ជាតិ
សេដ្ឋកិច្ច
កម្រិតបំណុលឯកជននៅកម្ពុជា ឡើងដល់១៨០ភាគរយនៃGDP មានហានិភ័យ?
30, Jan 2023 , 10:29 pm        
រូបភាព
លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា(NBC) កំពុងផ្តល់កិច្ចសម្ភាសឱ្យក្រុមការងារនៃសារព័ត៌មានថ្មីៗសម្រាប់កម្មវិធី«ស្វែងយល់អំពីប្រាក់រៀលជាមួយថ្មីៗ» នាថ្ងៃទី៣០មករា ឆ្នាំ២០២៣។​
លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា(NBC) កំពុងផ្តល់កិច្ចសម្ភាសឱ្យក្រុមការងារនៃសារព័ត៌មានថ្មីៗសម្រាប់កម្មវិធី«ស្វែងយល់អំពីប្រាក់រៀលជាមួយថ្មីៗ» នាថ្ងៃទី៣០មករា ឆ្នាំ២០២៣។​
បច្ចុប្បន្នទំហំនៃបំណុលឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជាឡើងដល់១៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។ អត្រានេះ គឺលើសពីតួលេខធម្មតាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ដែលត្រូវមានបំណុលវិស័យឯកជនក្នុងប្រព័ន្ធធនាគារ ប្រមាណ៧០ភាគរយនៃGDP ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 
លោកបញ្ជាក់ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣»នៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី២៥មករា ថា៖ «កំណើននៃបំណុលឯកជននេះ គឺមានមុខពីរ។ « ម្ខាងទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែម្ខាងទៀតបង្កើតនូវហានិភ័យនៅពេលដែលការប្រាក់បន្តឡើងទៅទៀត ហើយឥឡូវ! វិស័យមួយចំនួនចាប់ផ្តើមប៉ះពាល់ហើយ ជាពិសេសវិស័យសំណង់ និង អចលនទ្រព្យ»។ 
 
ជុំវិញក្តីបារម្ភនេះ លោកស្រី ជា សិរី ដែលជាឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថា កម្រិតបំណុលឯកជនក្នុងប្រព័ន្ធធនាគារមានឬមិនមានហានិភ័យ គឺផ្អែកលើសូចនាករច្រើន។ ប៉ុន្តែនៅក្នុងនោះ មានសូចនាករសំខាន់ចំនួន៣ ដែលធនាគារជាតិបានតាមដាននិងពិនិត្យមើលជាប្រចាំ។
 
បើតាមលោកស្រី ជា សិរី សូចនាករទីមួយ៖ គឺការពិនិត្យមើលល្បឿននៃកំណើនបំណុល។ លោកស្រី បានពន្យល់យ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី៣០មករាយ៉ាងដូច្នេះ៖«បើសិនកំណើន[បំណុលឯកជន]ឡើងពី ៥០ ភាគរយហក់ដល់១៨០ភាគរយភ្លាម! នោះជាចំណុចគួរតែភ័យ»។ 
 
សម្រាប់សូចនាករទីពីរ៖ ការពិនិត្យមើលគុណភាពឥណទាន ថាតើគុណភាពឥណទាននោះវាល្អ ឬអាក្រក់? និងសូចនាករសំខាន់ទីបី​៖ គឺពិនិត្យលើការធ្វើពិពិធកម្មឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ថាតើលើឥណទាននៃប្រព័ន្ធធនាគារបានផ្តល់ឱ្យទៅលើវិស័យអ្វីខ្លះ ក្នុងសេដ្ឋកិច្ចជាតិ?​ តែយ៉ាងណាអ្នកស្រី ជា សិរី មិនលម្អិតឱ្យច្បាស់នោះឡើយ ពីសូចនាករទាំងនេះ។
 
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ឥណទានរបស់វិស័យឯកជនក្នុងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បានឡើងដល់៥៦,១ពាន់លានដុល្លារ។  ទំហំនេះបានកើនក្នុងអត្រា២០,២ភាគរយ ធៀបនឹងឆ្នាំ២០២១ មានបំណុលឯកជន ៤៥,៧ពាន់លានដុល្លារ។ 
 
ក្នុងចំណោមបំណុលឯកជនសរុបទាំង ៥៦,១ពាន់ដុល្លារនៅក្នុងប្រព័ន្ធធនាគារកម្ពុជាខាងនេះ គឺមាន៤៦ពាន់លានដុល្លារនៅគ្រឹះស្ថានធនាគារ កើន១៩,៣ភាគរយ និង នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៩,៧ពាន់ដុល្លារ កើនក្នុងអត្រា ២៤,៧ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ធនាគារជាតិ​បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា ការកើនឡើងនូវបំណុលឯកជននេះ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងតម្រូវការហិរញ្ញប្បទានរបស់អតិថិជន។ 
 
បំណុលឯកជននៅតាមវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចជាតិនៅប្រព័ន្ធធនាគារ គឺមាន​ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំនួន ១៤ភាគរយ, ការជួញដូរអចលនទ្រព្យចំនួន៩ភាគរយ, សំណង់ចំនួន៩ភាគរយ, ការជួញដូររាយមាន ១៦ភាគរយ, ការជួញដូរធំមាន១០ភាគរយ, កសិកម្មមាន ៨ភាគរយ, ការឱ្យខ្ចីជាបុគ្គលមាន ១០ភាគរយ, កម្មន្តសាលមាន ៤ភាគរយ សណ្ឋាគារនិងភោជនីយដ្ឋានមាន ៤ភាគរយ, គ្រឹះស្ថានហិរញ្ញវត្ថុមាន ៤ភាគរយ និងសេវាមិនមែនធនាគារ​និងហិរញ្ញវត្ថុផ្សេងៗមាន ៥ភាគរយ។ នេះបើតាមធនាគារជាតិ៕ 

Tag:
 លោកស្រី ជា សិរី
  NBC
  បំណុលឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com