អន្តរជាតិ
លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការអាវុធថ្មី និងការដឹកជញ្ជូនរហ័សជាង​មុន
30, Jan 2023 , 11:29 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពយកពីវេបសាយប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពយកពីវេបសាយប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៩ ខែមករា បានលើកឡើងថា អ៊ុយក្រែនត្រូវការអាវុធថ្មីៗ និងការដឹកជញ្ជូនកាន់តែរហ័ស ដើម្បីប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដែលស្ថិតក្រោមការវាយប្រហារពីសំណាក់រុស្ស៊ី នៅក្នុងតំបន់ដូណេត្សភាគខាងកើត។



សង្រ្គាមអ៊ុយក្រែន នៅតែបន្តមានភាពក្តៅគគុក ដោយរុស្ស៊ីនៅតែបន្តវាយប្រហារយ៉ាងខ្លាំងលើអ៊ុយក្រែន ជាពិសេសក្រោយពេល អាល្លឺម៉ង់ ប្រកាសផ្ដល់រថក្រោះធុនធ្ងន់ប្រភេទ Leopard ២ ខណៈអាម៉េរិក ប្រកាសផ្ដល់រថក្រោះ M1 Abram ចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន។ 
 
«ស្ថានភាព គឺពិតជាមានភាពតានតឹង។ ក្រុង Bakhmut, ក្រុង Vuhledar និងតំបន់ផ្សេងទៀត ក្នុងតំបន់ដូណេត្ស គឺមានការវាយប្រហារយ៉ាងខ្លាំងពីរុស្ស៊ី»។ លោក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវីដេអូមួយចេញនៅយប់ថ្ងៃទី២៩ ខែមករា ដោយបន្តថា ការវាយប្រហាររបស់រុស្ស៊ីទាំងនោះ ធ្វើឡើងដើម្បីបំបែកប្រព័ន្ធការពារររបស់អ៊ុយក្រែន។ 
 
ត្រង់ចំណុចនេះ មេដឹកនាំអ៊ុយក្រែន អះអាងថា រុស្ស៊ី ព្យាយាមអូសបន្លាយសង្រ្គាម និងធ្វើឱ្យកម្លាំងទ័ពអ៊ុយក្រែនអស់កម្លាំង។ បើតាមលោក ហ្សេលេនស្គី  ក្រុងកៀវត្រូវការទិញពេលវេលា តាមរយៈអាវុធ ហើយអ៊ុយក្រែនត្រូវតែពន្លឿនហេតុការណ៍មួយនេះ, ទទួលបានការផ្គត់ផ្គង់អាវុធកាន់តែលឿន និងអាវុធថ្មីៗសម្រាប់ខ្លួន។ 
 
កន្លងមក ក្រៅពីរថក្រោះ Leopard ២ អ៊ុយក្រែន បានស្នើសុំប្រទេសលោកខាងលិចនូវអាវុធផ្សេងទៀត ដូចជាប្រព័ន្ធការពារមីស៊ីល, មីស៊ីលចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងជាដើម។ នៅក្នុងវីដេអូនោះ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ផងដែរពីការសម្លាប់ និងរបួសរបស់ប្រជាជន រួមទាំងគ្រូពេទ្យរបស់អ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី។ 
 
ក្នុងកិច្ចសម្ភាសជាមួយកាសែត Tagesspiegel  នៅថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានអះអាងជាថ្មីថា អាល្លឺម៉ង់ នឹងមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនឡើយ បន្ទាប់ពីឯកភាពបញ្ជូនរថក្រោះ Leopard ២។ ការសម្រេចមិនបញ្ជូននេះ ដោយសារមិនចង់ឱ្យសង្រ្គាមកាន់តែរីកធំឡើង។ 
 
«វាមិនមានសង្រ្គាមរវាងណាតូ និងរុស្ស៊ីឡើយ។ យើងនឹងមិនអនុញ្ញាតឱ្យមានការរីកធំឡើងនៃសង្រ្គាមដាច់ខាត»។ លោក អូឡាហ្វ ស្ហូល បានប្រាប់អ្នកសារព័ត៌មានបែបនេះ ដោយបន្តថា លោកនឹងជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ថែមទៀត ក្រោយក្រុងមូស្គូបានរិះគន់ពីការពន្យល់រថក្រោះរបស់លោកខាងលិច។ 
 
សូមបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលខែទី១១ ហើយ ដោយប្រទេសលោកខាងលិច បានប្រកាសផ្តល់ជំនួយជាច្រើនសន្ធឹកដោយអ៊ុយក្រែន ដើម្បីទប់នឹងរុស្ស៊ី។ មកទល់ពេលនេះ វាមិនទាន់មានកិច្ចចរចាសន្តិភាពរវាងក្រុងកៀវ និងក្រុងមូស្គូឡើយ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  លោកខាងលិច
  អាម៉េរិក
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com