ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
លោក យ៉ង សាំងកុមារ៖ តំណែង និងបុណ្យសក្តិ មិនមែនជាគោលបំណងខ្ញុំទេ តែជាឱកាសជួយកសិករ
08, Feb 2023 , 11:59 am        
រូបភាព
ភ្នំពេញ៖ លោក យ៉ង​ សាំងកុមារ អះអាងថា តំណែង និងបុណ្យសក្តិ មិនមែនជាគោលបំណងលោកនោះទេ​ តែជាឱកាសជួយកសិករ។ ក្នុង​រយៈពេល​ជិត២ខែ ដែល​រួម​រស់​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក យ៉ង សាំង​កុមារ បាន​ធ្វើ​ការ​ងារជាច្រើន​ ដោយ​ជួប​ជាមួយ​កសិករ រោងម៉ាស៊ីន និង​ក្រុមហ៊ុនផ្សេងៗពាក់ព័ន្ធនឹង​រឿង​ស្រូវអង្ករ។​



ដើម្បី​ជ្រាបច្បាស់ សូម​អញ្ជើញ​ទស្សនា​បទសម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នក​សារព័ត៌មាន​ថ្មីៗ ជា​មួយ​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដូចតទៅ៖

 
លោក យ៉ង សាំងកុមារ ដែលជា​អតីតស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កំពុង​មមា​ញឹក​ចុះ​ជួប​កសិករ​ រោងម៉ាស៊ីន និង​ក្រុមហ៊ុន​នានា​ពាក់ព័ន្ធនឹង​ស្រូវ​អង្ករ​ ក្រោយ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។ ជិត២ខែមកហើយ ដែល​បណ្ឌិត​កសិកម្ម​រូបនេះ ចូល​មក​បម្រើ​កសិករ ដើម្បី​លើក​ស្ទួ​យ​វិស័យ​កសិកម្ម។​
 
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លើកឡើងជុំវិញការទទួលតំណែងដូច្នេះ៖ «វា​ជា​កិត្តិយស និងជា​ឱកាស​សម្រាប់​ខ្ញុំ​ ដែលបាន​ទទួល​តំណែងក្នុង​ការ​បំពេញតួនាទី​​ ក្នុង​វិស័យ​កសិកម្ម។ វា​​ជា​មធ្យោបាយ​សម្រាប់ខ្ញុំ ដើម្បី​អាច​ប្រើ​ប្រាស់​​តួនាទី និង​សិទ្ធិអំណាច ក្នុង​ការ​ជួយ​ដល់​កសិករ​»។ 
 
ក្នុង​បេសកកម្ម​ជាមួយ​រដ្ឋាភិបាល ​​លោក យ៉ង សាំង​កុមារ មាន​ការ​ងារ​ស្នូលសំខាន់ គឺ​​ផ្ដោតលើ​ការ​កសាង​ប្រព័ន្ធ​ផលិតកម្ម និង​ទីផ្សារ​ស្រូវ​អង្ករ​។ មុននឹង​​ចូលរួម​ជាមួយ​រដ្ឋាភិបាល រដ្ឋលេខាធិការរូបនេះ ក៏​បាន​ដាក់​សំណើ ១២ចំណុច ទៅកាន់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករកម្ពុជាផងដែរ​​។
 
«ខ្ញុំច្បាស់នឹងខ្លួនឯង។ ហើយ​ខ្ញុំមិន​ដែល​ផ្លាស់​ប្ដូរ​នូវ​ទឹក​ចិត្ត​ជាកសិកម្មនិយម។​ គោល​បំណង​របស់ខ្ញុំ មិន​មែន​​តំណែង តួនាទី បុណ្យសក្តិនោះទេ ប៉ុន្តែគឺ​ធ្វើយ៉ាងណា​ជួយ​កសិករ​ និង​វិស័័យ​កសិកម្ម​រីកចម្រើន»។​ នេះជា​ការ​បញ្ជាក់របស់​លោក យ៉ង សាំងកុមារ ពាក់ព័ន្ធ​នឹង​បំណងដែល​ចូលរួម​ជា​មួយ​រដ្ឋាភិបាល។​
 
បច្ចុប្បន្ន លោក យ៉ង សាំង​កុមារ មាន​តំណែង ៣​ក្នុងដៃ​ រួមមាន​ តំណែង​​​ជារដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី, ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ចំពោះ​តំណែង​ទាំង៣នេះ ក៏​ជួយ​ឱ្យលោក​​អាចធ្វើការជាមួយ​ភាគីពាក់ព័ន្ធ​មាន​ប្រសិទ្ធភាពផងដែរ​៕ ​ 
 
 

Tag:
 កសិកម្ម
  យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com