹកវរ ចលាចល និងអសន្តិសុខសង្គម ។ លោក គង់ គាំ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការទីស្នាក់ការគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ ដោយរិះគន់ថ្ងៃរំដោះប្រទេសជាតិ ៧ មករា។
 
ក្រៅពីបញ្ហានេះ លោក គង់ គាំ ក៏លើកយកបញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលោក និងគ្រួសារកំពុងស្នាក់នៅ ទៅពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ដែរ។
 
ពាក់ព័ន្ធនឹងប្រធានបទទាំងពីរ ដែលលោក គង់ គាំ លើកយកទៅបកស្រាយជាមួយសម្ដេច ហ៊ុន សែន នេះ ដោយសារតែប្រមុខរដ្ឋាភិបាល មិនពេញចិត្តចំពោះអ្នកនយោបាយចាស់វស្សាវ័យ៨១ឆ្នាំរូបនេះ ដែលបានប្រើពាក្យរិះគន់ថ្ងៃ ៧ មករា។ សម្ដេច ចាត់ទុកពាក្យសម្ដីលោក គង់ គាំ ជាការប្រមាថមកលើការខំប្រឹងប្រែងរបស់កងកម្លាំងអ្នកស្នេហាជាតិ ជាពិសេសគណបក្សប្រជាជនកម្ពុជា។
 
ដោយសារបញ្ហានេះហើយ ទើបសម្ដេច ហ៊ុន សែន ខឹងលោក គង់ គាំ ហើយឈានទៅដល់វិធានការច្បាប់ សើរើឯកសារលំនៅដ្ឋានរបស់អ្នកនយោបាយប្រឆាំង ដែលកំពុងរស់នៅសព្វថ្ងៃនេះ។ ផ្ទះលោក គង់ គាំ បច្ចុប្បន្ន ជាអតីតក្រសួងការបរទេសកម្ពុជា ដែលលោក និងគ្រួសារ បានចូលរស់នៅ តាំងពីឆ្នាំ១៩៧៩ ក្រោយរំដោះជាតិមក។ សម្ដេច ហ៊ុន សែន អះអាងថា សម្ដេចអនុញ្ញាតឱ្យលោក គង់ គាំ រស់នៅក្នុងផ្ទះនេះ តែមិនបានប្រកាសផ្ដល់សិទ្ធិស្របច្បាប់នោះទេ ។

ចំណែកលិខិតលោក គង់ គាំ ដែលបានរៀបរាប់សាវតារឿង កាលពីថ្ងៃទី១១ មករា ក៏បានទទួលស្គាល់ថា លោកបានត្រឹមជូនដំណឹងទៅសម្តេច ហ៊ុន សែន ដែលកាលណោះកាន់តួនាទីជារដ្ឋមន្ត្រីការបរទេស ឱ្យបានដឹងឮប៉ុណ្ណោះ។
 
ដោយឡែកលិខិតរបស់លោក គង់ មូនីកា កូនប្រុសរបស់ លោក គង់ គាំ វិញ សុំជួបសម្ដេច ហ៊ុន សែន ដើម្បីសម្តែងការគួរសម និងស្តាប់ការណែនាំអំពីបរិយាកាស និងដំណើរនយោបាយជាវិជ្ជមាននៃរបបប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com